ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ហើយចាប់ខ្លួនបានប្រុសស្រី២នាក់ និងដកវត្ថុតាងគ្រឿងញៀនចំនួន១៧៧កញ្ចប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិសាស្ត្រព្រំប្រទល់ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះ អ៊ុង ឈុនអេង ភេទស្រី អាយុ៣៧ឆ្នាំ ដកហូតបានសារធាតុញៀនចំនួន១៧៥កញ្ចប់តូច និង២-ឈ្មោះ អ៊ឹម ប៉េ ភេទប្រុស អាយុ៤៨ឆ្នាំ ដកហូតសារធាតុញៀនចំនួន២កញ្ចប់តូច បន្ទាប់ពីបុរសដែលជាជនសង្ស័យរូបនេះចែកចាយនៅសល់។
បើតាមប្រភពពីលោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានឲ្យដឹងថា ដោយទទួលបទបញ្ជាពីលោកស្នងការនគរបាលខេត្តកំពង់ធំ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ចុះបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន ស្ថិតក្នុងភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ និងដកហូតម្សៅក្រាម ពណ៌សថ្លា ជាសារធាតុញៀនខុសច្បាប់សរុបចំនួន១៧៧កញ្ចប់ ទម្ងន់២១,៥ក្រាម និងទូរស័ព្ទដៃ២គ្រឿង។
លោកនាយការិយាល័យបន្តថា ជនសង្ស័យទាំង២នាក់ខាងលើនេះ មិនមែនជាប្តីប្រពន្ធនឹងគ្នានោះទេ ពួកគេគ្រាន់តែរស់នៅភូមិអណ្ដូងបី ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាមួយគ្នាតែប៉ុណ្ណោះ ។ បច្ចុប្បន្នជនសង្ស័យកំពុងតែកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ