អ្នក​ដាំ​ត្រសក់​សប្បាយ​ចិត្តខ្លាំង​ពេល​តម្លៃ​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន


ខេត្តបាត់ដំបង​៖ «​តម្លៃ​ត្រសក់​ពេល​នេះ​ឡើង​ដល់ ១,៨០០​រៀល ទៅ ១,៩០០​រៀល ក្នុង ១​គីឡូក្រាម ហើយ​ដំណាំ​ត្រសក់​ខ្ញុំ​ដែល​ដាំ​លើ​ផ្ទៃដី​សរុប​ជិត ៤​ហិច​តា ក៏​នឹង​ត្រៀម​ប្រមូល​ផល បណ្ដើរ​ៗ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​នេះ ហើយ​ក៏​មាន​ម៉ូយ​ធំ​ៗ​កុម្ម៉ង់​ទិញ​ទុក​មុន​អស់ហើយ​ដែរ​» ។

នេះ​ជា​ការ​លើក​ឡើង​របស់​ម្ចាស់​ចម្ការ​ម្នាក់​ដែល​និយាយ​ទាំង​ទឹកមុខ​ញញឹម​ពព្រាយ លាយ ឡំ​នឹង​កាយវិកា​ដែល​បង្ហាញ​ថា គាត់​កំពុង​សប្បាយ​ចិត្តខ្លាំង​បំផុត ជាមួយនឹង​ក​ម្លៃ​កសិផល ដែល​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក ។

ចាត់​ទុក​ថា ជា​កសិករ​មួយ​រូប​ដែល​មាន​ម​ហិ​ច្ឆិ​តា​ខ្ពស់​បំផុត ក្នុង​ការ​ដាំ​ដំណាំ​ត្រសក់​នៅ​លើ​ផ្ទៃដី​រហូត​ដល់​ទៅ​ជិត ៤​ហិច​តា បន្ទាប់​ពី​បាន​ជ្រាប អំពី​គោលនយោបាយ​របស់​រាជរ​ដ្ឋា ភិ​បាល ដែល​បាន​អំពាវនាវ​ថ្មី​ៗ​ដល់​អាជ្ញាធរ ឬ មន្ត្រី​ជំនាញ ឲ្យ​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់ ប្រជា​កសិករ​ឲ្យ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​គ្រប់មុខ ( បន្លែ ) ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ ក្នុង​ប្រទេស ខណៈ​បន្លែ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ត្រូវ​បាន​ផ្អាក​មួយ​រយៈ សិន ។

លោក សិន ឈឿ​ត ជា​កសិករ​រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ដែល​លោក និង​កូន​ៗ​ចំនួន ៣​គ្រួសារ​ទៀត​បាន​មូលមតិ​គ្នា​ជួល​ដី​កសិកម្ម​មួយ​កន្លែង​នៅ​ឯ​ជាយក្រុង ដែល មាន​ទំហំ​ជិត ៤​ហិច​តា ស្ថិត​ក្នុងភូមិ​ចំការ​សំរោង ១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដើម្បី ដាំ​ដំណាំ​ត្រសក់ ។

កសិករ​ដែល​មាន​វ័យ ៦៥​ឆ្នាំ រូប​នេះ​បាន​ប្រាប់ «​កោះសន្តិភាព » ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី ១០​ខែឧសភា នេះ​ថា «​បច្ចុប្បន្ន​ផ្លែ​ត្រសក់​មាន​តម្លៃ​ថ្លៃ​គួរសម ពេល​នេះ​ត្រសក់​ខ្ញុំ មាន​ម៉ូយ​ធំ​ៗ​មក​កុម្ម៉ង់​ទិញ​ទុក​មុន​អស់ហើយ បើ​ទោះជា​មិន​ទាន់​ដល់​ថ្ងៃ​បេះ​ក្ដី គឺ​ក្នុង​តម្លៃ ១​គី ឡូ​ក្រាម​ពី ១,៨០០​រៀល ទៅ ១,៩០០​រៀល ។ ប៉ុន្តែ​ខ្ញុំ​នឹង​ចាប់ផ្ដើម​បេះ​លក់​បណ្ដើរ​ៗ នា​ប៉ុន្មាន ថ្ងៃ​ខាង​មុខ​នេះ ព្រោះ​កន្លែង​ខ្លះ​ខ្ញុំ​អាច​បេះ​បាន​ហើយ​» ។

ចម្ការ​ត្រសក់​របស់​លោក សិន ឈឿ​ត មាន​ផ្ទៃដី​ជិត ៤​ហិច​តា បែងចែក​ជា ២​ទីតាំង និង​លាត សន្ធឹង​ល្វឹងល្វើយ​ជាមួយនឹង​ការ​រៀបចំ​យ៉ាង​មាន​របៀប​តាម​លក្ខណៈ​បច្ចេកទេស ដែល​មើល ទៅ​ហាក់ដូចជា​សួនច្បារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ។

គេ​ឃើញ​ទីតាំង​ខ្លះ​ទើបនឹង​ចាប់ផ្ដើម​ដាំ ទីតាំង​ខ្លះ​ដើម​ត្រសក់​ទើប​លូតលាស់​ផុត​ពី​ដី​បន្តិច រីឯ​កន្លែង​ខ្លះ​ទៀត​មាន​ផ្កា​ផ្លែ ដែល​ម្ចាស់ ត្រៀម​ប្រមូល​ផល​ខាង​មុខ​នេះ ។ តាម​លក្ខណៈ​បែប​នេះ​ម្ចាស់​ចម្ការ​នឹង​អាច​ប្រមូល​ផល​ត្រស ក់​នេះ​លក់​ជា​បន្តបន្ទាប់ ។

នៅ​ក្នុង​ដីចម្ការ​ដ៏​ល្វឹងល្វើយ​លោក សិន ឈឿ​ត បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​មិន ដាច់​ថា ដី​កសិកម្ម​ជិត ៤​ហិច​តា​នេះ មាន ២​កន្លែង​នៅ​ក្បែរ​គ្នា ។ ដី​នេះ​លោក​បាន​ជួល​គេ​ក្នុង តម្លៃ ៤០០​ដុល្លារ​ក្នុង ១​ហិច​តា និង​បាន​កុងត្រា​រយៈពេល ១​ឆ្នាំ ដើម្បី​ដាំ​ដំណាំ​ត្រសក់ ។ គាត់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដំណាំ​ត្រសក់​ដែល​ដាំ​លើ​ផ្ទៃដី​ល្វឹងល្វើយ​នេះ មិនមែន​ខ្ញុំ​ធ្វើ​ម្នាក់ ឯង​ទេ គឺ​មាន​គ្នា​ចំនួន ៤​គ្រួសារ តែ​សុទ្ធ​សឹង​ជា​កូនចៅ​ខ្ញុំ​ទាំងអស់​» ។

លោក ឈឿ​ត បាន​ប្រា ប់​បន្ថែម​ថា រាល់​ឆ្នាំ​ខ្ញុំ​មិន​ដែល​ធ្វើ​លើ​ទំហំ​ដី​ដ៏​ធំ​បែប​នេះ​ទេ តែ​ឆ្នាំ​នេះ​ខ្ញុំ​ប្រមូល​កូនចៅ​ធ្វើ​ជុំ​គ្នា ។ ព្រោះ​ឃើញ​ព័ត៌មាន​គេ​ផ្សព្វផ្សាយ​អំពី​ប្រសាសន៍​សម្ដេច ហ៊ុន សែន ប្រកាស​ផ្អាក​ការ​នាំ​ចូល បន្លែ​ពី​ប្រទេស​ជិតខាង ហើយ​ជំរុញ​ឲ្យ​កសិករ​សម្រុក​ដាំ​បន្លែ ដើម្បី​លក់​ក្នុងស្រុក​វិញ ទើប​ខ្ញុំ សម្រេច​ខ្ចីបុល​ប្រាក់​គេ ដើម្បី​ធ្វើ​ទុន​ពង្រីក​ដី​ដាំ​ដំណាំ​នេះ​តែ​ម្ដង​» ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសា ស​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​បាន​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ដាំ​ដុះ​នូវ​បន្លែ​គ្រប់មុខ ដើម្បី​តម្រូវការ លើ​ទីផ្សារ​ក្នុង​ប្រទេស ខណៈ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ត្រូវ​បាន​សម្ដេច​ប្រកាស​ឲ្យ​ផ្អាក​នាំ ចូល​បន្លែបង្ការ ពី​ប្រទេស​ជិតខាង​ជា​បណ្ដោះអាសន្ន ស្រប​ពេល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ដែល​បាន​រីក​រាលដាល​ស្ទើរ​ពាសពេញ​ពិភពលោក រាប់​ទាំង​ប្រទេស​កម្ពុជា​ផង ។

ជុំវិញ​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នេះ​គេ​បាន​សង្កេត​ឃើញ​ថា ប្រជា កសិករ​មួយ​ចំនួន​ដែល​និយម​ដាំ​ដំណាំ​កសិកម្ម ហាក់​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ដាំ​ដុះ រីឯ​តម្លៃ​កសិផល​ខ្លះ (​បន្លែ​) ក៏​ហាក់​មាន​ទីផ្សារ​គ្រាន់បើ​ដែរ ។ មន្ត្រី​កសិកម្ម​ម្នាក់​បាន​និយាយ​ថា ពេល​នេះ​ប្រជា​កសិករ​បាន​ស្ទុះស្ទារ​ដាំ​ដំណាំ​ស្ទើរ គ្រប់កន្លែង ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង គោល​ការ​របស់​រដ្ឋាភិបាល តែ​ពួក​គាត់​ហាក់​ជួប​ផល​វិ បាក​បន្តិច គឺ​ខ្វះខាត​ទឹក​ស្រោចស្រព ដំណាំ ប៉ុន្តែ​យ៉ាងណា​ពួក​គាត់​នៅ​តែ​ព្យាយាម ។

ដោយឡែក​សម្រាប់​លោក សិន ឈឿ​ត វិញ​បាន​ប្រាប់​ថា ឆ្នាំ​នេះ​គ្រួសារ​កូនចៅ​របស់ គាត់​បាន​ចំណាយ​ទុន​ច្រើន​គួរសម​ទៅ​លើ​ដំណាំ​ត្រសក់​នេះ ។ គាត់​និយាយ​ទៀត​ថា ដំបូង ដៃ​នេះ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៣,០០០​ដុល្លារ ទៅ​លើ​ផ្ទៃដី​ក្នុង ១​ហិច​តា ដោយ​គិត ចាប់ពី​ថ្ងៃ​ដាំ​រហូត​ដល់​ថ្ងៃ​ប្រមូល​ផល ។ ប៉ុន្តែ​ជាមួយនឹង​ខ្ទង់ចំណាយ​ដ៏​សម្បើម​នេះ​កសិករ ដែល​មាន​ប្រវត្តិ​ដាំ​បន្លែ​ជាង ៥​ឆ្នាំ រូប​នេះ​ក៏​មិន​ស្ទាក់​ស្ទើរនឹង​ការ​បង្ហាញ​ពី​ផល​ចំណេញ​ដែរ ។

លោក សិន ឈឿ​ត បាន​និយាយ​អំពី​ទិន្នផល​ដែល​ប្រមូល​បាន ដោយ​យោង​ទៅ​លើ បទ​ពិសោធ​កន្លង​មក​យ៉ាង​ដូច្នេះ​ថា «​ដំណាំ​ត្រសក់​លើ​ផ្ទៃដី ១​ហិច​តា អាច​ប្រមូល​ផល​បាន ចន្លោះ​ពី ៣០​តោន​ទៅ ៤០​តោន ហើយ​បើ​ពិនិត្យ​លើ​ដំណាំ​ត្រសក់​ខ្ញុំ ពេល​នេះ គឺ​ល្អ​គួរសម ដែរ ។ ដូច្នេះ​ខ្ញុំ​រំពឹង​ថា អាច​នឹង​ទ​ទូល​បាន​ទិន្នផល​ប្រហាក់ប្រហែល​គ្នា​» ។ ហើយ​បើ​លក់​បាន ក្នុង​តម្លៃ​ដូច​ខាងលើ​នេះ​មែន គឺ ខ្ញុំ​អាច​ទ​ទូល​បាន​ប្រាក់​ចំណេញ​ជាង​ពាក់កណ្ដាល​» ។

កសិករ រូប​នេះ​ហាក់​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ប្រកាស​ផ្អាក​ការ​នាំ​ចូល​បន្លែ​នានា​ពី​ប្រទេស​ជិតខាង​ជា​បណ្ដោះអាសន្ន​នេះ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ផលិតផល​ក្នុងស្រុក​មាន​ទីផ្សារ​ល្អ ។ ព្រោះ​គាត់​មាន​ជំនឿ​ថា បច្ចុប្បន្ន​នេះ​កសិករ​ខ្មែរ​ក៏​មាន​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​គ្រប់មុខ​បាន​ល្អ​ប្រសើរ និង មានគុណ​ភាពល្អ ទៀត​ផង មិន​ចាញ់​បន្លែ​នាំ​ចូល​ពី​បរទេស​ឡើយ ៕

កសិកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ