សាច់ញាតិ​រៀបពិធី​សែន​សុំ​ព្រលឹងមក​​វិញ


ខេត្តកំពត ៖ បុរស​ម្នាក់​ឈ្មោះណ​ន ខ្នា​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ឃ្លាំង ឃុំ​ភ្នំ​ប្រាសាទ ស្រុកកំពង់ត្រាច បាន​ជិះ​ម៉ូតូ​ដួល​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច តែ​ដោយ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ព្រោះ​ក្រ​ពេក​គ្រួសារ​ ក៏​នាំ​មក​ព្យាបាល​នៅ​ឯ​ផ្ទះ​វិញ​ទៅ​តាម​យថា​កម្ម ។

ជាមួយ​នេះ ដោយ​មានការ​ឈឺឆ្អាល​ពី​ក្រុម​សាច់ញាតិ ​និង​ចាស់ទុំ​ក្នុងភូមិ ជន​រង​គ្រោះ​ដែល​សន្លប់​ស្តូកស្តឹង​នោះ ​ត្រូវ​បាន​គេ​នាំ​ចេញពីផ្ទះ​ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២០ ខែមេ​សា យក​ទៅ​កាន់​កន្លែង​ដែល​គាត់​ជិះ​ម៉ូតូ​ដួល​នៅ​លើ​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​ខាងកើត​វត្ត​អង្គ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច​ជា​ថ្មី ។ ការ​នាំ​ជន​រង​គ្រោះ​ទៅ​កន្លែង​ដួល​ម៉ូតូ​នោះ គោលបំណង​គឺ​ដើម្បី​សុំ​ព្រលឹង​ពី​ខ្មោច​វិញ ព្រោះ​អ្នក​ភូមិ​យល់​ថា ដែល​សន្លប់​បែប​នេះ​ច្បាស់​ជា​គេ​ដក​យក​ព្រលឹង​គាត់​ទៅ​ហើយ ។

ពេល​ដឹក​ជន​រង​គ្រោះ​ទៅ​ដល់​កន្លែង​កើតហេតុ អ្នក​ភូមិ​និង​តា​អាចារ្យ​បាន​នាំ​គ្នា​សែនព្រេន​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី និង​អន្ទង​ហៅ​ព្រលឹង​ឈ្មោះ ណ​ន ខ្នា ឱ្យមក​វិញ បន្ទាប់​ពី​បាន​ដួល​ម៉ូតូ​សន្លប់​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ។ បើ​តាម​តា​អាចារ្យ​និង​ក្រុម​គ្រួសារ​និយាយថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​ទេ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច ទៅ​ដឹក​ម្ដាយ​នៅ​ឯ​ស្រុក​ឈូក ។

ប៉ុន្តែ​ទៅ​មិន​ទាន់​ចេញ​ផុត​ពី​ភូមិ​ផងស្រាប់តែ​ជួប​គ្រោះថ្នាក់​ដួល​ម៉ូតូ​បណ្ដាល​ឱ្យ​រងរបួស​ក្បាល​ធ្ងន់​តែ​ម្ដង និង​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច ប៉ុ​នែ្ត​ជន​រង​គ្រោះ​មិន​មាន​លទ្ធភាព​ថវិកា​ក្នុង​ការ​ព្យាបាល​ទើប​ក្រុម​គ្រួសារ​ដឹក​យក​មក​ផ្ទះ​វិញ ។

ទោះជា​យ៉ាងណា ក្រុម​គ្រួសា​មិន​ទទួលស្គាល់ថា​ជន​រង​គ្រោះ​របួសធ្ងន់​ទេ​និង​អះអាង​ថា​គ្រាន់តែ​វង្វេងវង្វាន់​និយាយ​មិនដឹង​ខុស​ត្រូវ ។ដោយសារ​តែ​បែប​នេះ​ទើប​ក្រុម​គ្រួសារ​ឪពុក​ម្ដាយ​ទៅ​រក​គ្រូ​ហោ​ឱ្យ​ទស្សន៍​ទាយ​មើល​និង​ដឹង​ថា​ឈ្មោះ ណ​ន ខ្នា ត្រូវ​ខ្មោច​ព្រាយ​យក​ព្រលឹង​ទៅ​បាត់​ហើយ ។

នៅ​ក្នុង​ជំនឿ​នេះ​ហើយ ទើប​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ក្រុម​គ្រួ​សារបាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​កន្លែង​ដួល​ម៉ូតូ និង​សែនព្រេន​ខ្មោច​ព្រាយ​ថែរក្សា​នៅ​វត្ត​អង្គ​សុរភី និង អន្ទង​សុំ​ព្រលឹង​ឈ្មោះ ណ​ន ខ្នា មក​វិញ ។ យ៉ាងណា​ក៏​ដោយ គ្រូពេទ្យ​និយាយ​ថា ស្ថានភាព​ជន​រង​គ្រោះ​ដែល​មាន​អាការ​វង្វេង​នេះ​មិនមែន​មក​ពី​ខ្មោច​ធ្វើ​ទេ គឺ​ជន​រង​គ្រោះ​របួស​ក្បាល​ធ្ងន់​ដែល​អាច​ប៉ះពាល់​ដល់​សរសៃប្រសាទ ៕

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ