កូ​វី​ដ​១៩ ផ្លាស់​ប្តូរ​របៀប​ធ្វើការ របៀប​រស់នៅ ហើយ​សូ​ម្បី​តែ​ការ​រួម​ភេទ


កូ​វី​ដ​១៩ មិន​ត្រឹមតែ​បាន​ចម្លង​មនុស្ស​ជិត​៦​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​៣៥​ម៉ឺន​នាក់​ទេ ។ វា​ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ។ មិនតែប៉ុណ្ណោះ​វា​ក៏​ធ្វើ​អោយ​មនុស្ស​មានការ​ផ្លាស់​ប្តូរ​គ្រប់យ៉ាង​ទាំង​របៀបរបប​រស់នៅ របៀប​ធ្វើ​ការងារ របៀប​ទំនាក់ទំនង ហើយ​និយាយ​អោយ​អស់​ទៅ​នោះ សូ​ម្បី​តែ​របៀប​នៃ​ការ​រួម​ភេទ ។

កូ​វី​ដ​១៩ បាន​ប្រកាស​អាសន្ន​ដល់​មេដឹកនាំ​ទាំងអស់​អោយ​ចាប់ផ្តើម​គិត​ឡើង​វិញ​អំពី​ការ​តាក់តែង​នយោបាយ និង​ការ​យកចិត្តទុកដាក់​របស់​ខ្លួន ដោយ​មិន​ត្រូវ​បារម្ភ​ត្រឹមតែ​បញ្ហា​នុយ​ក្លេ​អែរ ឬ​ក៏​ការ​ឡើងក​ម្តៅ​នោះ​ទេ ។

ការ​រៀបចំ​គោលនយោបាយ​ជា​សាកល​មួយ​ត្រូវ​ផ្តោត​យកចិត្តទុកដាក់​អោយ​បាន​ច្រើន​ផង​ដែរ​ទៅ​លើ​ការ​រាតត្បាត ជំងឺឆ្លង​ដូច​ជា​កូ​វី​ដ​១៩ ដែល​កំពុង​ធ្វើ​អោយ​រង្គោះរង្គើ​ទូ​ទាំង​ពិភពលោក​ទាំង​បញ្ហា​សុខភាព សេដ្ឋកិច្ច សង្គម និង​នយោបាយ ។

បំ​ព្រួញ​អោយ​តូច​ជាង​នេះ មនុស្ស​គ្រប់​រូប​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​របៀប​ធ្វើការ របៀប​ទំនាក់ទំនង និង​សូ​ម្បី​តែ​របៀប​នៃ​ការ​រួម​ភេទ ដើម្បី​កុំអោយ​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​នេះ ។

ចំពោះ​ការ​រស់នៅ មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​កាន់តែ​ល្អ​ប្រសើរ​ជាង ។ ពិសេស ការ​លាង ដៃ​នឹង​សាប៊ូ​ដែល​កន្លង​មក​មនុស្ស​ជា​ច្រើន​មិន​យកចិត្តទុកដាក់ ឬ​ក៏​ធ្វើការ​លាងដៃ​មិន​បាន​ត្រឹមត្រូវ ។ ខណៈ​ដែល​មេរោគ​កូ​វី​ដ​១៩ អាច​ទុំ​នៅ​លើ​របស់របរ​ប្រើប្រាស់ ឬ​ក៏​ផ្ទៃ​ខាងក្រៅ​ណាមួយ​នោះ វា​ក៏​ទាមទារ​អោយ​យើង​ទាំងអស់​គ្នា​រស់នៅ​កាន់តែ​ស្អាតបាត​ផង​ដែរ​ដោយ​ឧស្សាហ៍​ជូត​សម្អាត​កុំព្យូទ័រ របស់របរ​ប្រើប្រាស់​លើ​តុ​។​ល​។

មនុស្ស​ក៏​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ការ​រស់នៅ​ថ្មី​មួយ​ដែល មិន​ត្រូវ​ដើរ​លេង​ទៅ​កាន់ កន្លែង​ដែល មាន​មនុស្ស​ច្រើន​ដែរ នៅ​ក្នុង​ពេល​ដែល​មេរោគ​កំពុង​វាយលុក​ជាស​កល​នេះ ។

ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​មិន​អោយ​មានការ​ជួបជុំ​មនុស្ស​ច្រើន និង​បាន​បិទ​សាលារៀន ព្រម ទាំង​បិទ​ក្លិប​កម្សាន្ត​ជាដើម​នោះ កូ​វី​ដ​១៩ បាន​បង្ខំ​មនុស្ស​អោយ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ប្រើប្រាស់ បច្ចេកវិទ្យា ដើម្បី​បន្ត​និរន្ត​ភាព​ការងារ ធុរកិច្ច​ការ​សិក្សាអប់រំ និង​ការ​ទំនាក់ទំនង​ជាដើម ។

នៅ​ប្រទេស​កម្ពុជា​យើង​ក៏​ដូច​ជា​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក កូ​វី​ដ​១៩​បាន​ធ្វើ​អោយ​សកម្មភាព​រកស៊ី​អន​ឡាញ​កាន់តែ​សកម្ម​ជាង​មុន ។ កា​រក​រកស៊ី​អន​ឡាន​បាន​ពុះកញ្ជ្រោល​ខ្លាំង​នៅ​ក្នុង​ពេល​ដែល​មាន​កូ​វី​ដ​១៩ នេះ ពិសេស​ការ​លក់ដូរ​ម្ហូបអាហារ និង​របស់របរ​ប្រើប្រាស់​នានា ។

ចំណែក​ការ​បំពេញ ការងារ​ក៏​យ៉ាង​ដូច្នេះ​ដែរ កិច្ចការ​ប្រជុំ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​អន​ឡាញ​ដើម្បី​កាត់​បន្ថយ​ការ​ជួប​គ្នា​ផ្ទាល់​មាន​មនុស្ស​ច្រើន​ដែល​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩ ។ ឧទាហរណ៍ ការ​ជួប​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន និង​ប្រជុំ​កំពូល​របស់​អាស៊ាន​ជាមួយ​ប្រទេស​ចិន ជប៉ុន និង កូរ៉េ​ខាង ត្បូង​កន្លង​មក​ក៏​ត្រូវ​បាន​ធ្វើ​តាម​រយៈ​តេ​លេខ​ន់​ហ្វឺ​រិ​ន​ផង​ដែរ ។

ចំណែក​ការ​សិក្សា​រៀនសូត្រ​នៅ​តាម​សាលា​ជា​ច្រើន​ក៏​បាន​ងា​យមក​បង្រៀន និង​រៀន​តាម​រយៈ​អន​ឡាញ​ដូច​ជា តាម​កម្មវិធី Microsft Team កម្មវិធី​Zomm ឬ​ក៏​ម​ធ្យោ​យ​បាយ​អន​ឡាញ​ផ្សេង​ៗ​ទៀត ។

ជាមួយនឹង​របត់​ខ្លាំង​បែប​នេះ វា​បាន​ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​ដល់​សិស្ស​នៅ​តាម​ជនបទ ដែល​គ្មាន​មធ្យោបាយ​នឹង​ធ្វើការ​សិក្សា​ដោយ​ប្រើ​បច្ចេកវិទ្យា បើ​ទោះបីជា​ក្រសួង​អប់រំ​បាន​បង្កើត​អោយ​មាន ជា​កម្មវិធី​បង្រៀន តាម​ទូរទស្សន៍ និង​តាម​អន​ឡាញ​ក្តី ។
កូ​វី​ដ​១៩ នឹង​ដាស់​មនុស្ស​គ្រប់​គ្នា​អោយ​កាន់តែ​យល់​ដឹង​ថែម​ទៀត​ពីសារ​សំខាន់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​ការ​ទំនាក់ទំនង ការ​បំពេញការងារ និង​ការ​ធ្វើ​ធុរកិច្ច​ផ្សេង​ៗ​ទៀត ។ ការ​ខកខាន​ឬ​ក៏​ការ​យឺត ពេល​នៅ​ក្នុង​ការ​ចាប់ យក​បច្ចេកវិទ្យា​នឹង​ធ្វើ​អោយ​យើង​ខាតបង់​ច្រើន​លើ​គ្រប់​ទិដ្ឋភាព​ទាំង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ជាដើម​។

និយាយ​អោយ​អស់​ជាង​នេះ កូ​វី​ដ​១៩ បាន​ធ្វើ​អោយ​មនុស្ស​មាន​ប្រយ័ត្ន​កាន់តែ​ច្រើន សូ​ម្បី​តែ​ការ​រួម​ភេទ ។ ទោះបីជា​មេរោគ​នេះ​មិន​មាន​ភស្តុ​តាង​ដែល​ថា វា​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ដោយ​ប្រដាប់​ភេទ​ក្តី ប៉ុន្តែ​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ព្រមាន​ថា វា​អាច​នឹង​ឆ្លង​បាន​តាម​រយៈ​ការ​អោប​ថើប និង​ការ​បឺត​មាត់ ឬ​ក៏​ភាព​ស្និ​ទ្ឋ​ស្នាល​ជាដើម ។ ដូច្នេះ ជីវិត​សិច​របស់​មនុស្ស​ក៏​មិនសូវ​ជា​ស្និ​ទ្ឋ​ស្នាល​ដូច​មុន​ដែរ ។

អ្នកជំនាញ​វេជ្ជសាស្ត្រ​ជា​ច្រើន​ពន្យល់​ថា វា​ងាយ​យល់​ទេ ដូច​ជា ជំងឺ​ផ្តាសាយ​ដែរ ពេល​រួម​ភេទ វា​មិនមែន​ឆ្លង​តាម​សកម្មភាព​រួម​ភេទ​ទេ ប៉ុន្តែ​បើ​មាន​នរណា​ម្នាក់​ក្នុង​ដៃគូរ​រួម​ភេទ​នោះ មាន​ជំងឺ​ផ្តាសាយ​វា​នឹង​អាច​ចម្លង​ទៅ​ដែ​គូ​ម្នាក់​ទៀត​បាន នៅ​ពេល​គេ​ស្និ​ទ្ឋ​ស្នាល​នឹង​គ្នា ។ កូ​វី​ដ​១៩​ក៏​ដូច្នេះ​ដែរ ។ បើសិនជា​ស៊យ មាន​ដៃគូរ​រួម​ភេទ​ម្នាក់​មាន​កូ​វី​ដ​១៩ នោះ​វា​ប្រាកដជា​មាន​ហានិភ័យ​ចម្លង​កូ​វី​ដ​១៩ ដល់​ដៃគូ​ម្នាក់​ផ្សេង​ទៀត ។

ដូច្នេះ​ហើយ​បានជា វា​អាច​ជា​បញ្ហា បើ​អ្នក​លួច​ទៅ​រួម​ភេទ​នៅ​ក្រៅ​ផ្ទះ ឬ​ក៏​រួម​ភេទ​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​រស់ នៅ​ក្ន​ង​ផ្ទះ​ជាមួយ​រាល់​ថៃ្ង ឬ​និយាយ​ម្យ៉ាងទៀត​ជាមួយ​ក្រៅពី​ប្តី ឬ​ប្រ​ព​ន្ឋ​នោះ ។

ជាមួយនឹង​ផល​ប៉ះពាល់​ជា​ច្រើន​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩​នោះ មនុស្ស​ត្រូវ​បាន​គេ​ប្រាប់​អោយ រស់នៅ​តាម​របៀប​ថ្មី​មួយ​ដែល​ហៅ​ថា រស់នៅ​ធម្មតា​តាម​បរិបទ​ថ្មី​ដែល​ភាសា​អង់គ្លេស​ហៅ​ថា New Normal ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ