រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ឧសភា ២០២០នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្តទាំងអស់បន្តទៀតនោះទេ! ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ធម្មតាដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ ។
បើយោងតាមសារជាសំឡេងនៅក្នុងបណ្ដាញសង្គមតេលេក្រាម លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះស្នងការរាជធានី-ខេត្តណា នៅតែមានការដាក់ប៉ារាស់តាមផ្លូវ និងទទួលខុសត្រូវចំពោះមុខច្បាប់ ។
ការព្រមានរបស់អគ្គស្នងការនគរបាលជាតិនេះ បន្ទាប់ពីមានប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវ ដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែល រថយន្តទាំងនោះ កំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ ។
អគ្គស្នងការនគរបាលជាតិ បានថ្លែងសង្កត់ធ្ងន់ថា ៖ ស្នងការនគរបាលរាជធានី-ខេត្ត ឈប់ដាក់ប៉ារាស់តាមផ្លូវ ពីព្រោះបាននិយាយច្បាស់ ជាមួយគ្នាហើយថា ទាល់តែយានយន្តល្មើសបានហៅ ហើយមានគេរាយការណ៍មកថា ពិសេសនៅខេត្តកំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី គឺរថយន្តអត់មានល្មើស ក៏ហៅគេដែរ ។ «ឥឡូវនេះ ម៉ោងហ្នឹង ព្រឹកហ្នឹង ថ្ងៃទី២៦ ឧសភានេះ ដកប៉ារាស់ឲ្យអស់គ្រប់ផ្លូវជាតិទាំងអស់ គ្រប់ខេត្ត ស្នងការ លោកឯងដើរមើល តែមានទៀត ទទួលខុសត្រូវមុខច្បាប់ ទី១. លុបប៉ារាស់ចោល ទី២. ឡានអត់ល្មើស អត់ហៅគេដាច់ខាត ធ្វើប៉ុណ្ណឹងបានទេ ឥឡូវហ្នឹង» ។
សូមជម្រាបថា នៅក្នុងការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល ២៥ ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចត្រួតពិនិត្យ និងផាកពិន័យយានយន្ត នៅទូទាំងប្រទេសបានប្រមាណជាង ៣៦,០០០គ្រឿង ក្នុងនោះម៉ូតូជាង ២៦,០០០គ្រឿង និងរថយន្តគ្រប់ប្រភេទជាង ១០,០០០ គ្រឿង ។ ជាមួយគ្នានោះដែរ ក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការមិនពេញចិត្ត ចំពោះបារ៉ាស់របស់នគរបាល នៃខេត្តមួយចំនួន ដែលបានដាក់ ដើម្បីស្ទាក់ចាប់ពួកគាត់ដែលពុំមានខុសនឹងច្បាប់ចរាចរណ៍ផងដែរនោះ ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ កាន់តែច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ៕
ចែករំលែកព័តមាននេះ