ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋ​ភាព​សត្វពស់​ចាប់​តុក​កែ​ស៊ីថ្លើម ទី​បំផុត​​​ត្រូវ​​បរា​ជ័យ​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រូបភាព​នេះ​ប្រហែលជា​គ្រប់​គ្នា​ធ្លាប់​ឃើញ ដោយ​ចៃដន្យ​ពេល​ណាមួយ​ឬ​ក៏​ធ្លាប់​ឃើញ​តាម​រយៈ​ទូរទស្សន៍​ឯកសារ​នានា គឺ​ពស់​តុកកែ​ចាប់​តុកកែ​ស៊ី​ថ្លើម ។ តាម​វេច​នា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ថា…

ខេត្តកំពត ៖ រូបភាព​នេះ​ប្រហែលជា​គ្រប់​គ្នា​ធ្លាប់​ឃើញ ដោយ​ចៃដន្យ​ពេល​ណាមួយ​ឬ​ក៏​ធ្លាប់​ឃើញ​តាម​រយៈ​ទូរទស្សន៍​ឯកសារ​នានា គឺ​ពស់​តុកកែ​ចាប់​តុកកែ​ស៊ី​ថ្លើម ។ តាម​វេច​នា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ថា តឹកកែ ឬ​តុកកែ ជា​ពពួកសត្វ​អំបូរ​ពួក​ជីងចក់ តែ​ធំ​ជាង​ជីងចក់ មាន​សម្បុរ​ផ្ជុ​ច​ៗ មាន​ជើងស្អិត គឺ​ចាប់​ត្រង់​ណា​ជាប់​ត្រង់នោះ យំ​ឮ «​តុ​ក កែ​ៗ» ។

ចំណែក​ពស់​មួយ​ប្រភេទ​មាន​មាឌតូច​រៀវ សម្បុរ​បៃតង ដែល​ជួនកាល​គេ​ឃើញ​លូន​ឡើង​នៅ​ក្រោម​ដំបូលផ្ទះ កាលបើ​តុកកែ​ឃើញ​តែងតែ​ហាមាត់​ធំ​ដើម្បី​បើកឱកាស​ឱ្យ​ពស់​នេះ​ចូល​ស៊ី​ថ្លើម ។ សម្រាប់​អ្នក​ឃើញ​ពិតជា​ទប់​អារម្មណ៍​អាណិត​តុកកែ​មិន​បាន​ឡើយ ហើយ​តុកកែ​នៅ​តែ​រស់ ប៉ុន្តែ​ចាប់ពី​ពេល​នោះ​មក​គេ​លែង​ឮ​តុកកែ​យំ​ទៀត​ហើយ រហូត​ដល់​ថ្លើម​វា​ធំ​ឡើង​វិញ​ទើប​យំ ហើយ​ពស់​ពណ៌​បៃតង​នោះ​ក៏​មក​ស៊ី​ថ្លើម​ទៀត ។ ដោយសារ​តែ​ដំណើរ​ជីវិត​សត្វ​ទាំង​២​នេះ​តែង​ផ្សារ​ភ្ជាប់​គ្នា​បែប​នេះ​ហើយ​ទើប​គេ​ហៅ​ពស់​ថា ពស់​តុកកែ ។

ពេល​នេះ​មិន​ខុស​ពី​ដំណើរ​ជីវិត​ខាងលើ​នេះ​ទេ ខណៈ​គេ​ឃើញ​ពស់​និង​តុកកែ​ហាក់​បាន​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ច្រើន​ម៉ោង​នៅ​ក្នុង​គំនរ​ឥដ្ឋ​ចាស់​ៗ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦​ឧសភា នៅផ្ទះ​ចាស់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ដើម​ចំរៀក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​ខេត្តកំពត ។

បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​រឿងរ៉ាវ​សត្វ​ទាំង​ពី​ដែល​កើត​ជម្លោះ​ស៊ីសាច់​ងាប់​រស់​នេះ គឺ​ពស់​នេះ​ទៅ​រក​សុ​ី​ថ្លើម​តុកកែ​ជា​អាហារ ។ ក្រោយ​ពី​ចាប់​តុកកែ​មិន​បាន​សម្រេច​ដោយ​តុកកែ​បែរជា​ខាំ​ពស់​ជាប់​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ ។ តាម​ការ​ពិនិត្យ​មើល តុកកែ​ពិតជា​បាន​ខាំ​ពស់​មិន​លែង​ទេ គឺ​ខាំ​ត្រូវជា​ច្រើន​កន្លែង​ទាល់តែ​ពស់​លូន​លែង​ចង់​រួច ។

ការ​ប្រយុទ្ធ​គ្នា​រវាង​សត្វ​តុកកែ​និង​ពស់​មួយ​ក្បាល​នេះ​ពិតជា​ក្រាញននៀល​មែនទែន មិនឃើញ​អ្នក​ឈ្នះ​អ្នក​ចាញ់​ទេ ។ ទីបំផុត​ត្រូវ​បាន​អ្នក​ភូមិ​ទ្រាំ​មើល​លែង​បាន​ក៏​ជួយ​បន្ថយ​ភាព​តានតឹង ឱ្យ​ពួក​គេ​លែង​ប្រយុទ្ធ​គ្នា​ពស់​ក៏​លូន​ចេញ​តុកកែ​វា​ឡើង​ទៅ​លើ​ផ្ទះ​វិញ ចែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​ទៅ ។បាន​កត់​សម្គាល់ថា កាលពី​ឆ្នាំ​២០១០​កន្លង​មក​ការ​ប្រយុទ្ធ​គ្នា​រវាង​ពស់​និង​សត្វ​តុកកែ បាន​ក្លាយជា​ជំនឿ​ប្រផ្នូល​អាក្រក់​ដោយ​អ្នកស្រុក​ជា​ច្រើន​នាក់​ក្នុង​ខេត្ត​អ៊ូ​ដ​ន​ឌី​ត នៅ​ប្រទេស​ថៃ​បាន​ចោមរោម​មើល​ហេតុការណ៍​ពស់​ខៀវ​១​ក្បាល (​ពស់​តុកកែ​) មាន​ទំហំ​ប៉ុន​ចង្អុលដៃ​ប្រវែង​៤០​សង្ទីម៉ែត្រ កំពុង​រឹត​តុកកែ​ដែល​មាន​ប្រវែង​១៥​សង្ទីម៉ែត្រ ដើម្បី​ស៊ី​ថ្លើម​ទៅ​តាម​ទម្លាប់​នៃ​សភាវៈ​របស់​សត្វ​ទាំង​២ ។ ប៉ុន្តែ​បែរជា​តុកកែ មិន​ព្រមឱ្យ​ពស់​ស៊ី​ថ្លើម​ក៏​បាន​ប្រយុទ្ធ​ជាមួយ​ពស់​ទៅ​វិញ ។

ការ​ប្រយុទ្ធ​គ្នា​រវាង​ពស់​ខៀវ និង​តុកកែ​បាន​កន្លង​ផុត​ជាង​កន្លះ​ម៉ោង តុកកែ​ក៏​មាន​លក្ខណៈ​ទន់​ជ្រាយ ដោយ​ការ​រឹប​រឹត​របស់​ពស់ ធ្វើ​ឱ្យ​អ្នកស្រុក​មានការ​ភ្ញាក់ផ្អើល ព្រោះ​ពស់​មាន​ឥរិយាបថ​លេប​តុកកែ​ទាំងមូល ប៉ុន្តែ​ជា​ចុង​ក្រោយ​ពស់​ខៀវ​មិន​អាច​លេប​តុកកែ​បាន ក៏​យល់ព្រម​បន្ធូរ​បន្ថយ​​ការ​រឹត​ខ្លួន ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ តុកកែ​ក៏​យល់ព្រម​ចុះចាញ់ ដោយ​ហាមាត់​ឱ្យ​ពស់​ខៀវ​លូន​ចូល​ទៅ​ស៊ី​ថ្លើម​តាម​សំរួល ។ ក្នុង​ខណៈ​ពេល​ដែល​ពស់​ស៊ី​ថ្លើម​រួច ពួក​វា​ទាំង​២​ក្បាល​ក៏​បំបែក​ផ្លូវ​គ្នា​រៀង​ៗ ខ្លួន​ដោយ​គ្មាន​របួស ។

ជា​ធម្មតា ហេតុការណ៍​បែប​នេះ មនុស្ស​គ្រប់​គ្នា​កម្រ​បានឃើញ​ណាស់ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ