អ្នកដែលមានជំងឺឈឺមកយូរថ្ងៃហើយ រក្សាព្យាបាលដូច្នេះហើយ ដូច្នោះហើយមិនជា គេរមែងរកគ្រូ ឬហោរគន់គូរមើលហេតុដែលបណ្ដាលឲ្យឈឺនោះ បើមើលទៅត្រូវថាមានគ្រោះថ្នាក់ នោះគេរមែងនិមន្តលោកមកសូត្រមន្តរំដោះគ្រោះនោះឲ្យបានសះជាស្បើយល្ហើយទៅ ។

ក្នុងកិច្ចនេះត្រូវរៀបរណ្ដាប់ ផ្សេងៗតាមទម្លាប់របស់គ្រូ-អាចារ្យដែលធ្លាប់ធ្វើរៀងមក ក៏ទម្លាប់របស់គ្រូ-អាចារ្យនោះមិនដូចគ្នា ខ្លះមានគ្រឿងប្រដាប់ច្រើន ខ្លះមានគ្រឿងប្រដាប់តិចសមគួរ ។ ក្នុងទីនេះនឹងរៀបរៀងតាមបែបមធ្យម ល្មមឲ្យអ្នកទីទ័លក្រ ធ្វើបានផង ដូចមានតទៅនេះ ៖

១-ឲ្យរៀបគ្រឿងពុទ្ធបូជា គឺបាយសីប៉ាក់ឆាម១គូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ ។
២-នឹងរៀបគ្រឿងបូជាទេវតា គឺស្លាធម៌៨ ទឹកអប់៨ ឲ្យរៀបដាក់ខាងខ្លួនអ្នកជំងឺម្ខាង៤ ។

៣-នឹងធ្វើពែ១ ហៅថា«ពែមឈូស»បណ្ដោយប្រវែង១ហត្ថអ្នកជំងឺ ទទឹងប្រវែង១ចំអាមអ្នកជំងឺ ឲ្យរៀបដាក់បាយ សម្ល ញាំ ភ្លា នំ ចំណី ក្នុងពែនោះតាមទំនៀមនឹងសូនរូប១ដោយម្សៅ គឺជារូបស្នងខ្លួនអ្នកជំងឺឲ្យរៀបដាក់ក្នុងពែ នឹងមានប្រី ឬស្បូវស្ងួត ប្រមាណ១ក្ដាប់ទុកនឹងដុតរូបនោះ ។ សំពត់សប្រវែង៥ហត្ថអ្នកជំងឺ ។ នឹងមានអង្ករវាល់ដោយនាឡិ ឬដោយចាន តូចៗ ចំនួនស្មើនឹងអាយុអ្នកជំងឺ បើមានសេសខែ ថ្ងៃប៉ុន្មាន ឲ្យវាល់ប៉ុណ្ណោះដាក់ទៅទៀត ។ នឹងវាល់ទឹកអប់សំបួរចំនួនដូចគ្នានេះ ដាក់ក្នុងផ្តិលធំ១ នឹងមានពូនភ្នំខ្សាច់១ដាក់នៅថាស ។

របស់អម្បាលនេះឲ្យយកទៅរៀបដាក់នៅមុខកន្លែងលោកសូត្រមន្ត ។ ដល់វេលានិមន្តលោកមកសូត្រមន្ត មុននឹងសូត្រមន្តអាចារ្យរៀបសែនប្រចេគ្រោះថ្នាក់នោះឲ្យស្បើយល្ហើយ ហើយយកភ្លើងអុជប្រី ឬស្បូវដុតរូបម្សៅនោះជាឧបកិច្ចថា បានដុតរូបអ្នកជំងឺនោះហើយ ហើយជូនពែនោះទៅតាមទិសដែលអាចារ្យបង្គាប់ ។
ពាក្យសែន ៖
អញខ្ញុំសូមអញ្ជើញទេវតា នូវព្រះបរមេសូ ព្រះពិស្ណុការ ព្រះម្រឹត្យូវ ,ព្រះកាលិ ,ទើបអញ្ជើញព្រះអាទិត្យ ,ព្រះចន្ទ្រ ,ព្រះអង្គារ ,ព្រះពុធ ,ព្រះព្រហស្បតិ៍ ,ព្រះសុក្រ ,ព្រះសៅរ៍ ,ព្រះរាហូ ,ព្រះកេតុ ។ ទើបអញ្ជើញនូវបូព៌-ព្រះរាម អគ្នេយ៍-ខរ ,ទក្សិណ-ព្រះលក្ម្សណ៍ ,និរតី-រាពណ៌ ,បស្ចិម-សិតា ,ពាយ័ព្យ សិតាយុ ឧត្តរ-ហនុមាន ,ឦសាន-ពិភេក ,ទើបអញ្ជើញអ្នកមកយកក្រយាបូជា អញខ្ញុំសូមស្មាលាទោសអ្នកហោង។

ទោះឈឺក្បាលក្បង ឈឺក ឈឺទ្រូង សាច់សួត ហឫទ័យ ទោះឈឺជើងដៃ សរសៃរោគា សូមស្មាលាទោស កុំអ្នកប្រកួត ទោះឈឺថ្កាត់ចុះ រមួតរមួល ចង្អោរក្អែរក្អួត ទោះឈឺដោតចាក់ ឈឺច្បាក់សាច់ សួត បំពង់កស្ងួត ខាន់ខះទឹកមាត់ ទើបអញ្ជើញអ្នក លំដោះគ្រោះតម្កាត់ រោគាឲ្យបាត់វិនាសទៅហោង បពិត្រវឹងថ្វាត់ ទៅដោយស្ថានទីទៃហោង ឱម នមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស ហុលោ ហុលោស្វាហាយ ចរណាយចេញទៅ ។
លំដាប់នោះគេរៀបសូត្រមន្ត គឺសូត្រធម៌យោងគ្រោះ តាមទម្លាប់ដែលសូត្ររៀងមកហោង ។
នេះបើតាមសេចក្ដីរៀបរៀងដោយឧកញ៉ាទេពពិទូ ក្រសេម គន្ថរចនបណ្ឌិត ផ្សាយដោយទស្សនាវដ្ដីកម្ពុជសុរិយា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ