រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលកម្ពុជាបានក្រើនរមឹ្លកដល់ប្រជាពលរដ្ឋខ្មែរនិងបុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ននិងអនុវត្តនូវវិធានការការពារការចម្លងឲ្យបានជាប់ជានិច្ច ដូចជាការរក្សាគម្លាតសុវត្ថិភាព និងមិនគួរមានការជួបជុំ ឬរៀបចំពិធីអ្វីមួយដែលមានមនុស្សច្រើនកុះករពេក ឬការផឹកស៊ីដែលមានគ្នាច្រើន ដើម្បីបន្តរក្សាការពារកុំឲ្យមានរលកទី២ នៃការចម្លងមេរោគមួយនេះនៅកម្ពុជា ។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅក្នុងប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៤ ខែឧសភា ថាបើទោះបីជាប្រទេសកម្ពុជាមិនមានរកឃើញករណីជំងឺកូវីដ-១៩ ថ្មីក្នុងរយៈពេលជាងមួយខែកន្លងមកនេះក្តី ក៏ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរម្លឹកម្តងហើយម្តងទៀតសូមឲ្យពលរដ្ឋគ្រប់គ្នាមិនគួរមានការធ្វេសប្រហែសនោះឡើយ ដូច្នេះទាមទារឲ្យបុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារការចម្លងឲ្យបានជាប់ជានិច្ច ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួន ។
លោកជំទាវបានបញ្ជាក់ថាទម្លាប់និងឥរិយាបទនៃការរស់នៅរបស់ពលរដ្ឋដែលត្រូវតែកែប្រែឲ្យស្របទៅតាម «សភាពធម្មតាតាមបែបគន្លងថ្មី (New Normal Life) ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ជាចាំបាច់ មានដូចជា៖
១- ការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ២- ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ឬប្រើក្រម៉ា កន្សែង ឬក្រដាសជូតមាត់ ៣- ខ្ទប់មាត់ពេលមានការក្អក ឬកណ្តាស់ ៤- បន្តអនុវត្ត៍គម្លាតសុវត្ថិភាព និងគម្លាតសុវត្ថិភាពបុគ្គល ៥- មិនត្រូវមានការជួបជុំ ឬរៀបចំពិធិណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជាការជួបជុំផឹកស៊ីដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម ។ ៦- ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ព្រមទាំងកន្លែងលក់ដូរផ្សេងៗ ត្រូវតែបន្តអនុវត្តន៍វិធានការការពារឲ្យទៅតាមបែបនៃការរស់នៅ «សភាពធម្មតាបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» នៅកម្ពុជា ដូចចំណុចរៀបរាប់ខាងលើ និងអនុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវធានាថា «ទីតាំងធុរកិច្ចរបស់ខ្លួនមិនត្រូវក្លាយជាទីកន្លែងចម្លងវីរុសកូវីដ-១៩ ដល់អតិថិជន ឬអ្នកបម្រើការនៅទីនោះឡើយ ។
សូមរម្លឹកថាគិតត្រឹមថ្ងៃទី ១៤ ខែឧសភានេះកម្ពុជានៅមានអ្នកជំងឺស្ត្រីតែម្នាក់គត់ដែលបន្តការព្យាបាលនៅមន្ទីរពេទ្យ ខណៈចំនួននៃអ្នកជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យអស់ចំនួន ១២១នាក់ ក្នុងចំណោមករណីវិជ្ជមានវីរុសកូវីដ-១៩ មានចំនួនសរុប ១២២ ករណីទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ