មនុស្សខ្លះមើលទៅហាក់ដូចជាល្អគ្រប់យ៉ាង ជាអ្នកចេះដឹង មានសមត្ថភាពក៏ល្អ ការប្រព្រឹត្តជាទូទៅក៏ល្អ ឯមុខនាទីការងារក៏ខ្ពង់ខ្ពស់ មានសេចក្ដីព្យាយាម ព្រមទាំងអធ្យាស្រ័យមេត្រីភាពក៏គួរឲ្យគោរពរាបអាន ប៉ុន្តែហេតុដូចម្ដេចទើបមនុស្សនោះមិនសមប្រកបឲ្យសមនឹងសមត្ថភាពរបស់ខ្លួន ឃើញមានតែរឿងរ៉ាវមិនចេះចប់ទៅវិញ ពុំនោះសោតទេ គឺមិនមានអ្នកណាឃើញដល់សេចក្ដីល្អរបស់គេទាំងនោះសោះ ហេតុអ្វីក៏សេចក្ដីល្អទាំងនោះមិនជួយគេផង ?
តាមធម្មតាអំពើល្អនិងអាក្រក់រមែងកើតមានគ្រប់មនុស្សទូទៅជារឿងធម្មតាទៅហើយសម្រាប់បុថុជ្ជនគ្រាន់ថា តិចឬច្រើន ស្តើងឬក្រាស់ប៉ុណ្ណោះ ប៉ុន្តែបើកាលណាមានផ្នែកល្អច្រើនទៅនៅក្នុងផ្នែកផ្សេងៗ យើងក៏រមែងមើលរំលងនូវអ្វីដែលមិនល្អទាំងអ្វីដែលរឿងមិនល្អនោះជាចំណុចសំខាន់ណាមួយទៀតផង ។
គេអាចល្អខាងក្រៅដែលយើងមើលឃើញគ្រប់យ៉ាង តែគេអាចខ្វះសេចក្ដីល្អនៅផ្នែកខាងក្នុង ពោលគឺផ្នត់គំនិតពោរពេញទៅដោយរឿងអាក្រក់ៗជាច្រើនមានចងចិត្តច្រណែនឈ្នានីសគេជាដើម ។
ម្យ៉ាងទៀតការខ្វះខាតសេចក្ដីល្អខាងក្នុងដែលជាចំណុចខ្វះខាតខ្លាំងនោះ គឺខ្វះខាតការនឹករលឹកទៅដល់សេចក្ដីល្អរបស់អ្នកដទៃ ដែលគេបានធ្វើល្អដល់យើងកន្លងមក
ចំណុចខ្វះខាតនេះហើយដែលនាំឱ្យគេមិនមានសេចក្តីសុខ សេចក្តីចម្រើនក្នុងជីវិតនោះជាទោសឱ្យផលភ្លាមៗក្នុងបច្ចុប្បន្នមិនរង់ចាំកាលឡើយ ។ សាន សារិន
ចែករំលែកព័តមាននេះ