Facebook បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន នឹងដាក់កម្មវិធី Messenger Kids ឱ្យដំណើរការក្នុងប្រទេសចំនួន ៧០ ទូទាំងពិភពលោក ដោយមានការបញ្ចូលនូវចំណុចពិសេសថ្មីៗជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់ឪពុកម្តាយ ក្នុងការជួយឲ្យកូនៗរបស់ពួកគាត់រក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិរបស់ពួកគេ ។
ជាមួយគ្នានេះមាតា-បិតា និងអាណាព្យាបាលក្នុងប្រទេសកម្ពុជា ក៏អាចទាញយកកម្មវិធីនេះ ដើម្បីឲ្យកូនៗរបស់ខ្លួនប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅទាំងលើប្រព័ន្ធ Android និង IOS ផងដែរ ។
ខណៈដែលសហគមន៍ជាច្រើនកំពុងតែស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីឆ្លើយតបទៅនឹងវិបត្តិវីរុសកូវីដ-១៩ និងស្របពេលដែលសាលារៀននានាបានបិទជាបណ្តោះអាសន្ន ហើយប្រជាពលរដ្ឋទូទៅកំពុងអនុវត្តនីតិវិធី B គម្លាតក្នុងសង្គម ឪពុកម្តាយជាច្រើនកំពុងតែចាប់អារម្មណ៍កាន់ តែខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយឲ្យកូនៗរបស់ពួកគាត់រក្សាទំនាក់ទំនងជាមួយនឹងមិត្តភក្កិ និងក្រុមគ្រួសារ ប៉ុន្តែក៏ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគាត់ផងដែរ ។
Messenger Kids ជាកម្មវិធីផ្ញើសារ និងជជែកកម្សាន្តជាវីដេអូ ។ កម្មវិធីនេះនឹងជួយឲ្យកុមារៗ រក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេបានយ៉ាងសប្បាយរីករាយ ក្នុងកម្រិតមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយរបស់ខ្លួន ។ Facebook បានធ្វើការយ៉ាងប្រកៀកជាមួយនឹងទីប្រឹក្សាយុវជន ឬ Youth Advisors ដែលជាក្រុមជំនាញផ្នែកសុវត្ថិភាពលើប្រព័ន្ធអនឡាញ ការអភិវឌ្ឍរបស់កុមារ និងបណ្តាញសារព័ត៌មាន ដើម្បីរួមគ្នាបង្កើតកម្មវិធី Messenger Kids នេះឡើង ។
Facebook នៅតែបន្តធ្វើការពិភាក្សាជាមួយនឹងអ្នកជំនាញក្នុងវិស័យអប់រំ និងទីប្រឹក្សាផ្នែកសុវត្ថិភាពកុមារ ដើម្បីធានាឲ្យបានថា ក្រុមហ៊ុនកំពុងតែផ្តល់សេវាមួយ ដែលជួយឲ្យមានតុល្យភាពរវាងការគ្រប់គ្រងរបស់ឪពុកម្តាយ និងមុខងារទាំងឡាយដែលជួយឲ្យកុមារបានរៀនអំពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយគ្នាលើអនឡាញប្រកបដោយការទទួលខុសត្រូវ ។
Messenger Kids មានលក្ខណៈពិសេសជាច្រើនសម្រាប់ក្មេងៗ ដើម្បីជួយឲ្យពួកគេរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ពួកគេបាន ។ នៅពេលដែលឪពុកម្តាយបង្កើតគណនីឲ្យកូនៗ កូនៗក៏អាចចាប់ផ្តើមជជែកកម្សាន្តជាវីដេអូ មួយទល់នឹងមួយ ឬជាក្រុមក៏បាន ។ ជាមួយគ្នានេះឪពុកម្តាយអាចចូលទៅត្រួតពិនិត្យមើលបញ្ជីឈ្មោះមនុស្សដែលកូនៗរបស់ពួកគាត់បានភ្ជាប់ទំនាក់ទំនងជាមួយ និងមើលថា តើអ្នកទាំងនោះបើកអនឡាញនៅពេលណា ។
កម្មវិធីនេះមានរូបភាពតំណាងឲ្យម៉ាសការពារ រូប emoji ដ៏សម្បូរបែប និងសំឡេងនិមិត្តផ្សេងៗ នឹងធ្វើឲ្យការសន្ទនា មានភាពរស់រវើក ។ ក្រៅពីការជជែកជាវីដេអូទៅ ក្មេងៗក៏អាចផ្ញើរូបថត វីដេអូ ឬសារជាអក្សរ ទៅកាន់មិត្តភក្តិ របស់ពួកគេ ក៏ដូចជាផ្ញើសារចូលទៅកាន់កម្មវិធី Messenger ធម្មតា របស់អ៊ុំ ពូ មីង របស់ខ្លួនផងដែរ ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ។ មានកម្មវិធីសម្រាប់ក្មេងៗដ៏សម្បូរបែប ដូចជា GIF ស៊ុមរូបថត ស្ទីកឃើ ម៉ាសការពារ និងកម្មវិធី គូររូបផ្សេងៗនឹងអនុញ្ញាតឲ្យក្មេងៗ អាចបង្កើតមាតិកាជាច្រើន ក៏ដូចជាបង្ហាញពីការយល់ឃើញ របស់ពួកគេផងដែរ ។ Messenger Kids ផ្ដល់ជូនឪពុកម្តាយ នូវលទ្ធភាពកាន់តែច្រើន ដើម្បីគ្រប់គ្រងកូនៗ បញ្ជីមិត្តភក្តិរបស់កូនៗ ព្រមទាំងអាចចូលទៅពិនិត្យមើលថាតើកូនៗកំពុងតែប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើអ្វីខ្លះផងដែរ ។
លើសពីនេះទៅទៀត ឪពុកម្តាយក៏អាចគ្រប់គ្រងគណនី និងបញ្ជីមិត្តភក្តិរបស់កូនៗបានផងដែរ តាមរយៈប្រអប់ Messenger Kids Parent Dashboard នៅក្នុង Facebook ផ្ទាល់របស់ពួកគាត់តែម្ដង ដែលដំណើរការទាំងលើប្រព័ន្ធ iOS និង Android ហើយអាចទាញយកកម្មវិធី Messenger Kids ដើម្បីដំឡើងលើ iPad, iPod ឬទូរស័ព្ទ iPhone ពី App Store ៕
ចែករំលែកព័តមាននេះ