ស្នេហ៍​មិន​សម​បំណង​លា​ឪ​ម៉ៃ​ចូល​ព្រៃ​​បញ្ចប់​អ្វីៗ ពេល​នេះ​បាត់​អស់​3​ថ្ងៃ​ហើយ​


ខេត្តកំពត ៖ យុវជន​ម្នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត តែ​បច្ចុ​ប្បន្ន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ នៅ​រាជធានី​ភ្នំពេញ​បាន​លា​ឪពុក​ម្តា​យមក​ប៉ង​ធ្វើ​អត្តឃាត​លើ​ភ្នំ​បូកគោ​ជា​ស្រុក​កំណើត ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ស្នេហា​មិន​ដូច​បំណង ។

យោង​តាម​ការ​អះអាង​មន្ត្រី​នគរបាល​ទេសចរណ៍​ខេត្តកំពត បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ មេ​សា​ថា ឈ្មោះ ស៊ីវ ច​ន្ត្រា ហៅ​តាក់ ជា​វិស្វករ​ខាង​សំណង់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​អស់​រយពេល​៥​ឆ្នាំ និង​បាន​ត្រឡប់​មក​ស្រុក​វិញ​ហើយ ។

យុវជន​ដែល​មាន​វិបត្តិ​ស្នេហា​នេះ​ឈ្មោះ ស៊ីវ ច​ន្ត្រា បាន​ស្រឡាញ់​នារី​ម្នាក់​នៅ​ជិត​ផ្ទះ​របស់​ខ្លួន ដែល​ចាស់ទុំ​បាន​សួរនាំ​រួច​ហើយ ប៉ុន្តែ​ក្រោយមក​ចាស់ទុំ​ខាងគេ​មិន​ពេញចិត្ត​ក៏​បាន​ផ្ដាច់ចំណង​ជា​គូ​ដណ្តឹង​វិញ ។ មិន​បាន​ប៉ុន្មាន​ផង​មិត្តភក្តិ​របស់ ស៊ីវ ច​ន្ត្រា ក៏​បាន​ចូល​ដណ្ដឹង​នារី​ដែល​ស៊ីវ ច​ន្ត្រា ស្រឡាញ់​នេះ ។

មិត្តសម្លាញ់​របស់​ស៊ីវ ច​ន្ត្រា ត្រូវ​បាន​ខាង​ស្រី​យល់ព្រម និង​មាន​គម្រោង​រៀប​ការ​នៅ​ខែមេសា​នេះ តែ​ដោយសារ​ភ័យ​ខ្លាច​វីរុស​កូ​វី​ដ​១៩ មង្គលការ​នោះ ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ជា​បណ្តោះអាសន្ន ។ ប៉ុន្តែ​នារី​ដែល ស៊ីវ ច​ន្ត្រា ស្រឡាញ់​ក៏​បាន​ទៅ​រស់នៅ​ផ្ទះ​យុវជន​ជា​មិត្តសម្លាញ់​របស់​ច​ន្ត្រា​ទៅ​ហើយ​ដែរ ដែល​ច​ន្ត្រា គិត​ថា​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ ។ ដូចនេះ​ហើយ​ទើប​យុវជន​ស៊ីវ ច​ន្ត្រា មាន​វិបត្តិ​ផ្លូវចិត្ត​ប៉ង​ទៅ​បញ្ចប់ជីវិត​នៅ​លើ​ភ្នំ​បូកគោ ។

មន្ត្រី​នគរបាល​ថា នេះ​គ្រាន់តែ​ស្រង់​សម្ដី​ពី​ក្រុម​សាច់ញាតិ​យុវជន​ស៊ីវ ច​ន្ត្រា តែ​ប៉ុណ្ណោះ​មិន​មាន​ឯកសារ​ផ្លូវការ​ណា​ឡើយ​ទេ ទទួល​បាន​តែ​ពី​ភាគី​ខាង​ប្រុស ។

លោក​ឧត្តមសេនីយ៍ត្រី ប៉ា​ង យេ​ង ស្នងការ​រង​ទទួល​ផែន​នគរបាល​ទេសចរណ៍ បាន​ប្រាប់​កោះ​សន្តិភាព​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ មេ​សា​ថា ឈ្មោះ ស៊ីវ ច​ន្ត្រា បាន​លា​ឪពុក​ម្ដា​យមក​ស្លាប់​នៅ​ស្រុក​កំណើត​ក្នុង​ខេត្តកំពត ។ យុវជន​រូប​នេះ​បាន​ជិះ​រថយន្តឈ្នួល​មក​ពី​រាជធានី​ភ្នំពេញ ពេល​មក​ដល់​ក្រុង​កំពត ជិះ​ម៉ូតូ​កង់​៣​ឡើង​មក​ដល់​ភ្នំ​បូកគោ​ហើយ​ក៏​ដើរ​ចូល​ព្រៃ​បាត់​ទៅ ។

លោក​ឧត្តម​សេនីយ៍ត្រី​និយាយ​បន្ត​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​បែប​នេះ នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ រួម​ទាំង​សន្តិសុខ​អូ​តែ​ល​សុខា បាន​ស្វែងរក​អស់​រយៈពេល​៣​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ដែល​បាត់​ខ្លួន ថ្ងៃ​ទី​២៧ មេ​សា តែ​រក​មិនឃើញ ។

ទោះបីជា​បែប​ណា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា​នេះ​ជន​ដែល​ប៉ង​សម្លាប់​ខ្លួន​នៅ​លើ​ភ្នំ ក៏​បាន​រក​ឃើញ​ក្នុង​ព្រៃ​ចំណុច​កាស៊ីណូ​ចាស់ ដែល​បាន​កែ​លម្អ​ជា​សណ្ឋាគារ​នោះ ហើយ នគរ​បាល​ក៏​បាន​នាំ​មក​ប្រគល់​ឱ្យ​ក្រុម​សាច់ញាតិ ដើម្បី​បាន​ជួបជុំ​គ្នា​វិញ ។

ការ​រុករក​របស់​សមត្ថកិច្ច និង​សន្តិសុខ​ក៏​បាន​ប្រើ​មេក្រូ​ស្រែក​រក​ឡើង​រំពង​ព្រៃ​ផង​ដែរ ។ នេះ​ជា​ករណី​ដំបូង​ហើយ​ដែល​មានការ​តាម​រក​មនុស្ស​ក្នុង​ព្រៃ​លើ​ភ្នំ​បូកគោ ៕ (កែ​សម្រួលដោយ​៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ