រាជធានីភ្នំពេញ ៖ រយៈពេលច្រើនខែមកហើយ ដែលអារម្មណ៍ពិតរបស់ ទូច ស្រីលក្ខណ៍ ចាក់ដោតទៅដោយភាពតប់ប្រមល់ ព្រោះក្នុងសេចក្តីពិតនៃចិត្តរបស់អ្នកនាង និងជីវិតប្តីប្រពន្ធបានបំបែកគ្នាយូរទៅហើយ។ ចំណែករឿងរ៉ាវមួយនេះ មិនមានអ្នកណាហ៊ានជជីកសួរនាំនាងឡើយ បើទោះខំញញឹម តែខាងក្នុងអាចថាមិនល្អ។

ទូច ស្រីលក្ខណ៍ រមែងបង្ហាញនូវភាពស្រស់ស្រាយជាមួយកូនប្រុស កម្របង្ហោះសន្លឹករូបថតណាដែលមានការពាក់ព័ន្ធជាមួយស្វាមីជនជាតិបរទេសដូចមុន។ ជុំវិញបញ្ហាស្នេហា មានការរង្គោះរង្គើ បានកកើតឡើងយូរទៅហើយ ដោយមានម្តងម្កាលមានការលេចឮព័ត៌មានដែរ ប៉ុន្តែអ្នកនាងនៅតែខិតខំការពារភាពរឹងមាំនៃគូជីវិតប្តីប្រពន្ធ។ រួចក្រោយមកក៏ កម្រនូវភាពផ្អែមល្ហែមដាក់គ្នា រវាងស្វាមី គឺឃើញតែនាងនៅជាប់ជានិច្ចជាមួយកូនប្រុស បណ្តូលចិត្តទៅវិញ។

យ៉ាងណា ទើបតែមានការចាប់អារម្មណ៍ ដែលអ្នកនាងបានសរសេរពាក្យពេចន៍ច្បាស់ៗ លើបណ្តាញសង្គមនាងថា «មេម៉ាយទឹកភ្នែកតែមួយភ្លែតទេ ឈឺចាប់តែមួយភ្លែត តែបើរស់នៅគ្មានក្តីសុខ គ្មានសុភមង្គល ទទួលរងការឈឺចាប់ ទឹកភ្នែករហូតដល់ថ្ងៃស្លាប់ សួរថាជីវិតរស់នៅដើម្បីអ្នកណា ដើម្បីខ្លួនឯង ឬក៏ដើម្បីតែខ្លាចគេនិយាយថា មេម៉ាយ។

អ្នកនាងបានសរសេរបន្តថា ក្រោកឈរទៅ មេម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ អ្វីដែលខ្លាចបំផុតគឺរស់នៅកុហកខ្លួនឯងថា ខ្លួនឯងមានក្តីសុខ និងសុភមង្គល រស់នៅឱ្យថ្លៃថ្នូរឱ្អោយស្អាត មានមុខរបររកស៊ី មានការងារធ្វើ គ្មានអ្នកណាគេហ៊ានមកមើលងាយយើងទេ ទោះបើគេមើលងាយ មុននឹងក្រោយគេ គង់តែខ្មាសយើងដោយឯកឯងវាជាការពិត»៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ