ព្រំដែនខេត្តឧត្តរមានជ័យ ៖ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៦ កុម្ភៈ ២០១១ នេះ ច្រកទ្វារអន្តរជាតិ២កន្លែងនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យ គឺច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិជាំ ត្រូវបានបើកដំណើរការចេញ-ចូលចរាចរទំនិញ និងបន្តសេវាកម្មឡើងវិញហើយ បន្ទាប់ពីមានការប្រជុំពិភាក្សារវាងមេបញ្ជាការយោធភូមិភាគ និងអាជ្ញាធរនៃខេត្តទល់មុខគ្នានេះ ។
គួររំលឹកថា ច្រកទ្វារអន្តរជាតិជាំ និងច្រកទ្វារអន្តរជាតិអូរស្មាច់ត្រូវបានបិទដំណើរការចេញ-ចូលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៥ កុម្ភៈ ២០១១ ជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋនិងសេវាកម្មដឹកជញ្ជូនទំនិញ
ផ្សេងៗ ។ ការបិទច្រកទ្វារអន្តរជាតិទាំង២កន្លែងនេះបានធ្វើឡើងបន្ទាប់ពីមានហានិភ័យនៃការផ្ទុះអាវុធនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ កុម្ភៈ ២០១១ កន្លងមកនេះ ។
សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ចំណែកច្រកអន្តរជាតិជាំ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទល់មុខស្រុកភូស៊ីង ខេត្តស៊ីសាកេត ប្រទេសថៃ ។ ដោយឡែកច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯណោះវិញ មិនមានប៉ះពាល់ដល់ការបិទទ្វារនោះទេ គឺបានដំណើរការចេញ-ចូលជាធម្មតា ៕
ចែករំលែកព័តមាននេះ