ខេត្តបន្ទាយមានជ័យ ៖ រថយន្តបែនដឹកដីបែកកង់មុខខាងស្តាំង រេចង្កូតទៅទ្រូងផ្លូវ បណ្តាលឱ្យរថយន្តម៉ាស្តារសេ៊រីថ្មីដែលកំពុងបើកបរបុកពេញទំហឹង បណ្តាលរបួសធ្ងន់ស្រាល៤នាក់ នៅវេលាម៉ោង១និង២០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។

ជនរងគ្រោះទាំង៤នាក់មាន ១-ឈ្មោះ ឈុន បឿក ភេទប្រុស អាយុ២៤ឆ្នាំ អ្នកបើកបររថយន្តបែនដឹកដី រស់នៅភូមិភ្នំលៀបកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ២-ឈ្មោះ គឹម ហោ ភេទប្រុស អាយុ៣០ឆ្នាំ(អ្នកបើកបររថយន្តម៉ាស្តារ)រស់នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៣-ឈ្មោះ ហាយ គឹមហ័រ ភេទប្រុស អាយុ១៩ឆ្នាំ(អ្នករួមដំណើរ) ៤-ឈ្មោះ ទួន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ(អ្នករួមដំណើរ) ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកព្រះនេត្រព្រះបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្តាលមកពីរថយន្តបែនដឹកដីម៉ាកមីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខបាត់ដំបង២A.២៣៧៦ ដែលបើកបរដោយឈ្មោះ ឈុន បឿន បានបើកថយន្តបែនដឹកដី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានបែកកង់ខាងមុខផ្នែកខាងស្តាំ ក៏រេចង្កូតទៅលើទ្រូងផ្លូវ ខណៈរថយន្តម៉ាកម៉ាស្តារសេ៊រីទំនើប ដែលពាក់ស្លាកលេខភ្នំពេញ២BB.៩១០៨ ដែលបើកបរដោយឈ្មោះ គឹម ហោ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន បានបុកចំកណ្ដាលតាក់ស៊ីខាងក្រោយពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់ ត្រូវបាននាំទៅសង្គ្រោះបន្ទាន់ ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មន្ត្រីនគរបាលជំនាញទៅពិនិត្យឃើញថា រថយន្តដែលបង្កឡើងគឺរថយន្តបែនដឹកដី ដែលបើកបរបណ្តាលរថយន្តបែកកង់មុខ ។
ក្រោយពេលវាស់វែងហើយ ត្រូវបានយករថយន្ត២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តន៍តាមច្បាប់ ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ