រាជធានីភ្នំពេញ ៖ យុវជនម្នាក់ គឺជាមុខសញ្ញាលួចយ៉ាងសកម្មមិនរើសមុខឡើយប្រទះអីលួចនឹង លួចតាំងពីចានឆ្នាំងឡើងទៅ រហូតដល់អ្នកភូមិដាក់រហស្សនាមថា«មហាចោរលួចមិនរើសមុខ» ឲ្យតែអាចយកទៅលក់បានលុយមកទិញថ្នាំញៀនប្រើប្រាស់ ព្រោះជននេះបានសេពគ្រឿងញៀន រយៈពេល៦ឆ្នាំកន្លងមកហើយ ។ អ្នកភូមិអត់ទ្រាំមិនបានបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅធ្វើការចាប់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង។
ការចាប់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅក្នុងវត្តទួលសុភាឃួន ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យុវជនសង្ស័យខាងលើនោះ ឈ្មោះ ស្រ៊ុន ចិត្រា្ត អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តក្រចេះ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ បាននិយាយថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាលួចមិនរើសមុខទេ ប្រទះអីលួចនឹង សម្បីតែចានឆ្នាំង និយាយរួមឲ្យតែរបស់ដែលយក ទៅលក់បានលុយយកទៅទិញថ្នាំញៀនប្រើប្រាស់បាន ដែលជាហេតុធ្វើឲ្យអ្នកភូមិមានការក្តៅក្រហាយគ្រប់ៗគ្នា រហូតអ្នកខ្លះលែងហ៊ានទុកឆ្នាំបាយ ឬខោអាវវែងខ្លីខាងក្រៅផ្ទះ ។
ដោយសារតែអត់ទ្រាំលែងបានតទៅទៀត ព្រមទាំងការខ្លាចរអាផងនោះ ទើបអ្នកភូមិរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍ឲ្យចុះទៅអន្តរាគមន៍ ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោក ថេង កុសល ដែលជានាយប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ។
ប្រភពដដែលបានបន្តទៀតថា កន្លងមកជននេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនចាត់ការចំនួន៣ដងរួចមកហើយ ប៉ុន្តែទោះជាបែបណាមិនព្រមកែខ្លួនឡើយ នៅតែបន្តធ្វើសកម្មភាពលួចមិនរើសមុខបែបនេះដដែល ហើយនៅខណៈពេលសាកសួរយុវជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពលួចពិតប្រាកដមែន ហើយធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយៈពេល៦ឆ្នាំផងដែរ ៕
ចែករំលែកព័តមាននេះ