រាជធានីភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមមុននេះ(ថ្ងៃទី២៣ ខែឧសភា)នេះថា« ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ និងអារម្មណ៍ជ្រះថ្លា ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃអាទិត្យទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០» ។ ន

សម្តេជបានបន្តថា ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្ស ប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និងសេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល ។

ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយអស់ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូលមកថ្មីពីរនាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះនោះឡើយ ។

សម្តេចតេជោបានបញ្ជាក់ទៀតថា ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ទទួលបាននូវសេចក្កីសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ពីអល់ឡោះគ្រប់ៗគ្នា និងសុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីអាក់ខានឡើយ ៕






ចែករំលែកព័តមាននេះ