ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ«​ថ្នល់​ដាច់​» មាន​ប្រវត្តិ​ដ៏​ជក់​ចិត្ត​មួយ​តាំង​ពី​បុរាណ​ ដែល​មនុស្ស​ជា​ច្រើន​​មិន​ដឹង​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លូវលំ​១​ខ្សែ​ដែល​មានព្រៃ​ដុះ​ណែនណាន់តាន់តាប់ ហើយ​មួយអន្លើ​អាច​ធ្វើ​ដំណើរ​តាម​រយៈ​ការ​ជិះ​កង់ ម៉ូតូ ឬ​បររទេះ​គោ ចំណែក​មួយអន្លើ​ទៀត​មិន​អាច​ធ្វើ​ដំណើរ​បាន​សូម្បី​តែ​ថ្មើរជើង​ក៏​មិន​បាន​ឡើយ ព្រោះ​ក្រៅពី​ព្រៃ​ដុះ​ជិត នៅ​មាន​អូរ និង​ប្រឡាយ​កាត់​ផ្ដាច់​ជា​ច្រើន​កន្លែង…

រាជធានី​ភ្នំពេញ ៖ ផ្លូវលំ​១​ខ្សែ​ដែល​មានព្រៃ​ដុះ​ណែនណាន់តាន់តាប់ ហើយ​មួយអន្លើ​អាច​ធ្វើ​ដំណើរ​តាម​រយៈ​ការ​ជិះ​កង់ ម៉ូតូ ឬ​បររទេះ​គោ ចំណែក​មួយអន្លើ​ទៀត​មិន​អាច​ធ្វើ​ដំណើរ​បាន​សូម្បី​តែ​ថ្មើរជើង​ក៏​មិន​បាន​ឡើយ ព្រោះ​ក្រៅពី​ព្រៃ​ដុះ​ជិត នៅ​មាន​អូរ និង​ប្រឡាយ​កាត់​ផ្ដាច់​ជា​ច្រើន​កន្លែង ។

បើ​តាម​អ្នកស្រុក​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ផ្លូវ​នេះ​គឺជា​ផ្លូវ​បុរាណ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ តាំងពី​សម័យកាល​ឧដុង្គ​ម្ល៉េះ ។ ផ្លូវ​បុរាណ​នោះ​ក៏​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា «​ថ្នល់​ដាច់​» ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​ប្រក់​ក្ដារ ភូមិ​ប្រក់​ក្ដារ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ទៅ​ដល់​អតីត​រាជធានី​លង្វែក ស្ថិត​នៅ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បានជា​អ្នកស្រុក​ហៅ​ថា «​ថ្នល់​ដាច់​»​ព្រោះតែ​ផ្លូវ​មិន​ជាប់​គ្នា និង​ខ័​ណ្ឌ​ទៅ​ដោយ​ស្ទឹង​នៅ​ត្រង់​ភូមិ​ផ្សារ​ត្រាច និង​ភូមិ​ត្រពាំង​សំរោង ស្ថិត​នៅ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ តំបន់​ថ្នល់​ដាច់​មាន​ប្រវត្តិ​ជាប់​កប់​យ៉ាង​ជ្រៅ​ក្នុង​រឿងព្រេង​តា​ដុ​ង យាយ​ជ័យ ដែល​និទាន​អំពី​ព្រះរាជា​គង់នៅ​ក្រុង​លង្វែក​សព្វព្រះទ័យ​ប្រតិព័ទ្ធ​យ៉ាង​ខ្លាំង​ទៅ​លើ​នាង​ត្រចើល​ដោះ​ក្រាល ជា​កូន​តា​ដុ​ង​យាយ​ជ័យ ហើយ​ទ្រង់​បាន​ចូល​ស្ដីដណ្ដឹង​នាង​ដល់​ផ្ទះ​ដើម្បី​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ។

ប៉ុន្តែ​ដោយសារ​តែ​នាង​ប្រកែក​មិន​ព្រម​ទទួលយក​ស្ដេច​ជា​ព្រះ​ស្វាមី ហើយដោយ​ខ្លាច​មានទោស​ព្រោះ​ធ្វើ​ឲ្យ​ស្តេច​ខ្ញាល់ ទើប​តា​ដុ​ង យាយ​ជ័យ បាន​បង្គាប់​ឲ្យ​ព្រះរាជា​លើក​ផ្លូវ​ពី​ព្រះ​ពន្លា​ព្រះ​អង្គ នៅ​ឯ​ក្រុង​លង្វែក​រហូត​ដល់​ផ្ទះ​របស់​គាត់​ឲ្យ​បាន​ស្រេច​តែ​មួយ​រាត្រី ហើយ​ពួក​គាត់​បាន​ទូល​ព្រះ​អង្គ «​ថាបើ​លើក​មិន​ហើយ​ទេ ពួក​គាត់​មិន​លើក​នាង​ថ្វាយ​នោះ​ឡើយ​»​។

ហេតុតែ​មាន​ព្រះ​ទ័យ​ប្រតិព័ទ្ធ​លើ​នាង​ត្រចើល​ដោះ​ក្រាល ខ្លាំង​ពេក ទើប​ព្រះរាជា​ព្រម​ទទួល​តាម​ការ​បង្គាប់​របស់​តា​ដុ​ង​យាយ​ជ័យ នូវ​អ​ម្រែ​ក​ដ៏​ធ្ងន់​នេះ ហើយ​ព្រះ​អង្គ​ឲ្យ​សេនា​រេហ៍ពល លើក​ផ្លូវថ្នល់​ពេញ​១​រាត្រី តែ​មិន​ហើយ​សោះ ។ លុះដល់​ភ្លឺស្វាង​ឡើង ផ្លូវថ្នល់​នោះ​នៅ​ដាច់​មិន​ជួប​គ្នា ទើប​បានជា​មាន​ពាក្យ​ហៅ​ថា «​ថ្នល់​ដាច់​» ជាប់​ហូត​ដល់​សព្វថ្ងៃ ។

តំបន់​ថ្នល់​ដាច់​នោះ គឺជា​តំបន់​ទឹក​លិច ស្ថិត​នៅ​ក្នុង​ព្រៃ ហើយ​នៅ​អម​សងខាង​ផ្លូវ គឺ​វាលស្រែ​ប្រាំង​រាប់​សិប​ហិ​កតា ដែល​ប្រជា​កសិករ​ភ្ជួរ​រាស់​សាបព្រោះ​បង្កបង្កើន​ផល​ស្រូវប្រាំង ហើយ​ដែល​ស្រែ​ខ្លះ​ទើបតែ​មាន​ស្រូវ​ដុះ ខ្លី​ៗ និង​ស្រែ​ខ្លះ​ទៀត ទើប​ព្រោះ​បាន​២​ទៅ​៣​ថ្ងៃ​នៅ​មិន​ទាន់​ដុះ​នៅឡើយ​ទេ ។

ប្រសិនបើ​ចង់​ចូល​ទៅ​តំបន់​នោះ គេ​អាច​ធ្វើ​ដំណើរ​ចេញពី​ផ្លូវជាតិ​លេខ​៥​ចំណុច​ផ្សារ​ឧដុង្គ រួច​ចូល​តាម​ខ្លោងទ្វារវត្ត​ប្រក់​ក្ដារ ភូមិ​ប្រក់​ក្ដារ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល នឹង​ឃើញ​ស្ពានដែក​១​ឆ្លង​ប្រឡាយ​គឺ​«​ស្ពាន​ឪ​ដុ​ង្គ ម៉ែ​ជ័យ​» ដែល​ជា​អំណោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។ ចេញ​ផុត​ពី​ស្ពាន​នោះ​ឆ្ងាយ​បន្តិច ទើប​ទៅ​ដល់​ចំណុច​ថ្នល់​ដាច់ ហើយ​បើ​គិត​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ដល់​ចំណុច​នោះ​មាន​ចម្ងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ ។

អ្នកស្រុក​នៅ​តំបន់​នោះ​ឲ្យ​ដឹង​ថា ពួក​គាត់​ធ្វើ​បាន​តែ​ស្រូវប្រាំង​ទេ ក្នុង​១​ឆ្នាំ​ធ្វើ​បាន​៣​ដង ហើយ​មិន​អាច​ធ្វើ​ស្រូវ​វស្សា​បាន​ឡើយ ព្រោះ​ជា​តំបន់​លិច​ទឹក ប៉ុន្តែ​ក្នុង​រយៈពេល​៣​ដងនោះ គឺ​ដំណាក់​កាល​ទី​១ និង​ទី​២​បាន​ផល​ពេញ ចំណែក​ដំណាក់កាល​ទី​៣​ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ​មិន​ទៀង​ឡើយ​ព្រោះ​បើ​គ្មាន​ទឹកជំនន់​ទេ​ទើបបាន​ផល តែបើ​មាន​ទឹកជំនន់​មក​ដល់​វិញ ត្រូវ​លិចលង់​ខូច​អស់​មិន​បាន​ផល​ឡើយ ។

បើ​តាម​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ភាគ​ទី​៥ បាន​តំណាល​ពី​ប្រវត្តិ​ថ្នល់​ដាច់​ថា បន្ទាប់​ពី​នាង​ត្រចើល​ដោះ​ក្រាល រត់​ពួន​ក្នុង​ដំបូក​មួយ ហើយ​បាត់​រក​មិនឃើញ ធ្វើ​ឲ្យ​ព្រះរាជា​ទ្រង់​ឆ្ងល់​នឹង​ដំណើរ​ដែល​នាង​រត់​មក​ពួន​បាត់​នៅ​ដំបូក​នោះ​ណាស់ ទ្រង់​ក៏​ពិគ្រោះ​ជាមួយ​សេនា​៤​នាក់ ហើយ​សេនា​បាន​ទូល​ថ្វាយ​ព្រះរាជា​ថា «​ស្ត្រី​ដែល​មាន​រូបល្អ​អម្បាញ់មិញ​នេះ បាន​ជា​មក​រត់​ពួន​បាត់​នៅ​ដំបូក​ដែល​ជា​កន្លែង​មិន​គួរ​នឹង​លាក់ខ្លួន​យ៉ាង​ដូច្នេះ ដោយ​ព្រះ​អង្គ​ដេញចាប់​បង្ខំចិត្ត​នាង ប្រហែល​មាន​ទេវតា​ជួយ​យកអាសា​នាង​មិន​ខាន​» ហើយ​សេនា​បាន​ទូល​ថែម​ទៀត​ថា «​បើ​ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​នឹង​រូប​នាង សូម​ព្រះ​អង្គ​យាង​ចូល​ស្ដីដណ្ដឹង​នាង​តាម​ប្រពៃណី​​វិញ​» ។

ព្រះរាជា​ទ្រង់មាន​ព្រះរាជ​បន្ទូល​ថា «​ចុះ​ធ្វើ​ម្ដេច​នឹង​បាន​ស្គាល់​ទីកន្លែង​ឪពុក​ម្ដាយ​នាង?​» សេនា​ទាំង​៤​នាក់​បាន​ក្រាប​បង្គំ​ទូល​ថា «​បើ​នាង​ពិតជា​មនុស្សលោក​មែន​ទូលព្រះបង្គំ​សួរ​រក​ទីកន្លែង​ឪពុក​ម្ដាយ​នាង​ថ្វាយ​ព្រះ​អង្គ និង​បាន​សម្រេច​តាម​ព្រះរាជ​បំណង​ជា​មិន​ខាន​»​។ ព្រះរាជា​ទ្រង់​ព្រះ​សណ្ដាប់​ពាក្យ​សេនា​ទាំង​៤​សព្វគ្រប់​ហើយ ទ្រង់​យាង​ចូល​ព្រះ​ពន្លា​វិញ ។

ចាប់ពី​ពេល​នោះ​មក​សេនា​ទាំង​៤​នាក់ ក៏​ត្រាច់ចរ​ស៊ើបសួរ​រក​ទីកន្លែង​ផ្ទះ​ឪពុក​ម្ដាយ​នាង​ត្រចើល​ដោះ​ក្រាល តែ​រក​អស់​រយៈពេល​ជា​យូរថ្ងៃ​ពុំ​ឃើញ​សោះ ក៏​នាំ​គ្នា​ទៅ​បង្គំ​ទូល​ព្រះរាជា​តាម​ការ​ស្រាវជ្រាវ​រក​មិនឃើញ​នោះ ។ ព្រះរាជា​ក៏​ប្រជុំ​អស់​ពួក​សេនា ទ្រង់មាន​ព្រះរាជ​បញ្ជា​ថា «​ឲ្យ​រៀប​ធ្វើ​ពិធីបុណ្យ​ប្រណាំង​ទូកង ឲ្យ​អ្នកស្រុក​ផ្អើល​ឈូឆរ​មក​មើល​ក្រែង​បាន​ជួប​ប្រទះ​នឹង​នាង ហើយ​ពួក​យើង​តាម​មើល​នាង​ឲ្យ​ស្គាល់​ទីលំនៅ​របស់​នាង​» ។

សេនា​ទទួល​ព្រះរាជ​បញ្ជា​ហើយ ក៏​ចាត់ចែង​ផ្សាយដំណឹង​ដល់​អ្នកស្រុក​ជនបទ​ជិត​ឆ្ងាយ ឲ្យ​មក​មើល​ប្រណាំងទូក អ្នកស្រុក​ក៏​ផ្អើល​ឈូឆរ​មីរដេរដាស​ដើរ​ពពាក់ពពូន​គ្នា​ទៅ​មើល ដោយ​សេចក្ដី​រីករាយ​។

ចំណែក​នាង​ត្រ​ចាល​ដោះ​ក្រាល កាល​ស្ដេច​ដេញចាប់​នាង នាង​ពុំ​បាន​ស្គាល់​ជា​ស្ដេច​ទេ​, លុះ​ស្ដេច​យាង​ផុត​ទៅ នាង​ឃើញ​ស្ងាត់​នាង​ក៏​រត់​ចេញ​ដំបូក​ត្រឡប់​មក​ផ្ទះ​ឪពុក​ម្ដាយ​នាង​វិញ នាង​បាន​រៀបរាប់​ប្រាប់​ម្ដាយ​ឪពុក​នូវ​ហេតុ​ដែល​កើត​មាន​ដល់​រូប​នាង​តាម​ត្រង់ ហើយ​ថ្លែងប្រាប់​ពី​សេចក្ដី​ស្នេហា​របស់​នាង​ដ៏​លើសលុប​ទៅ​លើ «​ចៅ​ប្រមាញ់​វិងស៊ុង​»​។

ម្ដាយ​ឪពុក​បានដឹង​ចិត្ត​កូន​សព្វគ្រប់​ហើយ ក៏​មានចិត្ត​អាណិតកូន ដោយ​ឃើញ​ទឹកមុខ​កូន​ស្រពាប់​​ស្រពោន​ខ្លាំង​ពេក ។ ពេល​ដែល​អ្នកស្រុក​ផ្អើល​ឈូឆរ​ទៅ​មើល​ពិធី​ប្រណាំងទូក តា​ដុ​ង យាយ​ជ័យ ក៏​នាំ​នាង​ត្រចើល​ដោះ​ក្រាល ទៅ​មើល​នឹង​គេ​ដែរ លុះ​ដើរទៅ​ដល់​កន្លែង​ប្រណាំងទូក អ្នកស្រុក​ភូមិ​ក៏​ចេះ​តែ​បបួល​គ្នា​គយ​គន់មើល​សម្រស់​របស់​នាង​ត្រចើល​ដោះ​ក្រាល ហើយ​គេ​សរសើរ​គ្រប់​គ្នា​។

សេចក្ដី​សរសើរ​លំអ​នាង​ពី​មាត់​មួយ​ទៅ​មាត់​មួយ ក៏​លេចឮ​ដល់​សេនា​របស់​ព្រះរាជា​ដែល​កំពុង​ដើរ​ត្រាច់រង្គាត់​រក​មើល​នាង​។ សេនា​ទាំង​៤​បាន​ដើរមក​ឃើញ​ស្គាល់​ច្បាស់​ហើយ​ក៏​ប្រជុំ​គ្នា​ចាំ​មើល​ដំណើរ​របស់​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះ​ពិធី​ប្រណាំងទូក​ចប់​ហើយ អ្នកស្រុក​ក៏​ត្រឡប់​ទៅ​ទីលំនៅ​រៀងខ្លួន ។ សេនា​៤​នាក់​ក៏​លួច​ធ្វើ​ដំណើរ​តាម​ក្រោយ តា​ដុ​ង យាយ​ជ័យ លុះ​បាន​ស្គាល់​ទីលំនៅ​នាង និង​ឪពុក​ម្ដាយ​នាង​ហើយ ក៏​ត្រឡប់​ចូល​ទៅ​ថ្វាយបង្គំ​ព្រះរាជា​ទូល​តាម​សេចក្ដី​ពិត ។ ព្រះរាជា​ក៏​ស្ដេច​យាង​មក​ផ្ទះ​តា​ដុ​ង យាយ​ជ័យ ជាមួយនឹង​សេនា​៤​នាក់ ។

តា​ដុ​ង យាយ​ជ័យ បានឃើញ​ព្រះរាជា​ស្ដេច​យាង​មក​ដល់​ផ្ទះ នាង​ក៏​រៀប​ទីកន្លែង​ទទួល​ព្រះ​អង្គ ព្រះរាជា​ទ្រង់មាន​ព្រះ​បន្ទូល​ផ្ទាល់​ព្រះ​អង្គ​ទៅ​កាន់​តា​ដុ​ង យាយ​ជ័យ សូម​ដណ្ដឹង​យក​នាង​ត្រចើល​ដោះ​ក្រាល មក​ធ្វើ​ជា​អគ្គមហេសី ហើយ​ព្រះ​អង្គ​បញ្ជាក់​ថា «​សូម​ឲ្យ​តា និង​យាយ​បង្គាប់ យ៉ាងណា​ៗ ក៏​បង្គាប់​ចុះ ព្រះ​អង្គ​ហ៊ាន​ទទួល​ទាំងអស់ » ។

ពេល​នោះ​តា​ដុ​ង យាយ​ជ័យ បាន​ស្គាល់​ទឹកចិត្ត​កូន​ច្បាស់ តែ​មិន​ទាន់​ហ៊ាន​សម្រេច​ថា​លើក​ថ្វាយ ឬ​មិន​ថ្វាយ​ព្រះរាជា​ទេ ចាំ​សួរ​ចិត្ត​កូន​សិន ។ លុះ​ទៅ​សួរ​នាង​ត្រចើល​ដោះ​ក្រាល នាង​ប្រកែក​ចំពោះ​ឪពុក​ម្ដាយ​នាង​ថា «​នាង​មិន​ទទួលយក​ស្ដេច​ទេ នាង​ស៊ូស្លាប់​ជាមួយនឹង​ចៅ​ប្រមាញ់​វិងស៊ុង ជា​គូស្នេហ៍​បណ្ដូលចិត្ត​នាង​ហើយ​» ។

តា​ដុ​ង យាយ​ជ័យ ឮ​កូន​ប្រកែក​តឹងរ៉ឹង​ដូច្នោះ ក៏​ពិគ្រោះគ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា «​បើ​យើង​មិន​ថ្វាយ​នាង​ទៅ​ស្ដេច យើង​មុខជា​មានទុក្ខ​ទៅ​ថ្ងៃក្រោយ​ជា​មិន​ខាន តែបើ​យើង​លើក​នាង​ថ្វាយ​ស្ដេច យើង​អាណិត​ចិត្ត​កូន​យើង​ដែល​គ្នា​បាន​ស្រឡាញ់​ទៅ​លើ​រូប​ចៅ​ប្រមាញ់​វិងស៊ុង ដែល​ជាទី​ពេញចិត្ត​យើង​ដែរ​ទៅ​ហើយ បើ​ដូច្នេះ​យើង​បង្គាប់​ព្រះរាជា​ឲ្យ​ធ្ងន់​កុំ​ឲ្យ​ព្រះ​អង្គ​ទទួល​រួច ទោះជា​ព្រះ​អង្គ​ហ៊ាន​ទទួល​ក៏​ព្រះ​អង្គ​ចាត់ការ​ធ្វើ​មិន​ទាន់​ដែរ ។

លុះ​ពិគ្រោះគ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​រួច​ហើយ តា​និង​យាយ​ក៏​ក្រាប​បង្គំ​ទូល​ព្រះរាជា​ថា «​មិន​ហ៊ាន​បង្គាប់​ព្រះ​អង្គ​ទេ ក្រែង​ព្រះ​អង្គ​មិន​ហ៊ាន​ទទួល​» ។ ព្រះរាជា​មាន​ព្រះ​បន្ទូល​ថា «​ព្រះ​អង្គ​ហ៊ាន​ទទួល​ទាំងអស់​ឲ្យ​តែ​លើក​នាង​ថ្វាយ​ព្រះ​អង្គ​ចុះ​» ។ តា​និង​យាយ​ក៏​បង្គាប់​ព្រះរាជា​ថា «​សូម​ព្រះ​អង្គ​លើក​ផ្លូវ​ពី​ព្រះ​ពន្លា​ព្រះ​អង្គ​មក​ដល់​ផ្ទះ​ទូលព្រះបង្គំ​ឲ្យ​បាន​ស្រេច​តែ​មួយ​រាត្រី បើ​មិន​ហើយ ទូលព្រះបង្គំ​មិន​លើក​នាង​ថ្វាយ​ទេ​»​។

ព្រះរាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ឃើញ​ថា​ការ​នេះ​មាន​បន្ទុក​ធ្ងន់​ណាស់ តែ​ដោយ​ព្រះរាជា​ទ្រង់​ទសពិធរាជធម៌​ផង ទ្រង់​សព្វព្រះរាជហឫទ័យ​លើ​រូប​នាង​ត្រចើល​ដោះ​ក្រាល ខ្លាំង​លើសលុប​ផង ព្រះ​អង្គ​ក៏​ទទួល​ធ្វើ​ផ្លូវ​តាម​បង្គាប់​របស់​តា​ដុ​ង យាយ​ជ័យ ។

លុះ​ព្រះ​អង្គ​យាង​ថយ​ទៅ​វិញ ទ្រង់​ប្រាប់​រេហ៍ពល​ឲ្យ​មក​ប្រជុំ​គ្នា ហើយ​ព្រះ​អង្គ​ត្រាស់​បង្គាប់​ថា «​ចូរ​សេនា​រេហ៍ពល​ទាំងអស់ លើក​ផ្លូវថ្នល់​មួយ​ចាប់​ព្រះ​ពន្លា (​ឯ​ក្រុង​លង្វែក​) រហូត​ទៅ​ដល់​ផ្ទះ​ឪ​ដុ​ង ម៉ែ​ជ័យ (​នៅ​ក្រុង​ឧដុង្គ​) ធ្វើ​១​យប់​ឲ្យ​ហើយ​ស្រេច​» ។ ពាក្យ​ដែល​ហៅ​ថា «​ស្រុក​ឧត្ដុង្គ​សព្វថ្ងៃ​» គឺ​ហៅ​តាម​បន្ទូល​ស្ដេច​មុន​ដំបូង​ដែល​ហៅ​ថា «​ឪ​ដុ​ង ម៉ែ​ជ័យ​» តែ​ក្រោយមក​គេ​ហៅ​ក្លាយជា «​ឧដុង្គ​មាន​ជ័យ​»​។

គ្រានោះ​សេនា​រេហ៍ពល ក៏​នាំ​គ្នា​លើក​ផ្លូវថ្នល់​ក្នុង​១​រាត្រី​នោះ​តែ​មិន​ហើយ​សោះ លុះដល់​ភ្លឺស្វាង​ឡើង ផ្លូវថ្នល់​នោះ​នៅ​ដាច់​មិន​ជួប​គ្នា បានជា​មាន​ពាក្យ​ហៅ​ថា «​ថ្នល់​ដាច់​» ស្ថិត​នៅ​ភូមិ​ផ្សារ​ត្រាច និង​ភូមិ​ត្រពាំង​សំរោង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ​នេះឯង ។

មិនតែប៉ុណ្ណោះ​នៅ​តាម​ផ្លូវ​នោះ ក៏​មាន​ទីកន្លែង​អ្នកតា​ចំនួន​២​គឺ «​អ្នកតា​គត់​» ស្ថិត​នៅ​ក្នុងភូមិ​ប្រក់​ក្ដារ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល និង​«​អ្នកតា​កំបុត​» ស្ថិត​នៅ​ភូមិ​ផ្សារ​ត្រាច និង​ត្រពាំង​សំរោង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​អ្នកស្រុក​មាន​ជំនឿ​ថា មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ ហើយ​ពួក​គាត់​គោរព​មិន​ហ៊ាន​ប្រមាថ​ឡើយ ។

អ្នក​ដែល​ទៅ​ធ្វើស្រែ​ប្រាំង​នៅ​តំបន់​នោះ តែងតែ​បន់ស្រន់​សុំ​សេចក្ដីសុខ ជា​ពិសេស​មាន​ចំណី​អាហារ​ហូប​ចុក​មុន​នឹង​បរិភោគ​បាន​គិត និង​ដាក់​ថ្វាយ ឬ​ច្រូច​ទឹក និង​ភេសជ្ជៈ ផ្សេង​ៗ​ជូន​ដល់​អ្នកតា​ទាំង​២​ជា​មុន​សិន ទើប​បរិភោគ​ជា​ក្រោយ ។ នេះ​បើ​តាម​ការ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ពី​បុរស​២​នាក់ ដែល​ជា​កសិករ​រស់នៅ​ក្នុងភូមិ​ប្រក់​ក្ដារ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ដែល​កំពុង​ដេញចាប​កុំ​ឲ្យ​សុ​ី​ស្រូវ​ដែល​ទើប​សាបព្រោះ​រួច ថ្មី​ៗ​មិន​ទាន់​ដុះ​នៅ​ចំណុច​វាលស្រែ​ប្រាំង​នោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ