ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ កម្ពុជា សង្វៀន​គុន​ខ្មែរ វិល​ត្រឡប់​មក​វិញ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នឹង​វិល​ត្រឡប់​មក​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៦ ឧសភា ខាង​មុខ​នេះ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​បន្ទាប់​ពី​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ម៉ា ស៊ី​ថេ​ត…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នឹង​វិល​ត្រឡប់​មក​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៦ ឧសភា ខាង​មុខ​នេះ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​បន្ទាប់​ពី​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ម៉ា ស៊ី​ថេ​ត អ្នកចាត់ការ​ទូទៅកម្ម​វិធី​ប្រដាល់​របស់​ក្រុមហ៊ុន​CBS​។

លោក​ម៉ា ស៊ីថេ​ត និយាយ​ថា ក្រោយ​ពី​បាន​ពន្យារពេល​ប្រកួត​លក្ខណៈ​ដណ្ដើម​ខ្សែក្រវាត់​អស់​មួយ​រយៈ​មកនេះ បាន​ធ្វើ​ឱ្យ​កម្មវិធី​ប្រកួត​ប្រដាល់​ដ៏​មាន​ប្រជា​ប្រី​យ​មួយ​នេះ​ប្រែ​ទៅ​ជា​ការ​ប្រកួត​លក្ខណៈ​ដណ្ដើម​ប្រាក់​លាន​ជំនួស​វិញ​។

ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន គណៈកម្មការរៀបចំ​ការ​ប្រកួត​បាន​ប្រកាស​រួច​ហើយ​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី​២​នឹង​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍​ទី​១៦ ឧសភា ។ ចំណែក​សមាសភាព​កីឡាករ​ដែល​ត្រូវ​ប្រកួត​រួម​មាន ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រាហូ​កីឡា ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ និង​កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​មោង​ឬ​ស្សី​ខេត្តបន្ទាយមានជ័យ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ប្រាប់​ផៃ​រី ។

ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ ភាគី​ថៃ​បិទ​ព្រំដែន​មិន​អាច​មក​ប្រកួត​បាន ដូច្នេះ​កីឡាករ ឃឹម បូ​រ៉ា ត្រូវ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ។ បាន​ន័យ​ថា​សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ​ពុទ្ធ សំបូរ​និង​កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង អ្នក​ណា​ឈ្នះ​នឹង​ត្រូវ​ឡើង​មក​ជួប​ជាមួយ​ឃឹម បូ​រ៉ា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ពានរង្វាន់ កម្ពុជា សង្វៀន​គុន​ខ្មែរ​តែ​ម្ដង​។

លោក​ម៉ា ស៊ី​ថេ​ត បានឱ្យ​ដឹង​ទៀត​ថា ការប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​គឺជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដ៏​កក្រើក​មួយ​ដែល​មានការ​ពេញ​និយម​ខ្លាំង​ណាស់នា​ពេល​កន្លង​មក ព្រោះថា​កម្មវិធី​មួយ​នេះ​ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ដ៏​ល្បីឈ្មោះ​មក​ពី​គ្រប់​ទិស​ទី​ទាំង​នៅ​កម្ពុជា​និង​នៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​ដោយសារ​តែ​ភ័យ​ខ្លាច​ជំងឺកូ​វី​ដ​-១៩​ធ្វើ​ឱ្យ​ភាគី​ថៃ​មិន​បាន​ចូលរួម​នោះ​ទេ​។

សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ លោក​ម៉ា ស៊ី​ថេ​ត​ថា កំពុង​តែ​ពិភាក្សា​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ថា​តើ​ការ​ប្រកួត​លើក​ក្រោយ​ៗ​ទៀត​ត្រូវធ្វើ​បែប​ណា? ឬ​ចង់ឱ្យ​មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​សិន?​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ