ប្រាសាទក្រហម​​លើ​ខ្នងភ្នំ​គូលែន​ ទើប​បញ្ចប់​​​ការ​ជួសជុល​​


ខេត្ត​សៀម​រា​ប ៖ ​ប្រាសាទក្រហម​កសាង​ក្នុង​ស​.​វ​.​ទី​៩ ក្នុង​​ព្រះបាទ​ជ័យ​វរ្ម័នទី​២​ នៅ​លើ​ភ្នំ​គូលែនបាន​បញ្ចប់​​​ការ​ជួសជុល​ឱ្យ​ផុត​ពី​ហានិភ័យ​ជា​លើក​ដំបូង ដោយ​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​នៃ​នាយក​ដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​បណ្ឌិត ឈាន រ​ដ្ឋា និង​ដឹកនាំ​អនុវត្ត​ផ្ទាល់​ដោយ​លោក ពុទ្ធ សុទ្ធ កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក ឮ ចាន់​ណូ​រ៉ា មន្ត្រី​បច្ចេកទេស​ជួសជុល​ប្រាសាទក្រហម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បានឱ្យ​ដឹង​ថា ប្រាសាទក្រហម​ជា​ប្រាសាទឥដ្ឋ​លាយ​ថ្មភក់ កសាង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ នា​ស​.​វ​.​ទី​៩ ឧទ្ទិស​ដល់​ព្រះ​ឥសូរ ស្ថិត​នៅ​លើ​ភ្នំ​គូលែន កម្ពស់ ៣៧០​ម៉ែត្រ​ពី​នីវ៉ូទឹក សមុទ្រ និង​១៤ គីឡូ ម៉ែត្រ​ពី​ព្រះ​អង្គ​ធំ​។ ប្រាសាទ​នេះ​មាន​ចំនួន​ពីរ​គឺប្រាសាទក្រហម​១ និង​ប្រាសាទក្រហម​២​។

លោក ណូ​រ៉ា បន្ត​ថា មុន​ការ​ជួសជុល​ប្រាសាទក្រហម​១​បាន​ប្រឈម​នឹង​ការ បំផ្លាញ​ពី​ដើមឈើ​និង​ឫស​ឈើ​ចាក់​ចូល​ទៅ​ក្នុង​តួ​ប្រាសាទ ជញ្ជាំង និង​ដំបូល​ធ្វើ​ឱ្យ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​។ ម្យ៉ាង​ទៀត​ឥដ្ឋ​មួយ​ចំនួន​ពុក​ផុយ​ដោយសារ​អាយុកាល និង​អាកាស ធាតុ បង្ក​ឱ្យ​រុក្ខជាតិ​ចាក់​ចូល​ទៅ​បំផ្លាញ​រចនា​សម្ពន្ធ​ប្រាសាទ ហើយ​កាលពី​សម័យ​មុន​មានការ​លួច​ជីក​កកាយ​រក​វត្ថុ​បុរាណ​នៅ​ផ្នែក​កណ្តាល ធ្វើ​ឱ្យ​ខូច​គ្រឹះ​ឥដ្ឋ​សម្រាប់​ទ្រ​លិង្គ និង​យោនី ភាព​រាយ​ប៉ាយ នៃ​វត្ថុ​សិល្បៈ ការ​បំផ្លាញ​ពី​សត្វ​កណ្តៀរ​និង​ម្រោម ដែល​ធ្វើ​សំបុក​ក្នុង​ជញ្ជាំង​ឥដ្ឋ​និង​ខឿន​ប្រាសាទ​ ។

កត្តា​ទាំងនេះ​ទើប​តម្រូវ​ឱ្យ​ជួសជុល​ជា​បន្ទាន់ ដើម្បី សង្គ្រោះ​ប្រាសាទ​ឱ្យ​បាន​ទាន់​ពេលវេលា សម្រាប់​វិស័យ​ទេសចរណ៍​និង​លើក​តម្លៃ​កេរតំណែល​ដូនតា​។ចំពោះ​ការ​ជួសជុល​លើក​ដំបូង​នេះ ក្រុមការងារ​បាន​កំណាយ​បក​ដី​ដែល​ចាក់​បង្គ ស្វែងរក​វត្ថុ​សិល្បៈ និង​រៀប​ទុកដាក់​ឥដ្ឋ​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​ធ្វើ​ជំរាល​ដោះ​ទឹក ​។ សម្អាត​រុក្ខជាតិ ដើមឈើ ដែល​ដុះ​នៅ​លើ​ជញ្ជាំង និង​ដំបូល​ប្រាសាទ​។ រៀប​ភ្ជឹ​ត​ជញ្ជាំង​ប្រេះ​និង​ជួសជុល​ពង្រឹង​ជញ្ជាំង​ដែល​ពុក​ផុយ​។ ជួសជុល​ពង្រឹង​ដំបូល​ដែល​បម្រុង​ជ្រុះ​ធ្លាក់ ជួសជុល​និង​ដំឡើង​ក្លោ​ង​ទ្វារ​ខាងកើត​ឡើង​វិញ​។

កិច្ចការ​ជួសជុល​ប្រាសាទក្រហម​១​នៅ​ដំណាក់កាល​ដំបូង​នេះ មិន​ទាន់​គ្រប់គ្រាន់​ទេ​លោក បណ្ឌិត ឈាន រ​ដ្ឋា បាន​លើក ឡើង​ថា ទៅ​អនាគត​នាយកដ្ឋាន​នឹង​ស្នើ​គម្រោង​ជួសជុល​ដំណាក់កាល​ទី​២ គឺ​ជួសជុល​ផ្នែក​ដំបូល ពង្រឹង​រចនា​សម្ពន្ធ​គ្រឹះ​ឥដ្ឋ​សម្រាប់​ទ្រ​លិង្គ​និង​យោនី ជួស ជុល​វត្ថុ​សិល្បៈ​បន្ថែម​ដែល​បាន​រក​ឃើញ​នៅ​ជុំវិញ​ប្រាសាទ​ដើម្បី​ឱ្យ​ប្រាសាទ​នៅ​រឹង​មាំ គង់វង្ស​យូរអង្វែង និង​កំណាយ​ស្រាវជ្រាវ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​ពី​ប្រាសាទ​នេះ​៕​​

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ