ស្បែកខ្មៅត្រង់កអាចជាបញ្ហាគួរឱ្យអាម៉ាសមួយ ប៉ុន្តែមិនពិបាកដោះស្រាយឡើយ។ឈប់បារម្ភទៅ! ថ្ងៃនេះវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗកម្ចាត់ស្បែកខ្មៅត្រង់ក ៖

១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ៤ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើដុំសំឡីជ្រលក់លាបលើស្បែកត្រង់ក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកក្រោយអនុវត្តរូបមន្តនេះ។
២. ម្សៅ Baking Soda
លាយម្សៅ baking soda ជាមួយទឹកធម្មតារហូតក្លាយជាល្បាយខាប់ក្រាស់។ លាបល្បាយលើក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទី ឬរងចាំរហូតដល់ស្ងួតទាំងស្រុង សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។

៣. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកត្រសក់ស្រស់លើកសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ឬអ្នកអាចលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកស្រស់ក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់លាបលើក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕ ប្រភព Health.com.kh
ចែករំលែកព័តមាននេះ