ខេត្តកណ្តាល ៖ ពោះវៀនជ្រូក ខូចគុណភាព ប្រមាណ៥តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រកឃើញ និងឃាត់ទុកបណ្តោះអាសន្ន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ។
មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល អមសាលាដំបូងខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីសាខាគយ និងរដ្ឋាករ មន្ត្រីបសុព្យាបាល អាជ្ញាធរដែនដី និងអធិការស្រុក បានចុះត្រួតពិនិត្យ ផលិតផលពោះវៀនជ្រូកមានទម្ងន់៥តោន ដែលផ្ទុកក្នុងកុងតឺណ័រចំនួន ០២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថាទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយមានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស ។
ដោយសង្កេតឃើញថា ផលិតផលទាំងនេះបានខូចគុណភាពពុំអាចយកមកប្រើប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកម្ទេចចោលតាមនីតិវិធី ។ ចំណែកម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៕
ចែករំលែកព័តមាននេះ