រាជធានីភ្នំពេញ ៖ ក្រោយការប្រកាសលាឈប់ពីអាជីពជាកីឡាការិនីជម្រើសជាតិប៉េតង់ អ្នកស្រី កែ ឡេង ដែលធ្លាប់តំណាងកម្ពុជាទៅប្រកួតនៅក្រៅប្រទេសលើកណាក៏ទទួលបានមេដាយត្រឡប់មកវិញនោះ អះអាងដោយក្ដីបារម្ភថា អ្នកស្រីមិនទាន់សម្លឹងឃើញកីឡាករជំនាន់ក្រោយរូបណា ដែលអាចជំនួសតំណែងរបស់ខ្លួនបាននៅឡើយទេ បើទោះជាអ្នកស្រីយល់ថា កីឡាករ-កីឡាការិនីស៊េរីក្រោយទាំងនោះ មានសមត្ថភាពគួរឱ្យសរសើរក្ដី។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយកោះសន្តិភាព កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២០ អតីតកីឡាការិនីដែលបានវិវត្តខ្លួនក្លាយជាគ្រូបង្វឹក និងជាមន្ត្រីផ្កាយ២ នៅក្នុងក្រសួងការពារជាតិ បានបញ្ជាក់ថា ហេតុផលដែលអ្នកស្រីសម្រេចចិត្តលាឈប់ពីកីឡាការិនី ប៉េតង់ គឺដោយសារតែអ្នកស្រីយល់ថា ខ្លួនឯងដូចអស់និស្ស័យ និងម្យ៉ាងមកពីអ្នកស្រីរវល់ច្រើនដកឃ្លាមិនរួច ក្នុងតួនាទីជាមន្ត្រីនៅក្នុងក្រសួងការពារជាតិផងទើបរឹតតែធ្វើឱ្យអ្នកស្រីពិបាកក្នុងការត្រឡប់ក្រោយ។
អ្នកស្រីថា វ័យ និងការទទួលខុសត្រូវក្នុងនាមជាមន្ត្រីក្រសួងការពារជាតិ គឺជាអ្វីដែលអ្នកស្រីមានអារម្មណ៍នឿយណាយនៅក្នុងអាជីព ហើយសម្រេចចិត្តលាឈប់ពីការប្រកួតនានា ដែលខាងសហព័ន្ធ ចង់ឱ្យអ្នកស្រីជួយតំណាងប្រទេសចេញប្រកួត ។ យ៉ាងណាក៏ដោយអ្នកស្រីនៅតែជួយសហព័ន្ធក្នុងនាមជាគ្រូបង្វឹក ខណៈដែលខាងសហព័ន្ធចង់ឱ្យអ្នកស្រីដើរតួជាគ្រូបង្វឹកផង និងជាកីឡាការិនីផង នៅពេលមានការប្រកួតអន្តរជាតិជាក់ស្ដែង ប៉ុន្តែគោលការណ៍ក្រសួងគឺមិនអនុញ្ញាតទេ ។
អ្នកស្រីថា ខ្លួនលែងចង់បន្តអាជីពធ្វើជាកីឡាការិនីទៀតហើយ ដោយសារតែវ័យរបស់អ្នកស្រីក៏ជ្រេ ហើយម្យ៉ាងរាល់ពេលតំណាងប្រទេសទៅប្រកួតនៅក្រៅប្រទេសម្ដងៗ រមែងធ្វើឱ្យអ្នកស្រីសម្រាន្តមិនលក់ មានអារម្មណ៍គិតច្រើន និងចំណាយពេលត្រៀមខ្លួនច្រើន ដែលធ្វើឱ្យអ្នកស្រីមានការប៉ះពាល់ដល់សុខភាព ។ អ្នកស្រីសម្ដែងអារម្មណ៍សោកស្ដាយ ដែលមិនអាចបន្តជួយសហព័ន្ធក្នុងនាមជាកីឡាការិនី ប៉ុន្តែបើអ្នកស្រីនៅតែបន្តក៏ធ្វើឱ្យអ្នកស្រីនៅតែមានសម្ពាធមិនអស់មិនហើយផងដែរ។
អ្នកស្រីកែ ឡេង បន្តទៀតថា អ្នកស្រីមិនទាន់សម្លឹងឃើញកីឡាករ ឬកីឡាការិនីណាមួយ ដែលអាចជំនួសតំណែងអ្នកស្រីនៅឡើយទេ ដោយអ្នកស្រីថា កីឡាករស្រករក្រោយ បើមើលមួយភ្លែត គឺល្អ ប៉ុន្តែពេលខ្លះ គឺខ្វះទំនុកចិត្តគួរឱ្យជឿជាក់ផងដែរ។ អ្នកស្រីថា៖«សម្រាប់ខ្ញុំ អត់ទាន់មើលឃើញថា អ្នកណាល្អដូចខ្ញុំទេ ពួកគាត់ល្អ តែពេលខ្លះ គឺដូចប្រែប្រួល បើដូចខ្ញុំពេលទៅប្រកួតនៅក្រៅប្រទេសគឺដឹងតែបានមេដាយ ប៉ុន្តែសម្រាប់ពួកគាត់ គឺខ្ញុំថានៅតែមិនទាន់បាន១០០ភាគរយអុីចឹង»។ យ៉ាងណាមិញ អ្នកស្រីថា ខ្លួនត្រូវតែដកខ្លួន ដើម្បីផ្ដល់ឱកាសឱ្យក្មេងៗជំនាន់ក្រោយ ដោយអ្នកស្រីប្រាប់ថា បើមិនផ្ដល់ឱកាសឱ្យទេ ក៏នៅតែរកអ្នកជំនួសមិនបាននោះដែរ ។
ជាមួយគ្នានេះដែរអ្នកស្រីកែ ឡេង បញ្ជាក់ថា ក្នុងរយៈពេលកូវីដកើតឡើងនេះ មិនបង្កឱ្យប៉ះពាល់ដល់ការហ្វឹកហាត់របស់ជម្រើសជាតិទាំង៣៦នាក់នោះទេ ដោយពួកគាត់មានវិធីបង្កើន និងរក្សាសមត្ថភាពរៀងៗខ្លួន បើទោះគ្មានការជួបជុំនៅស្តាតអូឡាំពិក ខណៈការប្រកួតប៉េតង់នៅក្រៅប្រទេសក៏ត្រូវលុបចោលដែលមានន័យថា កីឡាផ្នែកនេះ មិនសូវរងការប៉ះពាល់ទេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ