ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ទៅ​ជា​គ្រោងការ​ទុច្ចរិត​ក្លែងបន្លំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​កំពុង​កើត​មាននៅ​កម្ពុជា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គ្រោងការ​ទុច្ចរិត​ក្លែងបន្លំ​តាម​ប្រ​ព័​ន្ឋ​ទូរស័ព្ទ ឬ​ហៅ Telephone Scam គឺជា​អំពើ​ឬ​សកម្មភាព​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​សេវា​ទូរគមនាគមន៍​តាម​រយៈ​ទូរស័ព្ទ ឬ បញ្ជូន​សា ឬ ស្រាវជ្រាវ​តាមដាន​តាម​បណ្តាញ​សង្គម​និង​បណ្តាញ…

រាជធានី​ភ្នំពេញ​៖ គ្រោងការ​ទុច្ចរិត​ក្លែងបន្លំ​តាម​ប្រ​ព័​ន្ឋ​ទូរស័ព្ទ ឬ​ហៅ Telephone Scam គឺជា​អំពើ​ឬ​សកម្មភាព​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​សេវា​ទូរគមនាគមន៍​តាម​រយៈ​ទូរស័ព្ទ ឬ បញ្ជូន​សា ឬ ស្រាវជ្រាវ​តាមដាន​តាម​បណ្តាញ​សង្គម​និង​បណ្តាញ OTT នានា ដើម្បី​ធ្វើការ​បោកប្រាស់​កេង​បន្លំ​ផលប្រយោជន៍​ពី​អ្នក​ប្រើប្រាស់​សេវា​ទូរគមនាគមន៍ ។ នេះ​បើ​យោង​តាម​អ្នកជំនាញ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។

បើ​តាម​អ្នកជំនាញ​និង​ជា​មន្ត្រី​អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា គ្រោងការ​ទុច្ចរិត​ក្លែងបន្លំ​តាម​ប្រ​ព័​ន្ឋ​ទូរស័ព្ទ ឬ​ហៅ Telephone Scam វា​ខុស​គ្នា​បន្តិច​នឹង បទល្មើស​បច្ចេកវិទ្យា ឬ Cyber Crime ត្រង់​ថា បទល្មើស​បច្ចេកវិទ្យា ឬ Cyber Crime ជា​សកម្មភាព​ឬ​ប្រតិបត្តិ​វាយលុក​លួច​ទាញ​យក​ព័ត៌មាន វាយលុក​ចូល​កំទេច​ព័ត៌មាន ឬ វាយលុក​ចូល​បិទ​ឬ​លួច​កាន់កាប់​គេហទំព័រ ឬ​គណនី​បណ្តាញ​សង្គម​ឬ​សេវា OTT ណាមួយ តាម​រយៈ​កម្មវិធី​ព័ត៌មានវិទ្យា​ពិសេស ក្នុង​បំណង​អនុវត្ត​សកម្មភាព​ឧក្រឹដ្ឋ​កម្ម និង​បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម​ឬ​សន្តិសុខ​សាធារណៈ និង​សន្តិសុខ​ជាតិ ។

តើ​អ្វី​ទៅ​ជា​គ្រោងការ​ទុច្ចរិត​ក្លែងបន្លំ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​កំពុង​កើត​មាននៅ​កម្ពុជា​នោះ
លោក អ៊ឹម វុ​ត្ថា មន្ត្រី​អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​គូសបញ្ជាក់​ថា «​នៅ​កម្ពុជា​យើង​«​គ្រោងការ​ទុច្ចរិត​ក្លែងបន្លំ​តាម​ប្រ​ព័​ន្ឋ​ទូរស័ព្ទ ឬ​ហៅ Telephone Scam»​ដែល​កំពុង​តែ​កើត​មាន​ឡើង​៖១)- មានការ​ក្លែងបន្លំ​ទូរស័ព្ទ​មក​ជន​ណា​ម្នាក់​ថា​មាន​បងប្អូន​ឬ​មាន​សាច់ញាតិ​គ្រោះថ្នាក់​ចរាចរណ៍​បើកឡាន​ឬ​ទោច​ចក្រយានយន្ត​ប៉ះពារ​គេ ត្រូវ​ដោះស្រាយ​សង​សំណង ហើយ​គេ​ធានា​ជួយ​អន្តរាគមន៍​ឱ្យ​ៗ​តែ​ជន​ទទួល​ទូរស័ព្ទ​វេ​លុយ​តាម​ប្រព័ន្ធ​ផ្ទេរ​លុយ​ណាមួយ​ទៅ​ឱ្យ​គេ​ចឹ​ង​ទៅ​។ ២)- ករណី​មាន​ជន​ម្នាក់​មាន​លុយ​ដាក់​ផ្ញើ​នៅ​ក្នុង​គណនី​ធនាគារ​ណាមួយ​ចឹ​ង ហើយ​ជនខិលខូច​នោះ ស្រាវជ្រាវ​រក​លេខ​ជន​នោះ ហើយ​ប្រាប់​ថា​គេ​ជា​បុគ្គលិក​ធនាគារ​ដែល​យើង​ដាក់​ប្រាក់​មាន​បំណង​ចង់​រៀបចំ​គណនី​ឬ​ធ្វើ​អ្វីមួយ​តាម​ជំនាញ​ធនាគារ ដោយ​ត្រូវការ​ព័ត៌មាន​សំខាន់​ៗ​ពី​ជន​នោះ ហើយ​នៅ​ពេល​យើង​ប្រាប់​អស់​ទៅ ជនខិលខូច​ហ្នឹង​គេ​នឹង​ទាញ​យក​លុយ​យើង​ចេញពី​ធនាគារ​អស់​ទៅ​។

លោក​បាន​បន្ត​ថា ចំណុច​បន្ទាប់​គឺ ទី ៣)- ឬ​តាំងខ្លួន​ស្គាល់​ថ្នាក់ដឹកនាំ​របស់​យើង មក​ថា​នេះ​ថា​នោះ ជា​ផល​មិនល្អ​សម្រាប់​យើង ឬ ចង់ឱ្យ​ឡើង​ដំណែង ដែល​តម្រូវ​ឱ្យ​លុយ​ទៅ​គេ​។

៤)- បណ្តា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​នៅ​បណ្តា​ប្រទេស​នៅ​លើ​កោះ តូច​ៗ ដែល​មិនសូវ​មាន​អ្នក​ណា​ទូរស័ព្ទ​ទៅ ហើយ​ទូរស័ព្ទ​ទៅ​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ដទៃ​។ ពេល​នោះ​ប្រតិបត្តិ​ករ​ហ្នឹង​ធ្វើការ​ស៊ី​ញ៉ូ​មួយ​ខ្វាច់ រួម​យើង​អ្នក​ទទួល នៅ​កម្ពុជា​នេះ ស្មានថា​បងប្អូន​ឬ​សាច់ញាតិ​ឬ​ដៃគូ​ជំនួញ​ទូរស័ព្ទ​មក ក៏​ទូរស័ព្ទ​ទៅ​វិញ​ពេល​នោះ មិន​មាន​អ្នក​ណា​និយាយ​រក​យើង​ទេ ឬ​និយាយ​ដែល​មាន​លក្ខណៈ​ទាក់ទាញ​យើង​ឱ្យ​និយាយ​ក្នុង​រយៈពេល​មួយ ៥​នាទី ទៅ ១០​នាទី អីចឹង ពេល​នោះ​យើង​អ្នក​ហៅ​ទៅ​គេ គឺ​ត្រូវ​គិតលុយ​ឱ្យទៅ​ប្រតិបត្តិ​ករ​ក្នុងស្រុក​ដែល​យើង​ប្រើ ហើយ​ប្រតិបត្តិ​ករ​ក្នុងស្រុក​យើង​បង់ថ្លៃ​ឱ្យទៅ​ប្រតិបត្តិ​ករ​ប្រទេស​នោះ​ជា​លក្ខណៈ​សេវា​រ៉ូ​ម៉ី​ង​អន្តរជាតិ​។ ៥)- មាន​គេ​តាំងខ្លួន​ជា​តំណាង​ក្រុមហ៊ុន​ឆ្នោត ឬ តំណាង​ក្រុមហ៊ុន​ផលិតផល​ណាមួយ ទូរស័ព្ទ​មក​យើង​ថា​យើង​មាន​ត្រូវ​រង្វាន់​អីចឹង ហើយ​បើ​ចង់បាន​រង្វាន់​នោះ​ត្រូវ​តែ​វេ​លុយ​មក​ឱ្យ​គេ​ខ្លះទៅ ដើម្បី​គេ​ជួយ​ព​ន្លឿ​ន​និង​យក​ទៅ​ជូន​តែ​ម្តង​ដល់​ផ្ទះ​អីចឹង​ទៅ​។ ៦)- ករណី​ខ្លះ​ទៀត មាន​ផ្ញើ​សារ​ថា​យើង​ត្រូវ​រង្វាន់​បរទេស​ឬ​គេ​ចង់​ចង​យើង​ជា​មិត្ត គេ​ចង់​ផ្ញើ​អី​មក​ឱ្យ តែ​មក​ដល់​ហើយ ត្រូវការ​ថ្លៃបង់​សេវា​។​ល​។ ឱ្យ​យើង​វេ​លុយ​ឱ្យទៅ​គេ​អីចឹង​ទៅ​។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ចំណុច​ទី ៧)- មាន​ករណី​មួយទៀត គេ​ភ្ជាប់​បណ្តាញ SIMBOX តាម​ស៊ី​ម​ទូរស័ព្ទ ឬ​តាម​អាយ​ភី ដើម្បី​ធ្វើ​ជា​បណ្តាញ​ទំនាក់ទំនង​ក្រៅ​ប្រព័ន្ធ​គ្រប់គ្រង​របស់​យើង ទៅ​ប្រើប្រាស់​ចាប់​ជម្រឹត​ទារប្រាក់​ជាដើម​។ ៨)- បញ្ជូន​សារ​មក​យើង​ក្នុង​គោលដៅ​បោក​បញ្ឆោត ថា​នឹង​បញ្ជូន​របស់​មក​ឱ្យ ថា​នឹង​រៀបចំ​យើង​ឱ្យទៅ​នៅ​បរទេស ហើយ​តម្រូវ​ឱ្យ​យើង​បំពេញ​ឯកសារ​អន​ឡាញ ដែល​គេ​អាច​ទាញ​យក​ព័ត៌មាន​ពី​យើង ក្នុង​បំណង់​បោកប្រាស់​។​ល​។

លោក​បន្ត​ថា «​ដើម្បី​ទប់ស្កាត់​អំពើ​និង​សកម្មភាព​ទាំងនេះ គឺ​គ្មាន​អ្វី​ក្រៅពី​៖ ទី​១)- អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ឬ​សេវា​ទូរគមនាគមន៍ ត្រូវ​ផ្តល់​ការ​សហការ​អ្នក ផ្តល់​សេវា​ដោយ​ផ្តល់​អត្តសញ្ញាណ​សំគាល់​របស់​ខ្លួន​នៅ​ពេល​ជួល​ជាវ​សេវា​។ ទី​២)-​មិន​ត្រូវ​ជឿជាក់​ពេក​ទេ​ទៅ​លើ​រឿង​អភូតហេតុ​ធ្លាក់​មក​ពីលើ​មេឃ ដូច​ជា​ត្រូវ​រង្វាន់ និង ផ្តល់​ព័ត៌មាន​របស់​ខ្លួន​ទៅ​ឱ្យ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។ ទី​៣)- ប្រើប្រាស់​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ឬ​កុំព្យូទ័រ ត្រូវ​ស្ទាត់ជំនាញ​និង​មាន​វិធី​ការពារ​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ បើ​ខ្លួន​មិន​ចេះ​គួ​សួរ​គេឯង​ជា​អ្នកជំនាញ​ដើម្បី​ជួយ​យើង​និង​ទី​៤)-​មាន​បញ្ហា​ត្រូវ​ប្តឹង​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​នៅ​ជិត​អ្នក និង សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​ល្អ​»​។

លោក​លើក​ឡើង​ថា ក្នុង​កិច្ចការ​ទប់ស្កាត់​បញ្ហា​នេះ កន្លង​មក ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក៏​ដូច​ជា​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​រួមចំណែក​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជា​ពិសេស​ក្រសួងមហាផ្ទៃ​៖​ទី​១)-​មាន​យន្តការ​ច្បាប់ និង បទ​ប្បញ្ញត្តិ​ជា​ធរមាន​ដូច​ជា​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ចេញ​សារា​ចរណ៍​ណែនាំ​អន្តរក្រសួង​មួយ​មាន​លេខ ០០១ សរ​.​ម​ផ​.​បទ ចុះ​ថ្ងៃ​ទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១២ ស្តី​ពី​ការ​គ្រប់គ្រង ការ​ធ្វើ​អាជីវកម្ម និង​ការ​ប្រើប្រាស់​សេវាកម្ម​ទូរគមនាគមន៍ ដើម្បី​ឱ្យ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរគមនាគមន៍ និង ដេប៉ូ​ចែកចាយ​សេវា​ទូរគមនាគមន៍​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​។

មានច្បាប់​ស្តី​ពី​ទូរគមនាគមន៍ ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៥ ដែល​ជា​បទ​ប្បញ្ញត្តិ​កំពូល​ក្នុង​ការ​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​អនុវត្ត និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ចាត់វិធានការ​ផ្សេង​ៗ​ដែល​ជា​បទល្មើស និង បង្គាប់​ឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ សហការ​ឱ្យ​បាន​ល្អ​លើ​បញ្ហា​នេះ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ទី​២)-​យន្តការ​ចាត់វិធានការ​៖​គ្មាន​អ្វី​ពី​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ ក្នុង​ការ​ចាត់វិធានការ​លើ​បញ្ហា​នេះ និង បញ្ជ្រៀប​ការ​យល់​ដឹង​ពី​សីលធម៌​សង្គម និង ចំណេះដឹង​ខាង​បច្ចេកទេស​ព័ត៌មានវិទ្យា​និង​ទូរគមនាគមន៍ តាម​រយៈ​បណ្តាញសារព័ត៌មាន បណ្តាញ​ផ្សព្វផ្សាយ​ដទៃ​ទៀត និង ស្ថាប័ន​អប់រំ​ពាក់ព័ន្ធ​។

បើ​តាម​លោក អ៊ឹម វុ​ត្ថា វិធានការ​មាន​ប្រ​សិ​ទ្ឋិ​ភាព​សំរាប់​ការ​ទប់ស្កាត់​បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ស្ថាប័ន​ជំនាញ ទី​១)- ប្រជារាស្ត្រ​ខ្លួនឯង​, ទី​២)- អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​មូលដ្ឋាន​, ទី​៣)- អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ​, ទី​៣)- អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, ទី​៤)- ប្រតិបត្តិ​ករ​ទូរគមនាគមន៍​, ទី​៥)- ស្ថាប័ន​តុលាការ ទី​៦)- ត្រូវ​មានច្បាប់ និង​បទ​ប្បញ្ញត្តិ​ឱ្យ​បាន​ច្បាស់លាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ