រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងចំនួន៣គូបានត្រៀមខ្លួនរួចរាល់ដណ្ដើមប្រាក់លានក្នុងកម្មវិធីប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»នៅលើសង្វៀនស៊ីអិនស៊ីនាថ្ងៃសៅរ៍ទី១១ មេសា ខាងមុខនេះ ។ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថាតើប្រាក់លានសម្រាប់
សប្ដាហ៍នេះធ្លាក់ក្នុងកណ្ដាប់ដៃកីឡាកររូបណា?
តាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួត កីឡាករដែលត្រូវគេចាត់ទុកជាជើងខ្លាំងហើយត្រូវជួបគ្នានៅក្នុងសប្ដាហ៍នេះ មានកីឡាករវ័យក្មេងតាញ់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយកីឡាករជើងចាស់ ឃឹម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ កីឡាករ លី ភា មកពីក្លិបប៉ែនកាក់គុនខ្មែរ ប្រកួតជាមួយកីឡាករវ័យក្មេងកំពុងល្បីឈ្មោះ ម៉ឺន មេឃាមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងកីឡាករវង្ស វិឆ័យ មកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ ប្រកួតជាមួយកីឡាករនី សុភី មកពីក្លិបសាលវ័ន្តកីឡា។
រវាង តាញ់ មករា និងឃឹម បូរ៉ា អត់ដែលជួបគ្នាពីមុនមកទេ ប៉ុន្តែគូនេះមានបទពិសោធន៍ប្រកួតមិនដូចគ្នាឡើយ ។ តាញ់ មករា ជាអ្នកប្រដាល់ជើងថ្មី រីឯ ឃឹម បូរ៉ា ជាអ្នកប្រដាល់ជើងចាស់ ។ ទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ ឃឹម បូរ៉ា ក៏មិនហ៊ានមើលស្រាលលើតាញ់ មករា នោះដែរដោយសារអ្នកប្រដាល់មកពីក្លិបក្រសួងការពារជាតិម្នាក់នេះមានវិជ្ជាគុនមិនធម្មតា កម្លាំងក៏ខ្លាំងថែមទៀត។
ចំណែកលី ភា និងម៉ឺន មេឃា វិញ ទាំងវ័យល្បិចប្រយុទ្ធ និងកម្លាំងប្រហាក់ប្រហែលគ្នាអាចស៊ីសងគ្នាបាន៥ទឹកពេញ គ្រាន់តែមិនដឹងថាអ្នកណាមានសំណាងជាងក្នុងជំនួបនាពេលនេះ
ប៉ុណ្ណោះ។
មួយគូទៀតគឺជាការជួបគ្នារវាងវង្ស វិឆ័យនិងនី សុភី ដែលសុទ្ធតែជាអ្នកប្រដាល់ចាស់វស្សាដូចគ្នា និងមានស្នៀតប្រយុទ្ធល្អម្យ៉ាងម្នាក់។វង្ស វិឆ័យ ល្អស្នៀតជើងនិងស្នៀតកណ្ដាប់ដៃ រីឯនី សុភី ល្អស្នៀតកែងនិងជង្គង់ ដូច្នេះលទ្ធផលចាញ់ឈ្នះគ្មាននរណាហ៊ានព្យាករទុកមុនបានឡើយ មានតែរង់ចាំមើលការប្រកួតជាក់ស្ដែងតាមកញ្ចក់ទូរទស្សន៍ទាំងអស់គ្នាប៉ុណ្ណោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ