ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការផ្តល់ចំណេះវិជ្ជាដល់កូនប្រុសស្រី កូនល្ងង់ ឬមានវិជ្ជាខ្ពង់ខ្ពស់ក៏អាស្រ័យលើម៉ែឪជាអ្នកកំណត់វាសនាឱ្យកូន ។
ដូចគ្រួសារមួយមានទ្រព្យសម្បត្តិមហាសាល និងមានកូនប្រុសតែម្នាក់គត់ឈ្មោះសេដ្ឋីបុត្រដែលជាកូនគាប់ចិត្តរបស់គាត់ក្រៃលែង។ នៅពេលកូននោះធំឡើងឪពុកម្តាយគិតថា ទ្រព្យសម្បត្តិរបស់យើងមានច្រើនណាស់ ទោះបីកូនអញដេកចាយមួយជីវិតក៏មិនអស់ដែរ បើដូច្នេះអញមិនបាច់ឲ្យកូនរៀនសូត្រអ្វីទេនាំតែលំបាកគិត អាណិតកូន ឲ្យកូនដេកចាយទ្រព្យនេះទៅបានហើយ ។
សេដ្ឋីបុត្រនោះមិនបានរៀនសូត្រអ្វីទាំងអស់ គិតតែពីសប្បាយក្អាក់ក្អាយនឹងស្រីស្រាល្បែងពាលាអាវ៉ាសែសេពគប់បាបមិត្តរាល់ថ្ងៃ ។
ក្រោយមកលោកសេដ្ឋីនិងភរិយាជាឪពុកម្តាយបានលាចាកលោកទៅ នៅសល់តែសេដ្ឋីបុត្រនិងភរិយារបស់គាត់ ដែលមិនមានចំណេះដូចគ្នា គិតតែពីសប្បាយហ៊ឺហាជាមួយមិត្តភក្តិ មិនគិតរកស៊ីអ្វីទេ រហូតចាយទ្រព្យសម្បត្តិនោះអស់ពីផ្ទះ ធ្លាក់ខ្លួនដើរសុំទានគេ រហូតក្លាយខ្លួនជាចោរត្រូវជាប់គុកជាប់ច្រវាក់រងទុក្ខវេទនានៅក្នុងទីឃុំឃាំងស្អុអសោចិ៍ ។
នេះបញ្ជាក់ឲ្យឃើញថា ឪពុកម្ដាយជាអ្នកធ្វើឲ្យកូនល្ងង់ខ្លៅ តែបែរជាគាត់យល់ថា អាណិតកូន មិនចង់ឲ្យកូនលំបាក ទើបមិនឲ្យកូនរៀនសូត្រ នេះជាកំហុសធំរបស់គាត់ ។ សាន សារិន
ចែករំលែកព័តមាននេះ