កម្ពុជាបិទការនាំចូលមាន់ពីក្រៅបង្កើនតម្លៃក្នុងស្រុក ខណៈមាន់៣សាសន៍ធ្លាក់ថ្លៃជាងគេ


រាជធានីភ្នំពេញ ៖ ដោយសារតែតម្លៃមាន់ក្នុងស្រុកបានធ្លាក់ចុះយ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលមានអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានសិក្សាពិភាក្សានិងសម្រេចបិទការនាំចូលមាន់ពីក្រៅប្រទេសស្ទើរតែទាំងស្រុង ដើម្បីបង្កើនតម្លៃមាន់ក្នុងស្រុកឡើងវិញ ។ នេះបើតាមលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកសុខភាពសត្វនិងផលិតកម្មសត្វថ្លៃក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី២១ ឧសភា ២០២០នេះ ។

លោកតាន់ ផាន់ណារ៉ា បានមានប្រសាសន៍បន្តថា ដោយឃើញថាតម្លៃមាន់ជាពិសេសមាន់បីសាសន៍ បានធ្លាក់ចុះយ៉ាងខ្លាំង ក្រសួងបានសម្រេចបិទការនាំចូលស្ទើរតែទាំងស្រុង ក៏ប៉ុន្តែបន្ទាប់ពីបិទការនាំចូលហើយនោះ ក៏ឃើញតម្លៃមាន់នេះមិនទាន់ងើបឡើងវិញនៅឡើយ ទើបក្រសួងនិងអគ្គនាយកដ្ឋានស៊ើបបន្តទៀតក៏រកឃើញថាការធ្លាក់ចុះយ៉ាងខ្លាំងនេះ ដោយសារតែការចិញ្ចឹមមិនមានផែនការច្បាស់លាស់ ។ លោកបានបន្តថា «យើងចង់អោយអ្នកចិញ្ចឹមមាន់ទាំងនោះចូលរួមជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីរៀបចំផែនការអោយបានច្បាស់លាស់ដើម្បីរក្សាតម្លៃថេរ និងមិនអោយខាត ។ ការចិញ្ចឹមលើសតម្រូវការនឹងធ្វើអោយតម្លៃធ្លាក់បែបនេះ » ។


លោកបានបន្ថែមថា គិតមកដល់ពេលនេះ មាន់បីសាសន៍ងើបឡើងវិញក្នុងតម្លៃរង្វង់៥០០០រៀលក្នុងមួយគីឡូក្រាម ក៏ប៉ុន្តែបើធៀបនឹងថ្លៃដើមដែលគាត់ផលិតគឺនៅតខាតដដែល ព្រោះថ្លៃដើមផលិតរបស់ពួកគាត់ចន្លោះពី៧០០០រៀលទៅ៧៥០០រៀល ។ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានមានប្រសាសន៍បន្តថា « ចំពោះមាន់សាច់ដែលធ្លាប់ចុះដល់២០០០ ឬ៣០០០រៀលក្នុងមួយគីឡូក្រាមបានងើបឡើងវិញក្នុងតម្លៃចន្លោះ៥០០០រៀលក្នុងមួយគីឡូក្រាមដែលធ្វើអោយគាត់បានចំណេញបន្តិចវិញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ