ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​​ព្រួយបារម្ភ​ខ្លាំង ​បើ​រយៈពេល​ពីរ​ខែ​ទៀត​មិន​បញ្ជា​ទិញ​ថ្មី​ ខណៈ​រោងចក្រ ១៣០​ព្យួរការងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហជីព​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​រោងចក្រ ចំនួន ១៣០ បាន​ដាក់​ពាក្យ​ព្យួរការងារ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ ១០ ម៉ឺន​នាក់​ហើយ​ជា ពិសេស​បើ​នៅ​ក្នុង​រយៈពេល ២…

រាជធានី​ភ្នំពេញ ៖ សហជីព​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​រោងចក្រ ចំនួន ១៣០ បាន​ដាក់​ពាក្យ​ព្យួរការងារ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ ១០ ម៉ឺន​នាក់​ហើយ​ជា ពិសេស​បើ​នៅ​ក្នុង​រយៈពេល ២ ខែ​ទៀត​អត់​មានការ​បញ្ជា​ទិញ​ថ្មី​ទេ គឺ​ចំនួន​រោងចក្រ​ព្យួរ ការងារ​នឹង​កើនឡើង ស្រប​ពេល​ជាមួយ​គ្នា​នេះ​ចំនួន​នៃ​ការ​បិទ​រោងចក្រ​ក៏​កាន់តែ​កើនឡើង ផង​ដែរ ដែល​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​បាត់បង់​ការងារ​កាន់តែ​ខ្ពស់​ពិបាក​ក្នុង​ការ​ស្តារ​ឡើង​វិញ ។

រូបតំណាង

ការ​ព្រួយបារម្ភ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​ប្រកាស​ថា គិត​មក​ដល់​សព្វ​ថ្ងៃនេះ​មាន​រោងចក្រ​ប្រមាណ ១៣០ បាន​ដាក់ ពាក្យ​ព្យួរការងារ ហើយ​បាន​វាយតម្លៃ​ថា​ការ​នាំ​ចេញ​នៅ​ក្នុង​ត្រីមាស​ទី ២ ខាង​មុខ​អាច រង​ផល​ប៉ះពាល់​ប្រមាណ ៦០% ព្រោះ​មិន​ទាន់​ទទួល​បាន​តួលេខ​នៃ​ការ​បញ្ជា​ទិញ​ថ្មី​ស​ម្រា ប់​ខែឧសភា និង មិថុនា ។

លោក ហេង សួរ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក ឡើង​ក្នុង​សន្និសីទ​ស្តី​ពី បច្ចុប្បន្នភាព​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ​បន្ទាប់ ពី​ឈប់​សម្រាក​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ត្រឡប់​ចូល​បម្រើ​ការងារ​វិញ​កាលពី ថ្ងៃ​ទី ២៧​ខែមេសា​ថា សម្រាប់​ប្រទេស​កម្ពុជា​ដែល​ផលិត​នូវ​សម្លៀក​បំពាក់​នាំ​ចេញ​ក៏​ដូច ទៅ​និង​ប្រទេស​ដទៃ​ទៀត​ផលិត​សម្លៀក​បំពាក់ ស្បែកជើង​រួម​និង​ផលិតផល​ធ្វើ​ដំណើរ​នេះ នៅ​ពេល​ប្រទេស​នៅ​អា​មេ​រិ​ក ឬ អឺរ៉ុប រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ គេ​បិទ​ទីផ្សារ គេ បិទ​ចរាចរណ៍​ធ្វើ​ឱ្យ​តម្រូវការ​សម្លៀក​បំពាក់ ស្បែកជើង ឬ​ក៏​កាបូប​រួម​និង​ផលិតផល​ផ្សេង ទៀត​ត្រូវ​បាន​កាត់​បន្ថយ​ជា​កំ​ហុ​ក ។

លោក​បានឱ្យ​ដឹង​ទៀត​ថា «​តាម​រយៈ​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ទីផ្សារ​របស់​យើង​នេះ​ធ្វើ​ឱ្យ រោងចក្រ​សម្លៀក​បំពាក់ និង​ស្បែកជើង​មួយ​ចំនួន​ធំ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ព្យួរ​ដែល​គិត​មក ដល់​ពេល​នេះ​មាន​រោងចក្រ​ជាង ១៣០ និង​មាន​កម្មករ​ជាង ១០ ម៉ឺន​នាក់​រង​ផល​ប៉ះពាល់ ពី​ការ​ព្យួរ​នេះ​» ។ លោក​បន្ត​ថា នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ការ​នាំ​ចេញ​មាន​កម្រិត​មួយ អាច​ថា​ប្រមាណ ៨០% នៃ​ឆ្នាំ ២០១៩ ។ ពីព្រោះ​នៅ​ខែមករា ស្ថានភាព​មិន​ទាន់​អាក្រក់ ណាស់ណា​ទេ នៅ​អឺរ៉ុប និង​អា​មេ​រិ​ក នៅ​ចុងខែ​កុម្ភៈ គឺ​មានការ​ចាប់ផ្តើម​សញ្ញា​ប៉ះពាល់ ជំងឺ​កូ​វី​ដ​នេះ​នៅ​អឺរ៉ុប ហើយ​ដល់​ខែ​បី​ទើប​មានការ​បិទ​នៃ​ការ​នាំ​ចេញ ។

ទោះបីជា​រោងចក្រ មានការ​ផលិត​នៅ​ផលិតផល​រួច​ហើយ​ក៏​ដោយ ក៏​ម្ចាស់​ម៉ាក ឬ​អ្នកបញ្ជា​ទិញ​ទាំង​អស់នោះ បាន​ស្នើ​សុំ​មក​រោងចក្រ​កុំ​អាល​ដឹក​ផលិតផល​ទាំងនោះ​ចេញ ដោយសារ​គ្មាន​អ្នក​ត្រូវ​ទិញ អ៊ីចឹង​ហើយ​បានជា​ម្ចាស់​ម៉ាក​ទាំងនោះ​រក្សា​វា​ទុក​សិន ។
លោក ហេង សួរ ឱ្យ​ដឹង​បន្ថែម​ទៀត​ថា តាម​រយៈ​ការ​សម្របសម្រួល​របស់​ក្រសួង​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ ឃើញ​ថា​អ្នកបញ្ជា​ទិញ​ខ្លះ​គាត់​សុខចិត្ត​បន្ត​បង់​ទៅ​លើ​ផលិតផល​ដែល បាន​ដេរ​រួច​ហើយ ។ ប៉ុន្តែ​គាត់​មិន​ដាក់​ការ​បញ្ជា​ទិញ​បន្ថែម​ទេ អ៊ីចឹង​ហើយ​បានជា​ធ្វើ​ឱ្យ​នៅ ខែ ៤ ខែ ៥ និង​ខែ ៦ នេះ តាម​ការ​ទំនាក់ទំនង​ជាមួយ​អ្នកបញ្ជា​ទិញ គឺថា​គាត់​មិន​ទាន់ ហ៊ាន​កំណត់ ឬ​ដាក់​តួលេខ​នៅ​ការ​បញ្ជា​ទិញ​ណាមួយ​នោះ​ទេ​គិត​មក​ត្រឹម​ថ្ងៃនេះ​សម្រាប់ នៅ​ខែ ៥ និង​ខែ ៦ យើង​មិន​ទាន់​ទទួល​បាន​តួលេខ​ថ្មី​នៃ​ការ​បញ្ជា​ទិញ​នៅឡើយ ។

លោក​សង្កត់ធ្ងន់​ថា «​មក​ដល់​ម៉ោង​នេះ​យើង​ទទួលស្គាល់​ថា ការ​នាំ​ចេញ​របស់​យើង​ពិតជា មាន​ផល​ប៉ះពាល់​ពិសេស​នៅ​ក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២០ នេះ ដែល​យើង​គិត​ថា​មាន ប្រហែល​ពី ៥០% ទៅ ៦០% នៃ​តួលេខ​ឆ្នាំ​មុន​» ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ឱ្យ​ដឹង​ថា «​យើង​រំពឹង​លើ​ការ​នាំ​ចេញ​ឥ​វ៉ា​ន់​ទៅ​ខាងក្រៅ អ៊ីចឹង​បើ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បិទ​ទីផ្សារ មិន​ទិញ​ទេ គឺ​ពិតជា​មានការ​ពិបាក​មែនទែន​ក្នុង​ស្ថានភាព​បែប​នេះ ។ សម្រាប់​ខ្ញុំ​ផ្ទាល់​គិត ថា​ជា​ស្ថានភាព​មួយ​លំបាក​ទាំងអស់​គ្នា ទាំង​រាជរដ្ឋាភិបាល កម្មករ សហជីព និង​រោងចក្រ ។ ប៉ុន្តែ​យើង​ត្រូវ​យក​ឱកាស​នៃ​បញ្ហា​ទៅ​ជា​សក្តានុពល​វិញ​សម្រាប់​រយៈពេល​វែង ។

សម្រាប់​រាជរដ្ឋាភិបាល​គួរតែ​បញ្ចេញ​ថវិកា​សង្គ្រោះ​ដល់​កម្មករ​ទោះបី​មិន​បាន​ដល់ ១២០ ឬ ១១៤ ដុល្លារ​អា​មេ​រិ​ក យ៉ាង​ហោច​បាន ៧០ ដុល្លារ​អា​មេ​រិ​ក​ដូចដែល​រាជរដ្ឋាភិបាល​បាន សន្យា​ក៏​បាន​ដែរ ។ ម្យ៉ាងទៀត​អ្នកបញ្ជា​ទិញ​ពួក​គេ​ធ្លាប់​ទទួលផល​ចំណេញ​ពី​វិស័យ​នេះ គួរ​មានការ​ចូលរួម​ចំណែក​ជួយ​ដល់​កម្មករ ។ ដូចនេះ​បើ​ជំងឺ​នេះ​មិន​រីក​រាលដាល​ខ្លាំង បើ ផុត​រយៈពេល ៣ ខែ​កម្លាំង​ពលកម្ម​នៅ​មាន​ដដែល ដូចនេះ​ស្ថានភាព​សេដ្ឋកិច្ច និង​ស្ថាន ភាព​នៃ​ការ​ធ្វើ​ជំនួញ​របស់​ពួក​គាត់​នៅ​ដំណើរ​ទៅ​មុខ​» ។

លោក​បាន​លើក​ឡើង​ថា បើ​នៅ​ពីរ​ខែ​ទៀត​អត់​មានការ​បញ្ជា​ទិញ​ថ្មី​ទេ មាន​ន័យ​ថា​ចំនួន រោងចក្រ​ព្យួរ​នឹង​កើន​ធំ​ទៅ​ៗ​ហើយ​ចំនួន​នៃ​ការ​បិទ​រោងចក្រ​ក៏​ធំ​ដូច​គ្នា ។ អ៊ីចឹង​សក្តានុពល នៃ​ការ​ស្តារ​ឡើង​វិញ​ក៏​មានការ​លំបាកទៅ​ៗ ព្រោះ​ទំហំ​នៃ​ការ​បាត់បង់​ការងារ​ខ្ពស់ ហើយ ទំហំ​អត់​មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ក៏​ខ្ពស់​វា​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ស្តារ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ