សណ្ឋាគារធំៗលំដាប់ផ្កាយ៥នៅភ្នំពេញចាប់ផ្ដើមព្យួរការងារបុគ្គលិកបណ្ដើរៗ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផលប៉ះពាល់ទៅលើវិស័យទេសចរណ៍នៅកម្ពុជាដែលបណ្តាលមកពី ជំងឺកូវីដ ១៩ កាន់តែខ្លាំងឡើង ជាពិសេសវិស័យសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនបានសម្រេចផ្អាកការងារ និងស្នើរសុំបិទអាជីវកម្មដោយសារតែមិនមានភ្ញៀវចូលមកសម្រាក និងស្នាក់នៅ ក្នុងនោះផងដែរសណ្ឋាគារធំៗនៅរាជធានីភ្នំពេញក៏បានចាប់ផ្ដើមព្យួរការងារបុគ្គលិកបណ្ដើរៗផងដែរ តែមិនមែនបុគ្គលិកទាំងអស់នោះទេ ។

បើតាមមន្ត្រីនៃក្រសួងការងារមួយរូប បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា សណ្ឋាគារធំៗដូចជា កាំបូឌីយ៉ាណា សាន់វេរ សណ្ឋាគារភ្នំពេញ ហ៊ីម៉ាវ៉ារី ជាដើម សុទ្ធសឹងតែជាសណ្ឋាគារធំៗដែលបានព្យួរការងារបុគ្គលិកបណ្ដើរៗហើយ តែមិនមែនព្យួរទាំងអស់ទេ គឺតែមួយចំនួនប៉ុណ្ណោះ ដូចជាសណ្ឋាគារខ្លះ១០០នាក់ ខ្លះ៨០នាក់ ខ្លះជាង១០០នាក់ជាដើម ។

ការព្យួរការងាររបស់សណ្ឋាគារនេះ ត្រូវបានមើលឃើញថា ពុំមានភ្ញៀវមកសម្រាក និងស្នាក់នៅច្រើនដូចមុន ដូច្នេះដើម្បីកាត់បន្ថយការចំណាយដែលជាបន្ទុករបស់ខ្លួន ម្ចាស់សណ្ឋាគារ ដែលគេដឹងថាសុទ្ធសឹងតែកំពូលអ្នកមាននៅស្រុកខ្មែរ ក៏បានកាត់បន្ថយបុគ្គលិក ដោយព្យួរការងាររបស់បុគ្គលិកមួយរយៈសិន ។

បើតាមលោកតុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានអោយដឹងផងដែរថា ផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ ដូចជាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្តជាដើមនោះ មានប្រមាណជាង៤ម៉ឺននាក់ហើយ គិតមកដល់ពេលនេះ ហើយបើនិយាយពីវិស័យសណ្ឋាគារវិញឃើញថា នៅខេត្តសៀមរាបមានផលប៉ះពាល់ធ្ងន់ជាងគេ ដែលមានទំហំរហូតដល់ជាង៦៤ភាគរយ គិតជាជាចំនួនសណ្ឋាគារមាន១៤៨សណ្ឋាគារ ។

លោកបន្តថា ក្រៅពីសៀមរាប ដែលមានផលប៉ះពាល់ជាង៦៤ភាគរយនោះ ខេត្តរាជធានីផ្សេងទៀតក៏រងផលប៉ះពាល់មួយចំនួនផងដែរ ក្នុងនោះ រាជធានីភ្នំពេញ មាន៧ភាគរយ ខេត្តព្រះសីហនុ មាន២៧,៨២ភាគរយ កំពត១៥ផាគរយ ។
ដោយឡែកខេត្តនៅភូមិភាគឦសាន មិនរងផលប៉ះពាល់ប៉ុន្មាននោះទេ ដោយសារតែតំបន់នោះជាតំបន់ធម្មជាតិ ដូចនេះទេសចរក្នុងស្រុក ក៏នៅតែធ្វើដំណើរទៅទស្សនានៅតំបន់រមណីយដ្ឋាននៃតំបន់ទាំងនោះ ដូច្នេះម្ចាស់សណ្ឋាគារនៅតែអាចទទួលបានចំណូលសម្រាប់ប្រើប្រាស់ក្នុងការចំណាយរបស់ខ្លួនដដែល ៕
ចែករំលែកព័តមាននេះ