អា​មេ​រិក​​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ៧,៥ លាន​ដុល្លារ​សម្រាប់​កម្ពុជា​ស្តា​សម្បទាសេដ្ឋកិច្ច


រាជធានី​ភ្នំពេញ ៖ សហរដ្ឋអាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ខ្លួន​ដល់​កម្ពុជា​ដើម្បី​ស្តា​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ បន្ទាប់​ពី​ប្រទេស​កម្ពុជា​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​វិ​សាម​ញ្ញា និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ជំរាប​ជូន​ថា «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​ចំនួន ៧,៥ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ថវិកា​ចំនួន ៥​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ស្តា​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​» ។

លោក Patrick បាន​បន្ត​ថា «​ហើយ​ចំនួន ២,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​នោះ ជា​ហិរញ្ញប្បទាន​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ការ​ការពារ​សុខមាលភាព ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​» ។

ក្នុង​ឱកាស​នោះ​ដែរ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នូវ​អំណរ​គុណ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​បាន​បញ្ជាក់​ថា «​ជំងឺ​កូ​វី​ដ​១៩ មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គំរាម​ក​គំ​ហែង​ដល់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ ហើយ​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ដ៏​ទៃ​ទៀត​ដែរ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​នេះ​» ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ