ខេត្តកណ្តាល ៖ ផ្ទុះជំងឺកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋមួយចំនួនជួបការលំបាក ពិសេសនោះការប្រកបរបរដាំណាំលក់មិនបានតម្លៃខ្ពស់ ជាក់ស្តែងផ្លែល្លុងធ្លាក់ថ្លៃរហូតដល់១០០រៀលក្នុងមួយគីឡូក្រាម ហើយក៏គ្មានអ្នកទិញទៀត ។ នេះការលើកឡើងរបស់កសិករដែលប្រកបរបរដាំល្ហុងលក់។
កសិករដាំល្ហុងម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹងថា ល្ហុងរបស់គាត់បានដាំច្រើនខែទើបទទួលបានផលលក់ ប៉ុន្តែដោយសារតែផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យតម្លៃល្ហុងធ្លាក់រហូតដល់១០០រៀលក្នុងមួយគីឡូក្រាម ហើយពេលខ្លះក៏គ្មានឈ្នួញមកទិញ ដែលធ្វើឱ្យគាត់សម្រេចទុកផ្លែពេញដើម។
កសិករខាងលើបានបញ្ជាក់ថា ៖ «កាលពីមុន គាត់លក់ល្ហុងបានមួយគីឡូក្រាម តម្លៃ៤០០ទៅ៥០០រៀលឬលើសពីនេះក៏មាន ប៉ុន្តែឥឡូវនេះគ្មានឈ្នួលមករកទិញទេ តែបើគេទិញ គឺទិញតិច ហើយមួយគីឡូក្រាម លក់តម្លៃ១០០រៀលប៉ុណ្ណោះ»។
កសិករខាងលើបានឲ្យដឹងថា កាលពីមុន ល្ហុងរបស់គាត់បេះម្តងបានរាប់តោន គឺពី៤ទៅ៦តោន ហើយក៏បានថ្លៃល្មម តែឥឡូវនេះល្ហុងមានផ្លែច្រើន តែគ្មានអ្នកទិញនោះទេ ។
កសិករដដែលបានលើកឡើងថា ការដាំដំណាំល្ហុងនេះ គាត់សង្ឃឹមថា បានថ្លៃ ព្រោះឃើញប្រជាពលរដ្ឋមិនសូវដាំនោះទេ តែផ្ទុយទៅវិញ បែរជាប៉ះចំពេលជំងឺកូវីដ១៩ផ្ទុះ ដែលជាហេតុធ្វើឱ្យល្ហុងរបស់គាត់អត់មានអ្នកទិញ។
កសិករដដែលក៏បានឲ្យដឹងបន្តថា ល្ហុងដែលគាត់ដាំនេះគឺទិញកូនពីគេ ដោយកូនល្ហុងមួយដើម ទិញក្នុងតម្លៃ៥០០រៀល ហើយគាត់ទិញមករាប់ពាន់ដើម ដោយចំណាយថវិការច្រើនគួរសមក្នុងការទិញពូជកូនល្ហុងមកដាំ។ ល្ហុងត្រូវថែទាំងយ៉ាងល្អ ទើបវាឆាប់បានផ្លែ ដោយស្រោចទឹកស្ទើររាល់ថ្ងៃ ដាក់ជីសជាមួយជីខ្មៅ រួចហើយធ្វើស្មៅឲ្យស្អាត ។
ជាមួយគ្នានោះដែរ កសិករដដែលក៏ស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយរកទីផ្សារកសិផលឲ្យប្រជាកសិករផង ព្រោះថា មិនថាដំណាំល្ហុងនោះទេ សូម្បីតែដំណាំបន្លែងមួយចំនួននៅពេលប្រជាកសិករដាំបាន តែមិនបានថ្លៃ ពោលគឺតម្លៃថោក ។ ចំណុចនេះ បានធ្វើឲ្យប្រជាកសិករខ្លាចរអាក្នុងការដាំដំណាំទៀត ព្រោះថា បើដាំមិនបាន ប្រឈមនឹងជំពាក់បំណុលធនាគារ ដោយសារខ្ចីលុយមកធ្វើដើមទុនក្នុងការដាំដុះ។
កសិករដដែលក៏បានឲ្យដឹងបន្តទៀតថា បើលក់ឲ្យអ្នកយកទៅធ្វើជ្រក់ ឬម៉ាំល្ហុង បានតម្លៃក្នុងមួយគីឡូ៥០០រៀល ឬលើសពីនេះ ប៉ុន្តែគេយកតិចតួចប៉ុណ្ណោះ។
ចំណែកស្ត្រីជាកសិករម្នាក់ទៀតដែលប្រកបរបរដាំល្ហុងដែរក៏បានត្អូញត្អែបញ្ហាល្ហុងដាំបានហើយ តែបែរជាគ្មានអ្នកទិញ ដោយទុកឱ្យនៅពេញដើម។ ស្ត្រីដដែលបានបន្តថា ល្ហុងដែលគាត់ដាំនេះក៏បានទិញពូជកូនល្ហុងពីគេ ក្នុងមួយដើមតម្លៃ៥០០រៀល ហើយគាត់ទិញមករាប់រយដើមដើម្បីដាំ។ ប៉ុន្តែនៅពេលទទួលបានផ្លែល្មមលក់ ស្រាប់តែគ្មានអ្នកទិញ តែបើគេទិញ គឺទិញតិច ហើយតម្លៃថោកទៀត ដែលមិនអាចយកមកទូទាត់ក្នុងការចំណាយលើការដាំល្ហុងនោះទេ ដូចជាប្រេង ជី ថ្នាំសម្លាប់សត្វល្អិតជាដើម។
ស្ត្រីជាកសិករខាងលើក៏អំពាវនាវដល់ថ្នាក់ដឹកនាំ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរាជរដ្ឋាភិបាលគួរគិតគួរចំពោះទីផ្សារដំណាំរបស់ប្រជាកសិករផង ព្រោះបើមានទីផ្សារបានតម្លៃថ្លៃ នឹងធ្វើឲ្យកសិករមានទឹកចិត្តក្នុងដាំដំណាំនេះបន្តទៀត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ