រាជធានីភ្នំពេញ ៖ នៅក្នុងដំណាក់នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាផងនោះ គេឃើញថាគ្រប់គ្នាបានបង្ហាញការខ្លាចរអានេះមេរោគឆ្លងមួយ ក៏ប៉ុន្តែសមាគមភស្តុភារកម្មកម្ពុជា ដែលធ្វើការផ្តោតលើផ្នែកដឹកជញ្ជូនលើកឡើងថា ខ្លួនខ្លាចពន្ធដារជាជាងខ្លាចជំងឺកូវីដ-១៩ ទៅវិញ ។

នៅក្នុងសេចក្ដីថ្លែងការមួយស្ដីពីការព្រួយបារម្ភអំពីស្ថានភាពអាជីវកម្មក្នុងវិស័យ
ភស្តុភារកម្ម និងដឹកជញ្ជូន បានបង្ហាញថាការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់និងកំពុងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងមកលើវិស័យសេដ្ឋកិច្ចសាកល រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងនោះវិស័យដឹកជញ្ជូន ក៏បានរងផលប៉ះពាល់ជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភ ។

ប្រភពដដែលបានបានលើកឡើង៨ចំណុច ពីការព្រួយបារម្ភចំពោះវិស័យដឹកជញ្ជូន ដែលរងផលប៉ះពាល់ដោយសារតែកូវីដ ១៩ ក្នុងនោះ ពីរចំណុចដែលមើលទៅប្លែកជាងគេ គឺការដាក់បន្ទុកពីរាជរដ្ឋាភិបាលទៅលើកម្រៃសេវា និងផ្នែកពន្ធដារ ។
សមាគមភស្ដុភារកម្មកម្ពុជាបានលើកឡើងថា ការចាយវាយកម្រៃក្នុងការងាររត់ការ ជើងសារដើម្បីបំពេញបែបបទបញ្ចេញទំនិញ គ្មានការបន្ធូរបន្ថយសោះឡើយ ។ អ្វីដែលកាន់តែជាបន្ទុកធ្ងន់ធ្ងរសម្រាប់វិស័យដឹកជញ្ជូនក៏ដូចជាវិស័យដទៃទៀតនោះ គឺការចុះធ្វើសវនកម្មគ្រប់ប្រភេទពីអគ្គនាយកដ្ឋានពន្ធដារនិងសាខាពន្ធដារ ជាបន្តបន្ទាប់បានធ្វើឱ្យអាជីវកម្មទាំងអស់ខ្លាចជាងជំងឺកូវីដ-១៩ទៅទៀត ។
ចំណុចដទៃទៀតដែលជាក្ដីកង្វល់របស់វិស័យដឹកជញ្ជូននោះ រួមមាន ១- ការផ្ដើមពីការបិទការផ្គត់ផ្គង់វត្ថុធាតុដើមនាំចូលពីប្រទេសចិន បានធ្វើអោយវិស័យដឹកជញ្ជូនបាត់បង់ការងារមួយចំនួនធំ ដោយសារវិស័យកាត់ដេរជាឧស្សាហកម្មដ៏ធំទី១ របស់កម្ពុជា ដែលផ្ដល់ការងារសេវាកម្ម ឡូជីស្ទីក និងដឹកជញ្ជូនបានរាប់រយក្រុមហ៊ុន ។២- វិស័យអាកាសចរណ៍មួយចំនួនធំបានផ្អាកការហោះហើរដែលធ្វើឱ្យក្រុមហ៊ុនសេវាជើងសារលើការដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់ត្រូវបានបាត់បង់អាជីវកម្ម និងរងការខាតបង់ជាទម្ងន់ ក្នុងការធានាការដឹកទំនិញតាមកិច្ចសន្យាទៅកាន់អតិថិជន នៅក្រៅប្រទេសក្នុងកាលៈទេសៈ ដែលតម្លៃដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងជាគំហុក ។
៣- ដោយសារតែរីករាលដាលនៃជំងឺនេះកាន់តែខ្លាំងឡើង បានធ្វើអោយមានការរឹតបន្តឹង និងបិទច្រកព្រំដែនគោកភ្លាមៗដែលប្រការនេះ ជាបញ្ហាមិនអាចបន្ទោសអ្នកណាម្នាក់បាន ។ ៤- ដោយសារតែបុគ្គលិកជាទ្រព្យដ៏មានតម្លៃបំផុតមួយសម្រាប់ក្រុមហ៊ុន ហេតុនេះការយកចិត្តដាក់រក្សាការពារសុខភាពពួកគេក៏ជារឿងសំខាន់ ទោះបីត្រូវបន្ថែមចំណាយដោយឥតព្រៀងទុក លើការទិញថ្នាំសម្លាប់មេរោគ ម៉ាស់ ស្រោមដៃ អាល់កុល ជាដើម ។
លើសពីនេះទៅទៀត ការអនុញ្ញាតអោយកាត់បន្ថយការថ្វើការងារនៅក្នុងការិយាល័យ ដែលជះឥទ្ធិពលដល់ដំណើរប្រតិបត្តិការអាជីវកម្ម យ៉ាងក្ដី ក៏ក្រុមហ៊ុនត្រូវចាត់វិធានការដោយគ្មានរារែកផងដែរ ។ ផ្ទុយទៅវិញ ការចំណាយលើប្រាក់ខែបុគ្គលិក ការប្រាក់ធនាគារ ចំណាយជួលការិយាល័យ និងចំណាយផ្សេងៗនៅខ្ពស់ដដែល ។
ប្រភពដដែលបានចង្អុលបង្ហាញចំណុចបន្ទាប់គឺ ទី ៥-0 ការផ្អាកការនាំចេញទំនិញរបស់រោងចក្រកាត់ដេរ ស្បែកជើង សម្ភារៈធ្វើដំណើរ ទៅកាន់ទីផ្សារ អាមេរិក និងអឺរ៉ុប ដោយសារតែអ្នកបញ្ជាទិញផ្អាកការនាំចូល ធ្វើអោយក្រុមហ៊ុនដឹកជញ្ជូន បាត់បង់សកម្មភាពអាជីវកម្មដឹកជញ្ជូនកាន់តែធ្ងន់ធ្ងរឡើងថែមមួយកម្រិតទៀត ។ ចំណុចទី៦- ដែលក្ដីកង្វល់របស់សមាគមដឹកជញ្ជូនមួយនេះគឺអតិថិជនភាគច្រើនបានអូសបន្លាយពេលវេលាក្នុងការទូទាត់ថ្លៃសេវា មកកាន់ក្រុមហ៊ុនដឹកជញ្ជូនជាហេតុបង្កអោយមានការកកស្ទះនៃលំហូរសាច់ប្រាក់ ដែលជាកត្តាធ្វើអោយក្រុមហ៊ុនភាគច្រើនគ្មានសាច់ប្រាក់ដើម្បីបង់សងកម្ចីត្រលប់ទៅឱ្យធនាគារវិញផងដែរ ។
សូមបញ្ជាក់ថាបើទោះបីជាស្ថានភាពជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ហាក់មានភាពប្រសើរឡើងបន្តិច ដោយមិនមានអ្នកឆ្លងថ្មីក្នុងរយៈពេលជាង១០ថ្ងៃមកនេះហើយអ្នកសម្រាកព្យាបាលនៅសល់តែ៥នាក់ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តរឹតបន្តឹងវិធានការទប់ស្កាត់ដដែល ដោយក្នុងនោះ នៅបន្តផ្អាកការសិក្សារបស់សិស្ស កន្លែងកម្សាន្តដូចជាក្លឹបកម្សសាន្តរោងភាពយន្ត និងអាជីវកម្មមួយចំនួនទៀត ។ យ៉ាងណាមិញជំងឺនេះ ជាជំងឺសាកល បើទោះបីជាកម្ពុជាមានស្ថានភាពល្អប្រសើរឡើងវិញ តែពិភពលោកនៅតែបន្តធ្ងន់ធ្ងរនោះ សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាក៏មិនអាចដើរទៅមុខរួចបានដែរ ពោលគឺនៅតែស្ថិតនៅគ្រាដ៏លំបាកដដែល ៕
ចែករំលែកព័តមាននេះ