ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ហេតុអ្វី​​ត្រូវ​​រឹត​បន្តឹង​ច្បាប់​ចរា​​​ចរណ៍​ថ្មី​​នៅ​ថ្ងៃ​ស្អែក?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​បាន​ធ្វើ​ឱ្យ​មានការ​ប្រឈម​ខ្ពស់​ដែល​ក្នុង​១​ថ្ងៃ មាន​អ្នក​ស្លាប់​គិត​ជា​មធ្យម​ប្រមាណ​៥​នាក់ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ចេ​វ ហាក់ ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​បាន​ធ្វើ​ឱ្យ​មានការ​ប្រឈម​ខ្ពស់​ដែល​ក្នុង​១​ថ្ងៃ មាន​អ្នក​ស្លាប់​គិត​ជា​មធ្យម​ប្រមាណ​៥​នាក់ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ចេ​វ ហាក់ ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​សន្និសីទកាសែត​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ មុខ​ពេល​ចាប់ផ្តើម អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​នឹង​អនុ​វត្ត​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ ២០២០​ខាង​មុខ​ដ៏​ខ្លី​នេះ ។

លោក​ឧត្តមសេនីយ៍ទោ ចេ​វ ហាក់ បានឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ត្រីមាស​ទី​១ ៣​ខែ​ដើមឆ្នាំ​២០២០​នេះ នៅ​ទូ​ទាំង​ប្រទេស​មាន​អ្នក​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន៤៩៣​នាក់ ។ បញ្ហា​នេះ​ ជា​ការ​ប្រឈម​ខ្ពស់ បើ​ប្រៀបធៀប​នឹង​ជំងឺ​កាច​សាហាវ​កូ​វី​ដ​វិញ នៅ​ប្រទេស​កម្ពុជា មិន​ទាន់​មាន​អ្នក​ស្លាប់​នោះ​ទេ ។ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នក​ស្លាប់​៤៩៣​នាក់ ។

ដោយឡែក​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​អ្នក​ស្លាប់​ចំនួន​៨៦​នាក់ ។ លោក​បន្ត​ថា រយៈពេល​តែ​២៧​ថ្ងៃ​នៅ​ក្នុង​រាជធានី​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​៥៩​ករណី មាន​អ្នក​ស្លាប់​ចំនួន​១៩​នាក់ ។ នេះ​ជា​តួលេខ​មួយ​ដែល​គួរ​ឱ្យ​មានការ​ព្រួយបារម្ភ​ណាស់ ។ ហេតុ​ដូចនេះ​ហើយ ទើប ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​បាន​តាក់តែង​ធ្វើ​វិសោធនកម្ម កែសម្រួល​អនុក្រឹត្យ ដើម្បី​រិ​ត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រ​ទស ដែល​នឹង​ចាប់​អនុវត្ត​អនុក្រឹត្យ​ថ្មី លេខ​៣៩ អន​ក្រ​.​បក​ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ​៤៤​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា​ឆ្នាំ ២០២០ នេះ​តទៅ។

ផ្តើម​ចេញ​នៃ​ការ​អនុវត្ត​នេះ​មិនមែន​មាន​ន័យ​ថា យើង​ទើបតែ​រឹត​បន្តឹង​ច្បាប់​នោះ​ទេ ដោយសារ​តែ​មានការ​រឹត​បន្តឹង​ច្បាប់​នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស ទើប​យើង​ទប់ស្កាត់​បាន​នូវ​គ្រោះថ្នាក់​ច្រើន​ហើយ ។ លោក​ឧត្តមសេនីយ៍​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​ថា ជា​ឆ្នាំ​ដែល​យើង​ធ្វើការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​មូលហេតុ គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​បាន​និង​កំពុង​មាន​គ្រោះថ្នាក់​ច្រើន​គិត​ជា​មធ្យម​មាន​៥​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ យើង​មិន​ចង់​ឃើញ មាន​ឈាម​ដាប​នៅ​លើ​ដងផ្លូវ​ទៀត​ទេ ។

ការ​អនុវត្ត​ពង្រឹង​ច្បាប់​នេះ លុះត្រា​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គោរព​ច្បាប់ ។ លោក​ឧត្តមសេនីយ៍ទោ ចេ​វ ហាក់ បាន​បញ្ជាក់​ថា ការ​អនុវត្ត អនុក្រឹត្យ ថ្មី​នោះ​ពី​មុន​ផាកពិន័យ​អ្នក​បើក​ម៉ូតូ​ចំនួន​តែ​១៥០០០​រៀល តែ​អនុក្រឹត្យ​ថ្មី ផាក​រហូត​ដល់​៦​ម៉ឺន​រៀល នេះ​មិន​ថ្លៃ​នោះ​ទេ បើ​បងប្អូន​ជួប​គ្រោះថ្នាក់​ប៉ះពាល់​ក្បាល ប្រាក់​ចំនួន​៦​ម៉ឺន​រៀល​នេះ​មិន​អាច​ព្យាបាល​ជា​ទេ ។ ការ​ផាកពិន័យ មិន​តម្រូវ​ឱ្យ​ផាក់​នៅ​កន្លែង​នោះ​ទេ គឺ​តម្រូវ​ឱ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​អធិការដ្ឋាន​ទុក​រយៈពេល​៣​ថ្ងៃ​រង់ចាំ​ការ​ផាកពិន័យ ពេល​ទៅ​យក​ម៉ូតូ​ត្រូវ​យក​មួក​ទៅ​ជាមួយ​បើ​អត់​មិន​ឱ្យ​ម៉ូតូ​នោះ​ទេ ។ ការ​អនុវត្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ធ្វើ​ទាំងថ្ងៃទាំងយប់ ហើយ​នៅ​ក្នុង​ខណ្ឌ​នីមួយ​ៗ​មាន​៤​គោលដៅ ។

សម្តេច​តេ​ជោះ ៖ អ្នកបើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ព្រោះ​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ។ ការ​អំពាវនាវ​ខណៈ​សមត្ថកិច្ច​នឹង​ពង្រឹង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​ចាប់ពី​ថ្ងៃ​១ ឧសភា ២០២០​តទៅ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៩ មេ​សា យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ពេល​នេះ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​គឺ​កំពុង​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស ។ សូម​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​យុវជន មុន​នឹង​បើកបរ​រថយន្ត​ត្រូវ​មាន​ប័ណ្ណបើកបរ​ពិតប្រាកដ​ត្រឹមត្រូវ ។ រីឯ​រថយន្ត​វិញ​ត្រូវ​បង់ពន្ធ និង​បង់ថ្លៃ​សេវា​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​បញ្ជា​យានយន្ត​នៅ​លើ​ដងផ្លូវ​សាធារណៈ​» ។

សម្តេច​បន្ត​ថា ការ​រិ​ត​បន្តឹង​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​បង្ក​របួស​ស្នាម​ធ្ងន់​ស្រាល​រហូត​ដល់​មានការ​បាត់បង់​អាយុជីវិត​ទៀត​ផង ។ យើង​មិន​ចង់​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាននៅ​ក្នុង​ក្រុម​គ្រួសារ​របស់​បងប្អូន​ណា​ម្នាក់​ឡើយ ។ជាមួយ​គ្នា​នោះ​ដែរ សម្តេច​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយ​ៗ​យុវជន បើកបរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការ​យោគយល់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់​គ្នា​នៅ​ទូ​ទាំង​ប្រទេស ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ