រាជធានីភ្នំពេញ ៖ រឿងហេតុមួយ ដែលសឹងមិនគួរឱ្យកើតមានឡើងរវាងឪពុកបង្កើតនិងកូនស្រី ហើយក៏ត្រូវបានបែកធ្លាយរហូតមានចុះឃាត់ខ្លួនឪពុករូបនេះតែម្តង ក្រោយពីកូនប្រសាប្រុសបានស្តាប់ឆាតហ្វេសបុករបស់ប្រពន្ធខ្លួនហើយ ។
ពាក់ព័ន្ធរឿងនេះ គឺបុរសម្នាក់ (ឪពុក) បានដើរចូលទៅកាន់បន្ទប់កូនស្រីបង្កើតរបស់ខ្លូនម្នាក់ ដែលនាងមានប្ដីរួចទៅហើយ លុះពេលចូលទៅដល់ឃើញនាងកំពុងដេកចុចទូរស័ព្ទម្នាក់ឯង ក៏បាននិយាយលួងលោមសុំកូនស្រីរួមមេត្រី ប៉ុន្តែត្រូវនាងប្រកែកមិនព្រមឡើយ ព្រោះវាប្រៀបដូចជាសត្វតិរច្ឆាន ។ បន្ទាប់មក បុរសជាឪពុករូបនេះបាននិយាយថា «បើមិនឲ្យប៉ា ក៏ប៉ាត្រូវតែធ្វើដែរ ទោះបីជាប់គុកឬខ្មាសគេក៏ដោយ» រួចក៏បានធ្វើសកម្មភាពចាប់នាងរំលោភបានសម្រេចជាបន្តបន្ទាប់រហូត២ដង ។
ក្រោយមក នាងបានចាកចេញទៅនៅផ្ទះខាងប្ដី ស្រាប់តែបុរសជាឪពុកចិត្តជាសត្វនេះ បានផ្ញើសារជាសំឡេងតាមឆាតក្នុងបណ្ដាញសង្គមហ្វេសប៊ុកទៅកាន់កូនស្រីថា «កូនឯងទៅដេកផ្ទះប្តីមួយអាទិត្យ ហើយឲ្យប៉ាមួយអាទិត្យបានតែមួយដង» ។ ខណៈនោះ ត្រូវបានប្ដីនាងបានឆែកឃើញនិងស្ដាប់ឮ ក៏បានសួរនាំប្រពន្ធខ្លួនរហូតបែកធ្លាយរឿងអាស្រូវ ទើបប្ដឹងឲ្យនគរបាលខណ្ឌដង្កោចាប់ខ្លួនឪពុកតិរច្ឆាននេះ សាកសួរ និងចាត់ការតាមច្បាប់តែម្ដង ។
ការចាប់ខ្លួនបុរសជាឪពុករូបនោះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសជាឪពុកដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងនោះឈ្មោះ ហម សំអាត អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះគ្មានលេខខាងលើ ចំណែកកូនស្រី អាយុ១៥ឆ្នាំ តែមានប្ដីរួចទៅហើយ ។
តាមពាក្យបណ្ដឹងរបស់នាងជាកូនស្រីបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២ថ្ងៃត្រង់ ខណៈពេលដែលម្ដាយនិងប្ដីរបស់នាងមិននៅផ្ទះ នាងកំពុងតែដេកចុចទូរស័ព្ទលេងនៅក្នុងបន្ទប់ម្នាក់ឯង ឪពុករូបនេះ បានដើរចូលមកក្នុងផ្ទះរួចបើកទ្វារចូលក្នុងបន្ទប់របស់នាង ហើយនិយាយលួងលោមប៉ងរួមរ័កជាមួយនាងថា«ប៉ាសុំដេក(រួមភេទ)ជាមួយកូនឯង» ។ ពេលត្រូវឪពុកនិយាយបែបនេះ នាងបានបដិសេធថា «ខ្ញុំមិនដេកជាមួយប៉ាទេ» ស្រាប់តែឪពុកបានស្រែកគំរាមនាងថា «បើមិនឲ្យប៉ា ក៏ប៉ាត្រូវតែធ្វើដែរ ទោះបីជាប់គុកឬខ្មាសគេក៏ដោយ» លុះពេលត្រូវឪពុកគម្រាមបែបនេះ នាងលែងហ៊ានតបតហើយក៏នៅស្ងៀមបណ្តោយឲ្យឪពុករំលោភរហូតបានសម្រេចតែម្ដង ។ លុះក្រោយមកនាងក៏មិនហ៊ានយករឿងនេះទៅប្រាប់ម្ដាយឬប្ដីឲ្យដឹងទេសុខចិត្តបៀមទុក្ខ ។
ប្រភពដដែលបានបន្តថា លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៤និង៥នាទីល្ងាច ខណៈនាងកំពុងតែឈរលេងនៅក្បែរផ្ទះ ស្រាប់តែឪពុករូបនេះ បានហៅឲ្យនាងចូលក្នុងផ្ទះ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច១លើកទៀត រួចហើយគម្រាមមិនឲ្យនាងនិយាយរឿងរ៉ាវខាងលើប្រាប់ម្តាយនិងប្តីរបស់នាងឱ្យដឹងឡើយ ។ ក្រោយមក ដោយសារតែខ្លាចឪពុករំលោភបន្តទៀត នាងបានសម្រេចចាកចេញទៅរស់នៅផ្ទះខាងប្តីនិងឪពុកម្ដាយក្មេកស្ថិតនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោវិញ ។
ចំណែកបុរសជាឪពុកបង្កើតបានព្យាយាមផ្ញើសារជាសំឡេងតាមឆាតបណ្ដាញសង្គមទៅកាន់ទូរស័ព្ទកូនស្រីថា«កូនឯងទៅដេកផ្ទះប្តីមួយអាទិត្យ ហើយឲ្យប៉ាមួយអាទិត្យបានតែមួយដង» ។ ពេលនោះ កូនប្រសាប្រុស ឃើញទូរស័ព្ទប្រពន្ធលោតសំឡេងសារក៏មានការសង្ស័យ ក៏ បានយកទូរស័ព្ទឆែកមើលឃើញនិងចុចស្ដាប់ឮ សំឡេងឪពុកក្មេកនិយាយដាក់ប្រពន្ធខ្លួនបែបនេះ ក៏បានសួរនាំប្រពន្ធទើបដឹងរឿងពិត រួចក៏នាំគ្នាទៅដាក់ពាក្យប្ដឹងសុំការអន្តរាគមន៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ។
ក្រោយមក ដោយមានបញ្ជាពីលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃ ខែ ឆ្នាំដដែល កម្លាំងនគរបាលប៉ុស្តិ៍ខាងលើ និងនគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវនិងទៅឃាត់ខ្លួនជនសង្ស័យខាងលើដល់ផ្ទះ រួចហើយនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ