ប្រារព្ធ​ពិធី​សុំយោង​បំណែក​ព្រះពុទ្ធ​បដិមា​ចេញពី​រណ្តៅ​​កំណាយ​​


ខេត្ត​សៀម​រា​ប៖ ​អាជ្ញាធរ​ជាតិ​អប្សរា​ ធ្វើ​ពិធី​យោង​បំណែក​ព្រះពុទ្ធ​បដិមា​ក្នុង​រណ្តៅ​កំណាយ​មុខ​ថែវ​ព្រះ​រយ​ព្រះ​ពាន់​នៅ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមការងារ​កំណាយ នា​ថ្ងៃ​ទី​១៩ ​ឧសភា ឆ្នាំ​២០២០​ ។

ការ​យោង​បំណែក​ព្រះពុទ្ធ​បដិមា​ទាំងអស់​ ចេញពី​រណ្តៅ​កំណាយ គឺ​ដើម្បី​សិក្សា​ផ្គុំ​រូបរាង ជួសជុល​អភិរក្ស និង​លើក​តម្លៃ​វត្ថុ​បុរាណ ព្រមទាំង​ទុក​លទ្ធភាព​ឱ្យ​អ្នកជំនាញ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​បញ្ចប់​ការងារ​កំណាយ​។

តាម​ការ​បញ្ជាក់​របស់លោក ហង្ស ពៅ ​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានសម​ប្រសាសន៍​ថា បដិមា​១​អង្គ​ដែល​មាន​រូបរាង​ពេញលេញ​ជាងគេ នឹង​ត្រូវ​ជួសជុល​សម្អាត ហើយ​ដាក់​សំណើសុំ​អនុសាសន៍​ពី​គណៈ​កម្មការ អាយ ស៊ី​ស៊ី​-​អង្គរ ដើម្បី​យក​ទៅ​ដាក់​នៅ​ទីតាំង​ដើម ព្រោះ​គេ​បាន​ស្គាល់​ច្បាស់​ថា បំណែក​ព្រះពុទ្ធ​បដិមា​ទាំងអស់ មាន​ប្រភព​នៅ​ថែវ​ព្រះ​រយ​ព្រះ​ពាន់ ដែល​មាន​កាលបរិច្ឆេទ​ប្រហែល​ស្ថិត​ក្នុង​សម័យ​កណ្តាល​។

បំណែក​ព្រះពុទ្ធ​បដិមា​ដែល​បាន​រក​ឃើញ​មាន​ចំនួន​១០៥ ក្នុង​នោះ​ពុទ្ធបដិមា​មាន​រូប​មិន​ពេញលេញ​មាន​៣៥​អង្គ និង​១​អង្គ​មាន​រូបរាង​ពេញលេញ​ជាងគេ សន្លឹក​សីមា​១ រួម​នឹង​បំណែក​តូច​ៗ​ចំនួន១៨០​ផង​ដែរ​៕​​

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ