ខេត្តបាត់ដំបង ៖ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរសុខាភិបាលខេត្ត បានប្រកាសពីភាពជោគជ័យរបស់ខ្លួន នៅលើសមរភូមិ«កូវីដ១៩» ក្រោយពីអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ម្នាក់ក្នុងចំណោម៨នាក់ ដែលនៅសេសសល់ចុងក្រោយគេ បានជាសះល្បើយជាស្ថាពរ នៅព្រឹកថ្ងៃទី២០ មេសា នេះ ខណៈពលករជិត៣០០នាក់ ដែលបានធ្វើតេស្ដរួចជាបន្តបន្ទាប់ និងទទូលបានលទ្ធផល«អវិជ្ជមាន»ផងដែរ ។ 

ប្រធានមន្ទីរសុខាភិបាលខេត្ត លោក វឿង ប៊ុនរេត បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ មេសា នេះថា «អ្នកជំងឺកូវីដ១៩ ដែលបានឆ្លងចំនួន០៨នាក់នៅខេត្តបាត់ដំបង បានទទួលការព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយចុងក្រោយនៅសល់ម្នាក់ តែគិតមកដល់ត្រឹមថ្ងៃទី២០ មេសា នេះ អ្នកជំងឺរូបនេះបានជាសះស្បើយជាស្ថាពរហើយ ។ ដូច្នេះ គ្មាននៅសេសសល់អ្នកជំងឺណាម្នាក់ទេ» ។ មេបញ្ជាការជួរមុខនៃសមរភូមិកូវីដ១៩រូបនេះ បានប្រាប់បន្ថែមថា រហូតមកដល់ពេលនេះ គ្មានក្រុមគ្រូពេទ្យជួរមុខ រកមិនឃើញមានអ្នកឆ្លងមេរោគដ៏កំណាចនេះថ្មីទៀតទេ បើទោះជាយើងបានធ្វើតេស្ដទៅលើពលកររាប់រយនាក់រួចហើយ និងកំពុងធ្វើជាប្រចាំរាល់ថ្ងៃក្ដី ។
 
សូមបញ្ជាក់ដែរថា ក្រោយពីមានប្រជាពលរដ្ឋចំនួន០៨នាក់នៅខេត្តបាត់ដំបង ត្រូវគ្រូពេទ្យធ្វើតេស្ដរកឃើញថា មានឆ្លងនូវជំងឺកូវីដ១៩ថ្មី និងស្របពេលដែលមានពលករខ្មែររាប់ម៉ឺននាក់ បានចាកចេញពីប្រទេសនានា ជាពិសេសចេញពីប្រទេសថៃ វិលត្រឡប់ចូលមកកាន់ប្រទេសកំណើតវិញយ៉ាងតក់ក្រហល់ ដោយគ្មានការគ្រោងទុក ដែលនាំឲ្យមានក្ដីបារម្ភយ៉ាងខ្លាំងអំពីការឆ្លងរាលដាល នៃមេរោគកូវីដ១៩ថ្មីនេះ។

ដោយយោងលើសេចក្ដីប្រកាសចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការរៀបចំទីតាំងនៅតាមបណ្ដាខេត្ត និងរាជធានី ដើម្បីត្រៀមទប់ស្កាត់ការពារធ្វើតេស្ដ និងព្យាបាលអ្នកជំងឺកូវីដ១៩ថ្មីនេះ ទើបអាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្ត រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនផង បានសម្រេចច្រើសយក «វិទ្យាល័យព្រះមុនីវង្ស» នៅក្នុងក្រុងបាត់ដំបង ធ្វើជាទីតាំងត្រួតពិនិត្យ និងធ្វើតេស្ដរកជំងឺកូវីដ១៩ លើពលរដ្ឋ ឬពលករនានា និងបានជ្រើសរើសយកសណ្ឋាគារ«ផាក» ដែលមានជាង១០០បន្ទប់ សម្រាប់ជាទីកន្លែងផ្ទុកអ្នកដែលបានធ្វើតេស្ដរួច ហើយមានការសង្ស័យ«វិជ្ជមាន»។

លោក យស ពៅ ប្រធានចត្តាឡីស័កវិទ្យាល័យព្រះមុនីវង្ស បានថ្លែងប្រាប់កោះសន្តិភាពថា អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលបានជ្រើសយកវិទ្យាល័យព្រះមុនីវង្ស ធ្វើជា «មណ្ឌលត្រួតពិនិត្យសុខភាព» ដោយចាប់ដំណើរការ កាលពីថ្ងៃទី១០ មេសា រហូតមកដល់ពេលនេះ ។ ពោល គឺចាប់ផ្ដើមក្នុងអំឡុងពេលពលករខ្មែរ សម្រុកចាកចេញពីប្រទេសថៃ ត្រឡប់ចូលមកប្រទេសកំណើតខ្លួនវិញ និងស្របពេលមេរោគ«កូរ៉ូណាថ្មី» កំពុងរីករាលដាលខ្លាំង នៅក្នុងប្រទេសមួយចំនួន និងប្រទេសកម្ពុជាផង។ ប្រធានចត្តាឡីស័ក្តិរូបនេះបាននិយាយថា គិតចាប់តាំងពីថ្ងៃទី១០ ដល់១៩ មេសា នេះ គឺចំនួន៩ថ្ងៃគត់ យើងបានត្រូវពិនិត្យនិងធ្វើតេស្ដលើពលករខ្មែរ ដែលរស់នៅក្នុងខេត្តបាត់ដំបង បានចំនួន២៩៤នាក់ ក្នុងនោះ ស្ត្រីមានចំនួន១២០នាក់ តែ«អវិជ្ជមាន»ទាំងអស់។

ប៉ុន្តែគ្រួពេទ្យប្រធានក្រុមជួរមុខរូបនេះបានប្រាប់ថា បច្ចុប្បន្ន ក្រុមគ្រួពេទ្យជំនាញ ត្រូវបានដាក់ប្រចាំការតាមច្រកអន្តរជាតិនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ពិសេសប្រចាំច្រកទ្វារអន្តរជាតិ«ដូង»ស្រុក
កំរៀងតែម្ដង ។ លោកថា ក្រុមគ្រួពេទ្យប្រចាំច្រកទ្វារព្រំដែនសំខាន់ៗទាំងនោះ សុទ្ធតែមានបំពាក់ម៉ាស៊ីន
វិជ្ជសាស្ត្រ ដើម្បីចាំត្រូតពិនិត្យសុខភាព និងធ្វើតេស្ដជាលើកទី១ មុនពេលបញ្ជូនបន្តមកកាន់«មណ្ឌលត្រូតពិនិត្យសុខភាព» វិទ្យាល័យព្រះមុនីវង្ស ក្នុងក្រុងបាត់ដំបង ដើម្បីពិនិត្យលើកទី២ទៀត។

លោកយស ពៅ បានឲ្យដឹងទៀតថា ចំពោះពលករដែលបានធ្វើតេស្ដរួច លទ្ធផល«អវិជ្ជមាន» យើងនឹងបញ្ជូនទៅតាមបណ្ដាមូលដ្ឋានដែលពួកគេរស់នៅ តែតម្រូវឲ្យពួកគេបន្តស្នាក់នៅដាច់ដោយឡែក តាមផ្ទះចំនួន១៤ថ្ងៃ ក្រោមការតាមដាននិងត្រូតពិនិត្យសុខភាពយ៉ាងដិតដល់ពីគ្រូពេទ្យនៅតាមមណ្ឌលសុខភាព។ ដោយឡែក ចំពោះពលករទាំងឡាយណា ដែលធ្វើតេស្ដហើយមានការសង្ស័យ.. យើងនឹងបញ្ជូនគាត់ទៅដាក់ឲ្យស្នាក់នៅបណ្ដោះអាសន្នក្នុងបន្ទប់សណ្ឋាគារ «ផាក» ដើម្បីរងចាំទទូលលទ្ធផលពីក្រសួងសុខាភិបាល ។ ប៉ុន្តែបើរកឃើញថា «អវិជ្ជមាន» យើងនឹងបញ្ជូនទៅកាន់មូលដ្ឋាន និងតម្រូវដាក់គាត់ឲ្យនៅដោយឡែក ក្រោមការតាមដានរបស់គ្រួពេទ្យដូចគ្នា ។ ប៉ុន្តែរហូតដល់ពេលនេះ មិនរកឃើញមានអ្នកជំងឺថ្មីទេ តែយើងនៅតែបន្តរងចាំត្រូតពិនិត្យ និងធ្វើតេស្ដលើពលករ និងពលរដ្ឋដដែល។

ពាក់ព័ន្ធនឹងចំនួនពលករខ្មែរ ដែលកំពុងបន្តចាកចេញពីប្រទេសនានា ជាពិសេស ពីប្រទេសថៃវិលត្រឡប់ចូលប្រទេសកំណើតខ្លួនវិញជាបន្តបន្ទាប់នៅពេលនេះ បើយោងលើរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត ដែលកោះសន្តិភាពទទូលបាន សម្រាប់ខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១៩ មេសា ២០២០ គឺមានពលករប្រមាណជាង១៥,៨២០នាក់ បានមកដល់ស្រុកកំណើត ហើយពួកគេកំពុងស្នាក់នៅតាមមូលដ្ឋានរៀងៗ
ខ្លួន ។ នៅក្នុងរបាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា ក្នុងចំនួននេះ សព្វថ្ងៃមានពលករចំនួន១៤នាក់ ត្រូវបានគ្រូពេទ្យរៀបចំដាក់ដោយឡែកនៅតាមមូលដ្ឋាន រីឯចំនួនជាង១៨០នាក់ទៀត ពួកគេបានស្ម័គចិត្តដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ (ដាច់ពីក្រុមគ្រួសារ) ព្រោះពួកគាត់មានការសង្ស័យលើខ្លួនឯង ហើយខ្លាចឆ្លងដល់ក្រុមគ្រួសារឬអ្នកដទៃ តែស្ថិតក្រោមការតាមដានត្រូតពិនិត្យពីក្រុមគ្រូពេទ្យនៅតាមណ្ឌលសសុខភាពដូចគ្នា។

ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវឿង ប៊ុនរេត បានមានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ពេលនេះ យើងមិនបានរកឃើញអ្នកឆ្លងមេរោគថ្មីទៀតទេ រីឯអ្នកជំងឺកូវីដ១៩ចំនួន០៨នាក់ ក៏បានជាសះស្បើយអស់ហើយដែរ តែយើងនៅតែបន្តប្រឹងប្រែងស្វែងរុករកសត្រូវកូវីដ១៩នេះទៀត មិនបន្ធូរដៃឡើយ។ លោកវឿង ប៊ុនរេត បានសរសេរសំណេរប៉ុន្មានពាក្យ ប្រកាសប្រាប់មហាជនជាសាធារណៈតាមបណ្ដាញសង្គមរបស់លោក ដែលពិព័ណ៌នាអំពីភាពជោគជ័យរបស់ក្រុមគ្រូពេទ្យនៅលើសមរភូមិកូវីដ១៩នេះ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «សមរភូមិកូវីដ១៩ ថ្ងៃស្អែក ២០ មេសា ២០២០ ខេត្តបាត់ដំបង គឺជាថ្ងៃប្រកាសជោគជ័យលើកដំបូង យុទ្ធមិត្តសុខាភិបាលនឹងបន្តរុករកសត្រូវបន្តទៀត សូមអាជ្ញាធរ និង ប្រជាពលរដ្ឋចូលរួមសហការ»។







                        
			         
				
ចែករំលែកព័តមាននេះ