ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះ​គោមានអតិថិជនគាំទ្រ​កាន់តែ​ច្រើនឡើងៗ​ រីឯ​​​តម្លៃ​​វិញ​ក៏មិនធម្មតាដែរ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើន​ឡើង​ៗ បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​កែ​ច្នៃ​រទេះគោ​ចាស់​ៗ បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ និង​មាន​សោភ័ណ​ភាព​ស្អាត​ជាង​មុន ដែល​ធ្វើ​ឱ្យរ​ទេះគោ​​មានតម្លៃ​រហូត​ដល់​ជាង​១​ពាន់​ដុល្លារ​ក្នុងមួយ​គ្រឿង ។ នេះ​ជា​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើន​ឡើង​ៗ បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​កែ​ច្នៃ​រទេះគោ​ចាស់​ៗ បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ និង​មាន​សោភ័ណ​ភាព​ស្អាត​ជាង​មុន ដែល​ធ្វើ​ឱ្យរ​ទេះគោ​​មានតម្លៃ​រហូត​ដល់​ជាង​១​ពាន់​ដុល្លារ​ក្នុងមួយ​គ្រឿង ។ នេះ​ជា​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដែល​បាន​ប្រមូល​ទិញ​នូវ​គ្រឿងរទេះ​គោ​​ចាស់​ៗយក​មក​ដំឡើង​ធ្វើ​ជា​រទេះ​ថ្មី​សម្រាប់​លក់​ឲ្យ​បងប្អូន​យក​ទៅ​ដាក់​តាំង​តាម​គេហដ្ឋាន​ និង​តាម​រមណីយដ្ឋាន​នានា ។

ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​​កោះសន្តិភាព​​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ លោក សួន ស៊ី​ណេ​ត​ ជា​អាជីវ​ករ​ប្រមូល​ទិញ​រទេះ​គោ​​ចាស់​ៗយក​មក​កែ​ច្នៃ​ដំឡើង​ថ្មី​សម្រាប់​លក់​បាន​ឲ្យ​ដឹង​ថា ​គាត់​​បាន​ប្រកប​មុខរបរ​នេះ​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ក្រោយ​ពី​មាន​សារព័ត៌មាន ទូរទស្សន៍​ចុះ​មក​យក​ព័ត៌មាន​និង​បាន​ផ្សាយ​កន្លង​ទៅ ​ធ្វើ​ឱ្យ​​បងប្អូន​ប្រជា​ពលរដ្ឋជា​អ្នក​កែ​​ច្នៃ​រទេះ​ចាស់​ធ្វើ​ថ្មី សម្រាប់​លក់ នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ​នេះ កាន់តែ​ល្បី ដោយ​មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​អ្នកមាន​បណ្ដា​សិ​ក្ត័​បាន​មក​ទិញ​​រទេះគោ​របស់​គាត់​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​មុខរបរ​គាត់​កាន់តែ​រីក​ចម្រើន​ឡើងជា​លំដាប់​។

អាជីវករ​ខាងលើ​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​គាត់​មានការ​ពិបាក​ក្នុង​ការ​ប្រមូល​គ្រឿងរទេះ​ចាស់​ៗ ដើម្បី​មក​ដំឡើង​ថ្មី​ណាស់ ព្រោះតែ​រក​ទិញ​រទេះ​ចាស់​ៗលែង​ចង់បាន​ទៅ​ហើយ​។ រទេះ​គោមួយគ្រឿង​ដែលគាត់​​ដំឡើង​​រួច លក់​ក្នុង​តម្លៃ​ចាប់ពី​៤០០​ដុល្លារ រហូត​ទៅ​ដល់​១២០០​ដុល្លារ​ ទៅ​តាម​ប្រភេទ​ឈើ​មាន​ធ្នង់ នាងនួន និង​សុ​ក្រំ​ជាដើម ក្រៅពី​នោះ​រទេះ​ថ្លៃ​ៗ​មាន​បំពាក់​ដោយ​ចង្កំ​តាម​នឹម និង​តាម​ជ​ន្ទោ​ល​បន្ថែម​ផង​ដែរ​។ ចំពោះ​តម្លៃ​ចាប់ពី​១​ពាន់​ដុល្លា​ឡើង គឺ​មាន​បន្ថែម​នូវ​ន​ង្គ​ល័​១​គ្រឿង រនាស់​១​គ្រឿង ក្រៅពី​នោះ​មាន​បន្ថែម​នូវ​ទ្រូ ឈ្នាង អង្រុត ចង្អេ កញ្ជើ មួក​ស្លឹក​ត្នោត និង បំពង់​ឬ​ស្សី ផង​ដែរ ដើម្បី​ឱយ​អតិថិជន យក​ទៅ​ដាក់​តាំង​លើ​រទេះ​ដែល​បាន​ទិញ​ទៅ ។

ជាមួយ​គ្នា​នេះដែរ​ លោក សុខ បឿន ជា​ជាង​ជួសជុល និង​​ដំឡើង​រទេះ​ជូន​អាជីវករ​ខាងលើ​នេះ​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​រទេះគោ​ដែល​បាន​ទិញ​មក​គឺ​មាន​តែ​គ្រឿង​ផ្សេង​ៗ​ប៉ុណ្ណោះ ដូច​ជា​កង់​, ​ព្រែក​ត្រង់​,​ ព្រែក ង ទូក និង​ទ្រង់​ជាដើម គាត់​យក​មក​បាន​ឈូស និង​ដំឡើង​ផ្គុំ​គ្នា​បានជា​រទេះ បន្ទាប់​មក​រទេះ​ណា​ដែល​ជា​ប្រភេទ​ឈើ​ល្អ បាន​ចង្កំ​បន្ថែម​ទៀត​។ រទេះ​១​គ្រឿង​ត្រូវ​ចំណាយពេលធ្វើ​២​ទៅ​៣​ថ្ងៃ ទើប​ដំឡើង​រួច​ដោយ​បាន​តម្លៃ​ត្រឹមតែ​១៥ម៉ឺនរៀល​​។

គួរ​រំ​ឮ​ក​ដែរ​ថា​៖ រទេះគោ​ គឺ​យាន​ជំនិះ​ម្យ៉ាង ដែល​មាន​តាំងពី​បុរាណកាល​មក ដោយ​​ដូនតា​ខ្មែរ​ជំនាន់​ដើម​បាន​ផលិត​រទេះគោ​ ដើម្បី​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវ និង​ដឹក​ទំនិញ​ផ្សេង​ៗ​គ្រប់​ប្រភេទ​។​រទេះ​គោ​ក៏​ត្រូវ​បាន​ដូនតា​ជំ​​នា​ន់​ដើម​ធ្វើ​ជា​យាន​ជំ​និះ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​សម្រាប់​ដឹក​ន​ង្គ​ល័​រនាស់ ទៅ​ធ្វើស្រែ​ផង​ដែរ​។​

បច្ចុប្បន្ន​រទេះ​​គោ​ ឬ​​រទេះក្របី​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះបង់​ចោល​ស្ទើរតែ​អស់ទាំង​ស្រុង​ទៅ​ហើយ ដោយ​ងាក​មក​ប្រើគោ​យន្ត​កន្ត្រៃ​ជំនួស​វិញ​,​ សម្រាប់​អាជីវករ​ដែល​ប្រមូល​រទេះ​ចាស់​ៗ​មក​ដំឡើង​ថ្មី​បែប​នេះ​ប្រៀប​បាន​ពួក​គាត់​កំពុង​ជួយ​ថែរក្សា​និង​អភិរក្ស​នូវ​រទេះ​បុរាណ​របស់​ដូនតា​ខ្មែរ​យើង​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ