រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌មិនលូកដៃចូលក្នុងកិច្ចការរបស់ចៅក្រមនោះទេ ប៉ុន្តែចៅក្រមត្រូវមានឆន្ទានុសិទ្ធិមួយឲ្យត្រឹមត្រូវបានច្បាប់ជាធរមាន ។ នេះបើតាមការបញ្ជាក់របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំធ្លាប់បញ្ជាក់ជូនលើកមុនហើយថា ក្រសួងយុត្តិធម៌មិនជ្រៀតជ្រែកចូលដល់សម្រេចក្តីរបស់ចៅក្រមនោះទេ ដែលជាអំណាចឯករាជ្យ អីញ្ចឹងឆន្ទានុសិទ្ធិគាត់ប្រើចុះ ប៉ុន្តែជាសិទ្ធិអំណាចមួយដែលគាត់ត្រូវប្រើប្រាប់ឲ្យបានត្រឹមត្រូវតាមច្បាប់» ។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ បន្ទាប់ពីប្រកាសដាក់ដំណើរការ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ។ លោកបន្តថាយុទ្ធនាការនេះដាក់ចេញក្រុមការងារទាំង៤បូកទាំងសាលាដំបូងរាជធានី ខេត្តត្រូវប្រកានខ្ជាប់ជាមួយនឹងគោលការណ៍ដល់ធំដើម្បីជៀសវាងឲ្យបាននូវ«ត្រីងៀតឆ្លៀតពង» មានន័យថាត្រូវដាក់ចេញជាមួយគោលការណ៍ សុចរិតភាព ស្មោះត្រង់ និងមិនពុករលួយ ។
ជាមួយគ្នានោះដែរលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត មានជំនឿយ៉ាងម៉ុតមាំថា ប្រសិនបើមានការចូលរួមដោយសុឆន្ទៈពីតូអង្គពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលត្រឹមតែ៦ខែឬក៏ឬទៅ៩ខែប៉ុណ្ណោះ ការបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នឹងសម្រេចបាន៥០ទៅ៧០ភាគរយ នៃផែនការដែលបានកំណត់ ។
លោកថា ទោះតួរអង្គពាក់ព័ន្ធ ដោះស្រាយសំណុំរឿងបានប៉ុន្មានភាគរយក៏ដោយ ឲ្យតែធ្វើត្រឹមត្រូវតាមច្បាប់ ដោយមិនមានបញ្ហានោះ គឺចាត់ទុកថា ជាជោគជ័យដ៏ធំមួយ នៅក្នុងយុទ្ធនាការទាំងអស់ផងដែរ។
ទាក់ទងជាមួយសំណុំរឿងកកស្ទះនេះ លោកបញ្ជាក់ថា ក្រសួងដោះស្រាយសំណុំរឿងទាំងអស់ ដោយមិនគិតប្រភេទសំណុំរឿងណាមួយឡើយ ។ លោកបន្ថែមថា «យើងអត់មានការកំណត់ទេ គឺជាប្រភេទសំណុំរឿងព្រហ្មទណ្ឌទាំងអស់ ចឹងនៅក្នុងការដោះស្រាយដើម្បីពន្លឿនការស្វែងរកយុត្តិធម៌ ឲ្យបានឆាប់រហ័សយើងអត់មានថាអានេះរឿងប្រភេទនេះៗទេ អ្វីដែលជាទន្ទឹងរងចាំ របស់ភាគីនៅក្នុងរឿងក្ដីគឺសំណុំរឿងរបស់គាត់និមួយៗ ចឹងក្នុងរបៀបវាវៈរបស់ក្រសួងយុត្តិធម៌ ថ្វីត្បិតតែក្រសួងយុត្តិធម៌ បានលើកពីទិន្នន័យនៃសំណុំរឿងគ្រឿងញញៀនក៏ពិតមែន ប៉ុន្តែក្នុងរបៀបវារៈការងារពិតប្រាកនៃយុទ្ធនាការគឺយើងធ្វើទៅលើគ្រប់បទល្មើលទាំងអស់» ។
ក្នុងសន្នីសីទនោះដែរ លោករដ្ឋមន្ត្រីក៏បានប្រកាស ស្វាគមន៍អង្គការសង្គមស៊ីវិល ឲ្យចូលរួម ជាមួយ ក្រសួងយុត្តិធម៌ នៅក្នុងយុទ្ធនាការ កាត់បន្ថយការកកស្ទះសំណុំរឿង នៅតុលាការសាលាដំបូងរាជធានី-ខេត្ត ។ លោកបន្តថា ក្រសួងយុត្តិធម៌ មានការប្រុងប្រយ័ត្នណាស់ ដើម្បីកុំឲ្យយុទ្ធនាការនេះទៅជាការនិយាយថា ជាការជ្រៀតជ្រែកដល់កិច្ចការតុលាការ ។ នេះក្រសួងយុត្តិធម៌មានច្បាប់កំណត់ត្រឹមត្រូវ ផង! ចុះសង្គមស៊ីវិល តើមានសិទ្ធិអំណាចឯណា ? ក្រសួង លើកទឹកចិត្ត ឲ្យសង្គមស៊ីវិល ធ្វើការងារជាមួយក្រសួង៕
ចែករំលែកព័តមាននេះ