ខេត្តកំពត ៖ ខណៈជំងឺកូវីដ១៩កំពុងរីករាលដាល ត្រូវបានក្រសួងសុខាភិបាលប្រកាសឲ្យគ្រប់ក្រសួងស្ថាបន័ទាំងរដ្ឋនិងឯកជនមានការប្រុងប្រយ័ត្នចំពោះមេរោគដ៏កាចសាហាវពុំធ្លាប់មាននេះ ដែលអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានដោយងាយបំផុតនោះ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានប្រកាសផ្សព្វផ្សាយជាផ្លូវការឲ្យបិទផ្អាកជាបណ្តោះអាសន្ននូវក្លឹបកំសាន្ត ភោជនីយដ្ឋាន ហាងខារ៉ាអូខេ និងកន្លែងជួបជុំមនុស្សច្រើន។
ដោយឡែកខេត្តកំពត ទោះបីមិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ដូចក្នុងរាជធានីនិងតាមបណ្តាខេត្តនានាមួយចំនួននៅទូទាំងប្រទេសក្តី ក៏ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការប្រុងប្រយ័ត្នជានិច្ច ជាក់ស្តែងកន្លែងកំសាន្តនានានៅក្នុងខេត្ត ដូចជាសណ្ឋាគារ ក្លឹបកំសាន្ត បៀហ្គាឌិន ភោជនីយដ្ឋានលក់ម្ហូបអាហារ និងហាងខារ៉ាអូខេផងដែរត្រូវបានបិទ ។
ក្រោយពីក្រសួងសុខាភិបាលបានប្រកាសឲ្យមានការប្រុងប្រយត្ន័ និងការពារជំងឺឆ្លងប្រភេទនេះ គឺកន្លែងក្លឹបកំសាន្តនិងកន្លែងមនុស្សជួបជុំប្រមូលផ្តុំគ្នាច្រើនដែលពីមុនមកធ្លាប់មានមនុស្សម្នាច្រើន តែពេលនេះបានស្ងាត់ជ្រងំ គ្មានមនុស្សមកជួបជុំគ្នាដើម្បីកំសាន្តអារម្មណ៍ដូចមុនទៀតនោះទេ។
ម្ចាស់ហាងភោជនីយដ្ឋានមួយកន្លែងបានប្រាប់កោះសន្តិភាពថា មុនមានការផ្ទុះវីរុសកូវីដ១៩ ហើយក្រសួងសុខាភិបាលក៏ពុំទាន់មានការផ្សព្វផ្សាយពីការប្រុងប្រយ័ត្ន និងការពារ ឆ្លងនៃមេរោគប្រភេទនេះ គឺហាងភោជនីយដ្ឋានរបស់គាត់មានភ្ញៀវចូលហូបយ៉ាងច្រើនកុះករ យ៉ាងតិចបំផុតក៏៦ទៅ៨តុដែរ តែពេលឥឡូវនេះក្រោយពីមានការផ្សព្វផ្សាយឲ្យមានការប្រុងប្រយត្ន័ពីករណីជំងឺឆ្លងកូវីដ១៩មក ហាងរបស់លោកបាត់ភ្ញៀវអស់តែម្តង ដោយសារគេខ្លាចឆ្លងមេរោគប្រភេទនេះ។ ប៉ុន្តែនៅមានភ្ញៀវកុម្មង់ម្ហូបមួយថ្ងៃ៤ទៅ៥មុខ ចំអិនរួចដឹកទៅឲ្យដល់ផ្ទះ ដែលគេហូបជាលក្ខណ:គ្រួសារនៅតាមផ្ទះ ប៉ុន្តែមិនបានរាល់ថ្ងៃនោះទេ។
ដោយឡែក ទិដ្ឋភាពជារួមនៅតាមរមណីយដ្ឋានកន្លែងកំសាន្តនានា ប៉ុន្មានថ្ងៃមុនរាជរដ្ឋាភិបាលប្រកាសបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយសំរាប់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកលេងកំសាន្តនៅក្នុងខេត្តនេះក៏ហាក់ដូចជាស្ងាត់ស្ងៀមផងដែរ។
កន្លែងដែលភ្ញៀវទេសចរណ៍មកលេងកំសាន្តគឺគ្មានការហាមឃាត់នោះទេ ប៉ុន្តែភ្ញៀវទាំងក្នុងស្រុកនិងក្រៅស្រុកមិនហ៊ានមកលេងតាមរមណីដ្ឋាននានាឡើយ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ ។ ដូច្នេះកន្លែងកំសាន្ត តាមតំបន់រមណីយដ្ឋាននានា គឺគ្មានភ្ញៀវមកកំសាន្តនោះទេ។
រីឯទិដ្ឋភាពអាជីវករនិងអ្នកចូលផ្សារសាមគ្គីទីរួមខេត្តវិញ នាប៉ុន្មានថ្ងៃមុនរហូតមកដល់ពេលនេះគឺប្រជាពលរដ្ឋមកពីតាមមូលដ្ឋានភូមិឃុំចូលផ្សារច្រើនជាងកន្លះខែមុន រីឯតម្លៃម្ហូបអាហារ ត្រីសាច់បន្លែបង្កាសព្វសារពើគឺតម្លៃនៅថេរដដែលមិនមានការចុះថ្លៃនោះទេ ជាពិសេសសាច់គោនិងសាច់ជ្រូក រីឯម្ហូបគ្រឿងសមុទ្រ ទោះដាច់ម៉ូយដែលធ្លាប់បោះឲ្យទៅតាមហាងក្តី ក៏តម្លៃនៅតែដូចមុនដដែល ។
ដោយឡែកសំរាប់កន្លែងកំសាន្ត បៀរហ្គាឌិន ហាងខារ៉ាអូខេ គឺបិទជាស្ថាពរ ដោយគ្មានហាងណាមួយបើកដំណើរការឡើយ រីឯនារីៗដែលប្រកបមុខរបរជាអ្នកបំរើភ្ញៀវតាមហាងបៀហ្គ្រាឌិន និងហាងខារ៉ាអូខេបានត្អូញត្អែរថា បើស្ថានភាពជំងឺកូវីដ១៩នៅអូសបន្លាយយូរទៅមុខទៀត ពួកគាត់ទាំងអស់គ្នាមិនដឹងបានលុយឯណាសងថ្លៃផ្ទះ, ស្បៀងអាហារនិងទឹកភ្លើងនោះទេ ហើយទៅស្រុកវិញក៏ទៅមិនបាន ពីព្រោះអាជ្ញាធរបានហាមមិនឲ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដោយសារតែទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ