ក្រុមហ៊ុនធំពីររបស់ជប៉ុនចង់វិនិយោគលើការដាំដុះនិងវេចខ្ចប់សម្រាប់ការនាំចេញ


រាជធានីភ្នំពេញ ៖ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិនិយោគិនបរទេសជាច្រើនហាក់មានការចាប់អារម្មណ៍ទៅលើវិស័យកសិកម្មកម្ពុជា និងបានបោះទុនវិនិយោគក្នុងវិស័យនេះជាហូរហែផងដែរ ជាក់ស្ដែងកាលពីចុងសប្ដាហ៍មុននេះ វិនិយោគិនជប៉ុនមកពី ក្រុមហ៊ុនចំនួន២បានបង្ហាញការចាប់អារម្មណ៍ក្នុងវិស័យកសិកម្មជាពិសេសនោះគឺអនុវិស័យដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា និងមានបំណងចង់មកវិនិយោគក្នុងវិស័យនៅពេលឆាប់ៗខាងមុខនេះផងដែរ ។

នៅក្នុងជំនួបជាមួយលោកងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green និងជាតំណាងក្រុមហ៊ុនជប៉ុនចំនួន២ បានបង្ហាញពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើ ដោយរាប់ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស ។

លោកបានបន្តថា រហូតមកទល់នឹងពេលនេះ គម្រោងនេះបានចេញជារូបរាងបណ្ដើរហើយ ប៉ុន្តែការងារដែលក្រុមហ៊ុនរបស់លោកត្រូវអនុវត្តន៍បន្ទាប់គឺកិច្ចសហការ និងការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងជោគជ័យ ។

លោកងិន ឆាយអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងទៅលើការវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេសនោះ គឺការអភិវឌ្ឍដំណាំ បន្លែនិងផ្លែឈើនៅក្នុងប្រទេសកម្ពុជា ។

លោកបានបន្តថា « គម្រោងនេះពិតជាឆ្លើយតបចំទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវិស័យសាកវប្បកម្មឱ្យមានការរីកចម្រើន ។ អគ្គនាយកដ្ឋានកសិកម្ម បានយល់ច្បាស់អំពីបញ្ហាប្រឈមនៃអនុវិស័យសាកវប្បកម្ម ដោយពេលកន្លងការកែច្នៃកសិផលក្នុងអនុវិស័យនេះនៅខ្វះខាតនៅឡើយ ។ ដូចនេះ គម្រោងនេះ នឹងជួយបន្ថែមលើខ្សែច្រវាក់តម្លៃបន្លែ និងផ្លែឈើឱ្យបានពេញលេញ» ។  

លោកបានបន្តថាតាមរយៈក្រុមហ៊ុនជប៉ុនដែលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជានៅពេលនេះ នឹងអាចទាក់ទាញដល់បណ្ដាក្រុមហ៊ុនធំៗដទៃទៀត មកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យកសិកម្ម ជាពិសេសទៅលើការដាំដុះ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងឈានដល់ការនាំចេញ ។

លោកក៏សង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះរបស់ជប៉ុន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជារួមគឺការកាត់បន្ថយការនាំចូលបន្លែនិងផ្លែឈើពីប្រទេសក្រៅ ហើយកសិករនិងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃបន្លែនិងផ្លែឈើនឹងទទួលបានចំណូលច្រើនឡើង ការនាំចេញផលិតផល ជាពិសេសកសិផលកែច្នៃនិងវេចខ្ចប់និងមានការកើនឡើងឈានដល់ការរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច ។លោកថា៖« អគ្គនាយកដ្ឋានកសិកម្ម ត្រៀមលក្ខណៈសហការយ៉ាងជិតស្និតក្នុងការងារនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនទាំងពីរពន្លឿនការរៀបចំអនុស្សារណៈនៃការយោគយល់ ដើម្បីអាចចាប់ផ្តើមការងារនេះ» ។

Business

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ