ខេត្តកណ្តាល ៖ មានករណីបាញ់ប្រហារមួយនៅកោះឧកញ៉ាតី ដោយខ្មាន់កាំភ្លើងជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់បុរសម្នាក់ ត្រូវជាប្អូនថ្លៃរបស់ខ្លួន រួចរត់គេចខ្លួនបាត់ ។
ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅម៉ោង១៨ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ កោះឧកញ៉ាតី ។
ចំណែកឯ ជនដៃដល់ជាខ្មាន់កាំភ្លើង បានរត់គេចខ្លួន មានឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល បាក់ខែង មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាបងថ្លៃជនរងគ្រោះ ។
បើតាមសាក្សី នៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្លោះគ្នាជាមួយប្រពន្ធខ្លួន មានឈ្មោះ គង់ សុខជា ពេលនោះ ជនសង្ស័យ បានយកអាវុធខ្លី មិនស្គាល់ម៉ាក មកភ្ជង់ប្រពន្ធខ្លួន ទើបជនរងគ្រោះចេញមកឃាត់ដោយនិយាយថា ចាំបាច់យកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី ? និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅលើជនរងគ្រោះ០១គ្រាប់ ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយធ្វើសកម្មភាពបាញ់ប្រហារហើយ ជនសង្ស័យបាន
យកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាង ជិះគេចខ្លួនបាត់ ដោយបន្សល់ទុក ស្រោមកាំភ្លើងខ្លី មួយ និងសំបកគ្រាប់ម៉ាក k59 ចំនួន០១គ្រាប់នៅកន្លែងកើតហេតុ ។
បន្ទាប់ពីមានករណីនេះកើតឡើងភ្លាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងឆ្លងសាឡាង ទាំងយប់ចុះពិនិត្យកន្លែងកើតហេតុផ្ទាល់ ផងដែរ ។ ករណីនេះ កម្លាំងប៉ុស្តិ៍ កម្លាំង អធិការដ្ឋាន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត និងការិយាល័យបច្ចេកទេសខេត្ត បានសហការស្រាវជ្រាវស្វែងរកចាប់ជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ