ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​ថា សន្តិភាព​ថ្ងៃនេះ គឺ​អ្នក​ស្នេហា​ជាតិ​យក​ជីវិត​ទៅ​ប្តូរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ថ្ងៃ​ទី​២០ ឧសភា​នេះ លោក ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​មួយ​រូប​ដែល​បាន​ចូលរួម​រំដោះប្រទេស​ជាតិ​ចេញពី​របប​ខ្មែរក្រហម​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ថ្ងៃ​ទី​២០ ឧសភា​នេះ លោក ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​មួយ​រូប​ដែល​បាន​ចូលរួម​រំដោះប្រទេស​ជាតិ​ចេញពី​របប​ខ្មែរក្រហម​បាន​លើក​ឡើង​ថា សុខ​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន​នា​ពេល​នេះ មិនមែន​កើតមក​ដោយ​ងាយ​ៗ​នោះ​ឡើយ គឺ​បាន​ដោយ​ឥស្សរជន​ស្នេហា​ជាតិ​យកអាយុ​ជីវិត​ទៅ​ប្តូរ ។

សម្តេច​ប្រធានរដ្ឋសភា បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​រួបរួម​គ្នា​ការពារ​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព​នេះ ឲ្យ​គង់វង្ស​រហូត​ទៅ ដើម្បី​ទទួល​បានការ​អភិវឌ្ឍ​តទៅ​មុខ​ទៀត ។ សម្តេច​បាន​គូសបញ្ជាក់​ថា មាន​តែ​សុខ​សន្តិភាព​ទេ ដែល​ផ្តល់​ឱកាស​ឲ្យ​យើង​មាន​លទ្ធភាព​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​ឆាប់រហ័ស​នោះ ។

សម្តេច​ហេង សំ​រិ​ន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដោយ​មើលឃើញ​ពី​គ្រោះ​មហន្តរាយ និង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​បែប​នេះ​ទើប​មាន​កម្លាំង​ស្នេហា​ជាតិ​មួយ​បាន​កើតឡើង ដើម្បី​វាយ​រំលំ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។ ជ័យ​ជំនះ​៧ មក​រា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ផ្តល់​កំណើត​ទី​២ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ថ្ងៃ​ស្រោចស្រង់ និង​កសាង​ប្រទេស​ជាតិ​ចេញពី​គំនរ​ផេះ​ផង់​ឈាន​មក​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ។

សូម​ជម្រាប​ថា ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​១៩៧៤ របប​ខ្មែរក្រហម​ដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ឆ្កួត​លីលា ដូច​ជា ផែនការ​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង លុប​បំបាត់​ចោល​ទាំងស្រុង​នូវ​សេដ្ឋកិច្ច​ទីផ្សារ​រូបិយប័ណ្ណ សាសនា ជាដើម​មុន​របប​នេះ​ឡើង​គ្របគ្រង​ប្រទេស​ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ ៧​មក​រា ឆ្នាំ​១៩៧៩ ។ ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ពួក​ខ្មែរក្រហម​បាន​កាប់សម្លាប់ ធ្វើ​ទារុណកម្ម និង​បំផ្លិច​ផ្លាញ​ប្រទេស​ជាតិ ឲ្យ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់​ទាំង​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ ។ ពលរដ្ឋ​កម្ពុជា​បាន​រស់នៅ​ក្នុង​សមុទ្រ​ទឹកភ្នែក និង​ឈាម​របប​អាវ​ខ្មៅ បាន​កាប់សម្លាប់​ពលរដ្ឋ​ជាង​៣​លាន​នាក់ ៕

នយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ