ចុះ​ឃាត់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ និង​ចាប់​គ្រឿងចក្រ​បាន​៣​គ្រឿង


ខេត្តស្ទឹងត្រែង ៖ មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប ឋានៈ​ឧត្តមសេនីយ៍ទោ រួម​ទាំង​គ្រឿងចក្រ​ចំនួន​៣​គ្រឿង បាន​រង​ការ​ឃាត់ខ្លួន និង​ដកហូត ខណៈ​បញ្ជា និង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​រាប់​សិប​ហិច​តា ស្ថិត​នៅ​ក្នុងភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា បរិ​វ៉ា​ត់​កាល​ថ្ងៃ​ទី​២៤ មេ​សា ឆ្នាំ​២០២០ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ពី​អភិបាល​ខេត្តស្ទឹងត្រែង លោក ម៉ុម សា​រឿ​ន ។

សមត្ថកិច្ច​នៅ​ក្នុង​ការ​បង្ក្រាប ការ​ទន្ទ្រាន​ឈូស​ឆាយដី​ព្រៃ​រដ្ឋ ក្រសោប​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​នោះ បាន​បង្ហាញ​កំណត់ហេតុ​បង្ក្រាប​អោយ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តស្ទឹងត្រែង លោក ម៉ុម សា​រឿ​ន ហើយ​បាន​ចុះ​ទៅ​ដល់​គោលដៅ និង​បាន​ប្រទះ​ឃើញ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​បម្រុង​ទុក របស់​រដ្ឋ​រាប់​សិប​ហិ​កតា ។

កំណត់ហេតុ​បាន​បង្ហាញ​ទៀត​ថា កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ទុក​គ្រឿងចក្រ​ចំនួន​៣​គ្រឿង ទី​១- អេ​ស្កា​វ៉ា​ទ័​រ ១​គ្រឿង ២- ត្រាក់ទ័រ ១​គ្រឿង និង​ទី​៣-​ប៊ុល ធុន​តូច​១​គ្រឿង ។

ចំណែក​ម្ចាស់​ទីតាំង​ដែល​បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា លោក​មានឈ្មោះ ចាន់ សំអាត មានមុខ​ងារ​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​មាន​ឋានន្តរ​ស័​ក្ត​ឧត្តមសេនីយ៍ទោ ។ លោក​ថា លោក​មាន​ផ្ទៃដី​ទំហំ​ទទឹង ៣០០​ម៉ែត្រ និង​បណ្តោយ​ប្រវែង ១៦០០​ម៉ែត្រ​មាន លិខិត​កាន់កាប់​ដី​នេះ ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ឃុំ​អន្លង់​ជ្រៃ លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន​៤៨​ហិ​កតា ។

កំណត់ហេតុ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ការ​ស្តាប់​ការ​បំភ្លឺ​របស់​ម្ចាស់​ទីតាំង​ដី​លោក​ឧត្តមសេនីយ៍ទោ ចាន់ សំអាត នោះ​មក​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឈូស​ឆាយដី​នោះ​ឃើញ​ថា ដី​ព្រៃ​ដែល​បាន​ឈូស​ឆាយ​រួចរាល់ គឺ​មាន​ប្រមាណ​ជា ៣៦​ហិ​កតា ហើយ​ផ្ទៃដី​ព្រៃ​ដែល​មិន​បានកា​ប់រាន និង​ឈូស​ឆាយ​នៅ​សល់​ប្រមាណ​ជា ៣២​ហិ​កតា​ទៀត​ផង​ដែរ ។ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​ទន្ទ្រាន​ឈូស​ឆាយ​យក​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ រាប់​សិប​ហិ​កតា​យ៉ាង​ដូច្នេះ សមត្ថកិច្ច​បាន​សម្រេច​ដកហូត​ទុក​គ្រឿងចក្រ ៣​គ្រឿង និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ឈូស​ឆាយដី​ព្រៃ ដែល​ជា​មន្ត្រី​យោធា​ផ្កាយ​២​ម្នាក់ នាំ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​ការ​សាកសួរ​នោះ​នៅឡើយ​ទេ ។

ចំណែក​មេឃុំ​ម្នាក់ ដែល​ហ៊ាន​ចេញ​លិខិត​កាន់កាប់ និង​ឈូស​ឆាយដី​ព្រៃ​រដ្ឋ រាប់​សិប​ហិ​កតា​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​នឹង​មាន​វិធានការ​ផ្លូវច្បាប់​បែប​ណា ទៅ​លើ​បុគ្គល​ខិលខូច​រូប​នោះ​នៅឡើយ​ដែរ? ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ