ខេត្តរតនគិរី ៖ ប្រភពពីឈ្មួញរកស៊ីឈើប្រណីតបានបង្ហើបឲ្យដឹងថា អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្ត បានបញ្ជាកម្លំាងប៉ូលិសនិងរាជអាវុធហត្ថស្រុកចុះចាប់គោយន្តច្នៃចំនួន០៣គ្រឿងដែលដឹកឈើប្រណីតប្រហែល៣០ម៉ែត្រគូបប្រុងឆ្លងដែនទៅលក់នៅវៀតណាមតាមច្រករបៀងភូមិឡុំ ។
ការបង្រ្កាបនេះបានធ្វើឡើងនៅថ្ងៃទី១៤ វិច្ឆិកា ២០១៤ នៅក្នុងភូមិសាស្រ្តអូរតាង ស្ថិតក្នុងភូមិខ្វែក ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ។
ប្រភពពីឈ្មួញដែលសុំមិនឲ្យបញ្ចេញឈ្មោះបានបន្តថា ក្រោយការបង្រ្កាបរួច ខាងកងកម្លំាងស្រុកក្រោមការបញ្ជាពីលោកអភិបាលស្រុកអូរយ៉ាដាវបានទារលុយពីឈ្មួញជាច្រើន ប៉ុន្តែត្រូវរ៉ូវគ្នាត្រឹម១៧០០០ដុល្លារ ជាថ្នូរទៅនឹងការលោះគោយន្តច្នៃចំនួន០៣គ្រឿង ប៉ុន្តែឈើប្រណីតប្រភេទធ្នង់ត្រូវកម្លំាងស្រុករឹបអូសប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ។
ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើ លោក ម៉ា វិចិត្ត អភិបាលស្រុកអូរយ៉ាដាវ បានបា្រប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៦ វិច្ឆិកា ២០១៤ថា ” កាលពីថ្ងៃទី១៤ វិច្ឆិកា លោកនៅប្រជុំសាលាខេត្ត ប៉ុន្តែកាលពីថ្ងៃទី១២ វិច្ឆិកា លោកបានឃើញឈើប្រណីតមួយចំនួននៅក្នុងភូមិសាស្រ្តខាងលើនិងបង្រ្កាបមែន តែលោកមិនបានទារលុយពីឈ្មួញនោះទេ ព្រោះខុសច្បាប់ ” ។
លោកអភិបាលស្រុកបានតបមកអ្នកសារព័ត៌មានកោះសន្តិភាពដោយបញ្ជាក់ថា ” ផ្តោតអារម្មណ៍អីអារឿងឈើតិតួចហ្នឹង ឈើប្រណីតគេដឹកទំាងយីឌុបៗមិនចាប់អារម្មណ៍ផង” ។
សូមបញ្ជាក់ផងដែរថា នៅក្នុងវេទិកាសាធារណៈកាលពីពេលថ្មីៗនេះ លោក ម៉ា វិចិត្ត អភិបាលស្រុកអូរយ៉ាដាវ បានត្រូវប្រជាពលរដ្ឋសុំឲ្យដកចេញពីតួនាទីចៅហ្វាយស្រុក ដោយលើកហេតុផលថា លោកអភិបាលស្រុកដែលទើបផ្លាស់ពីកិច្ចការងារប៉ូលិសរូបនេះបានគាបសង្កត់ពួកគាត់ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ