ប្តីប្រពន្ធចំណាស់មួយគូពេលឡើងគ្រែរៀបដេកស្រាប់តែយាយនឹកឃើញនិយាយ ៖
-ឧបមាថា ថ្ងៃណាមួយមានហេតុការណ៍អាក្រក់កើតឡើងធ្វើឱ្យយើងទាំងពីរនាក់ត្រូវបង្ខំចិត្តចែកផ្លូវគ្នានោះ…
-តើយ៉ាងម៉េច?
-គឺតុធំហូបបាយរាល់ថ្ងៃជាចំណែករបស់ខ្ញុំ។
-អើ យកចុះ!
-ទូខោអាវក៏អុីចឹងដែរ។
-មានអី, យកទៀតចុះ។
-ចំណែកម៉ាស៊ីនដេរ និងនាឡិកាប៉ោលលើជញ្ជាំង សុទ្ធរបស់ដែលខ្ញុំចេញលុយទិញ ពេលបងអត់ការងារធ្វើរាប់ឆ្នាំ…បងនឹកឃើញទេ?
-ខ្ញុំមានទៅថាអី។
-នៅទៀត, គ្រឿងសាឡុងជារបស់កេរឪពុកខ្ញុំចែកឱ្យពេលយើងរៀបការ អញ្ចឹងវាក៏ត្រូវបានមកខ្ញុំដែរ ។
-តាមសប្បាយ!
-ចំណែក…
-យាយទើបតែនិយាយដល់ត្រឹមនេះ តាស្រមុកដេកលក់បាត់។ ពាក់កណ្តាលអធ្រាត្រស្រាប់តែមានស្នូររុករើស្រាលៗ នៅក្នុងបន្ទប់ទទួលភ្ញៀវ។ យាយម្នីម្នាងើបឡើងអង្រួនតា ៈ
-បង…ក្រោក…ដូចជាមានចោរចូលផ្ទះ។
លោកតាឆ្លើយទាំងសំឡេងងងុយដេក ៈ
-ចោរយកអីយកទៅ…ខ្ញុំអត់មានរបស់អីផង បានអីត្រូវបាត់ ៕
ចែករំលែកព័តមាននេះ