រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអះអាងថា មិនបានអនុញ្ញាតឲ្យមានការនាំចូលជង្គង់មាន់ និងគ្រឿងក្នុងមាន់ពីប្រទេសជិតខាងនោះទេ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោក សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កន្លងមកចំនួនមាន់មានការចុះថោកដោយសារចំនួនមាន់ចិញ្ចឹមបានគរគ្នានៅពេលទទួលបានផល ។ លោកបន្តថាតាមគោលការណ៍អាស៊ានប្រទេសមួយមិនអាចមានសិទ្ធិបិទការនាំចូលនោះទេ ប៉ុន្តែនៅពេលប្រទេសណាមួយមានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយ យើងអាចកាត់បន្ថយ និងឈានដល់ការនាំចូលបាន ។
ជាពិសេសនោះអនុសាសន៍របស់សម្តេចតេជោ មិនចង់ឲ្យមានការនាំចូលពីប្រទេសជិតខាងទេ ។ លោកបញ្ជាក់ថា៖«យើងមិនអនុញ្ញាតឲ្យនាំចូលជង្គង់មាន់ ឬគ្រឿងក្នុងមាន់នោះទេ ។ ករណីមានដោយសារខាងមន្ត្រីខាងអគ្គនាយកដ្ឋាន និងពេទ្យសត្វចាប់បានគេដុតចោលតែម្តង ការធ្វើបែបនេះ គឺការពារសុខភាព និងហានិភ័យដល់សារធារណៈ» ។
លោកបានលើកឡើងថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នេសាទបានគោរពតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ដោយបានធ្វើការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាងកាលពីខែកុម្ភៈ ឆ្នាំ២០២០ ។
ក្រសួងមិនបានបិទក្រុមហ៊ុនណាមួយទេ ប៉ុន្តែអ្វីដែលក្រសួងធ្វើការ គឺក្រសួងបានកាត់បន្ថយចំនួនជ្រូកនាំចូលពីប្រទេសជិតខាងប្រមាណ៧០ភាគរយ ចំនួនក្រុមហ៊ុននៅដដែល ។
ជាមួយគ្នានោះដែរ លោកបានបន្តថា ៖ យើងមិនបានកាត់បន្ថយចំនួនក្រុមហ៊ុននោះទេ ប៉ុន្តែយើងកាត់បន្ថយចំនួននាំចូលជ្រូក ហើយមូលហេតុដែលយើងបិទក្រុមហ៊ុននៅពេលបច្ចុប្បន្ន គឺយើងមានឯកសារ ដោយសារគាត់បានសន្យាថា នៅពេលគាត់ធ្វើខុសគាត់នឹងឈប់ធ្វើការរកស៊ីនឹងសត្វហើយ ។ គាត់ធ្វើខុសដោយដឹកជញ្ជូនខុសច្បាប់ដែលក្រសួងមហាឃាត់»។
សូមជម្រាបថា តាមការកត់សម្គាល់កាលពេលកន្លងមកគេសង្កេតឃើញថា នៅតែមានការលួចនាំចូលពីប្រទេសជិតខាងផងដែរ ប៉ុន្តែសមត្ថកិច្ចបានចាប់បានជារើយៗផងដែរ ៕
ចែករំលែកព័តមាននេះ