រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៩ ខែឧសភានេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០ ។ ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០ ។
១- ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖
យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករតាមរយៈ ENSO Forecast រួចមកឃើញថា៖ ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ បាតុភូត Neutral មាន៦០% បាតុភូត El Nino មាន១០% និងបាតុភូត La Nin មាន៣០% ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងអាចមាន ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។
២- ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ៖ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ២០២០នេះ មកមានស្ថានភាពដូចខាងក្រោម៖
ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ទាបជាង ឆ្នាំ២០១៥ ប្រមាណ០.៥០ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០.៣០ម៉ែត្រ។
ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ទាប ជាងឆ្នាំ២០១៥ ដល់ទៅ១.១២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០.៥០ម៉ែត្រ។
ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្រិតកម្ពស់ទាបជាងឆ្នាំ២០១៩ ដល់ទៅ១.៧២ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ០.១៤ម៉ែត្រ។
រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកមានកម្រិតកម្ពស់ ទាបជាងឆ្នាំ ២០១៩ ដល់ទៅ១.៧៣ម៉ែត្រ តែខ្ពស់ជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច។ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់ហ្លួង ទឹកមានកម្រិតកម្ពស់ទាបជាង មធ្យមច្រើនប្រមាណពី០.១៧ម៉ែត្រ ទៅ២.៦៧ម៉ែត្រ។
៣- ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២០៖
យោងលើស្ថានភាពទឹកទន្លេមេគង្គ នាពេលបច្ចុប្បន្នកត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២០នេះ ទឹកអាចនឹងមានកម្ពស់៩.៧០ម៉ែត្រដែលចាត់ទុកជាប្រភេទជំនន់មធ្យម ៕
ចែករំលែកព័តមាននេះ