លោក​យាយ​៧៩​ឆ្នាំ​ដ៏​កំសត់ ជីវ​ភាព​ក្រីក្រ ថែម​ទាំង​មាន​ជំងឺ​​​គ្មាន​ប្រាក់​ព្យា​បាល​​


ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ជីវភាព​ក្រីក្រ ខ្វះ​ប្រាក់​កាស​ក្នុង​ការ​ព្យាបាល​ជំងឺ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា លោកយាយ​ម្នាក់​អាយុ​៧៩​ឆ្នាំបាន​ត្រូវ​លោក​មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ជួល​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​គាត់​ទៅព្យា​ល​នៅ​មណ្ឌល​សុខភាព​ឃុំ ប៉ុន្តែ​ដោយ​ជំងឺរបស់​លោក​យាយ​មាន​សភាព​ធ្ងន់ ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​ក៏​សម្រេច​ដឹក​លោកយាយ​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌​ជា​បន្ត​ទៀត ។

លោក សាំង គី​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បានឱ្យ​ដឹង​ថា លោក យាយ ស៊ឹ​ម សយ អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរណាស់​មក​ហើយ តែ​គាត់​ពុំ​បាន​ទៅ​មណ្ឌល​សុខ​ភាព ឬ​ឲ្យ​ក្រុម​គ្រួ​ពេទ្យ​ព្យាបាល​ឡើយ ព្រោះតែ​ស្ថានភាព​គ្រួសារ​មាន​ជីវភាព​ខ្វះ​ខាត ។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ រូប​លោក ក៏​បាន​ស្នើ​សុំ​មណ្ឌល​សុខភាព​ឃុំ ឱ្យ​ជួយ​ព្យាបាល​គាត់ ប៉ុន្តែ​ពេល​ដឹក​មក​ដល់​មណ្ឌល​សុខភាព ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​គ្មាន​លទ្ធភាព​ព្យាបាល ក៏​សុំ​ឱ្យ​គាត់​ទៅ​ព្យា​ល​បាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បរិបូណ៌​ជា​បន្ត​ទៀត ។ ហេតុនេះ​ហើយ ដើម្បី​មាន​សោហ៊ុយ​ក្នុង​ការ​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរ​ណ៌ លោក​បាន​ផ្តល់​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​ជូន​លោកយាយ​ផង​ដែរ ។

លោក​មេឃុំ​បញ្ជាក់​ថា ប្រាក់​នេះ​គ្រាន់តែ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​លោក​នឹង​ផ្ញើ​ប្រាក់​កាស​ទៅ​ជួយ​ជា​បន្ត​ទៀត ពេល​លោកយាយ​នៅ​ព្យាបាល​រយៈពេល​យូរ ឬ​ក៏​លោកយាយ​ត្រូវ​ដឹក​ទៅ​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្តី​។ ចំពោះ​ថ្លៃ​សេវា​ព្យាបាល គ្រូពេទ្យ​មិន​យក​ថ្លៃ​ទេ ព្រោះ​លោក​បាន​ចេញ​លិខិតបញ្ជាក់​ជូន​លោកយាយ​ថា ជា​ជន​ក្រីក្រ​រួច​អស់ហើយ ។

ក្នុង​ឱកាស​នោះ​ដែរ កូនស្រី​លោកយាយ ឈ្មោះ ស៊ឹ​ម ម៉ា​ប់ បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​លោក​មេឃុំ និង​ក្រុម​គ្រូពេទ្យ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដឹក​ម្តាយ​គាត់​ទៅ​ព្យាបាល និង​ជួយ​ជា​សោហ៊ុយ​សម្រាប់​សម្រាក​ព្យាបាល​ផង​ដែរ ។ ក្នុង​នាមរូប​គាត់​​ជា​កូនស្រី សូម​ជូនពរ​លោក​មេឃុំ​នូវ​ពុទ្ធ​ពរ ទាំង​៤​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ជា​ការ​ពិត​ណាស់ ប៉ុន្តែ​ប្រសិនបើ​មាន​មេឃុំ​ទាំងអស់ យកចិត្តទុកដាក់​ចំពោះ​ចាស់ជរា និងជន​ក្រីក្រ​ដូច​លោក​មេឃុំ​ឆ្នុកទ្រូ​នេះ មិនដឹង​ប្រជា​ពលរដ្ឋ សប្បាយចិត្ត​បែប​ណា​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ