សន្យា​ចូល​ស្តីដណ្តឹង​ចៅស្រី ខ្ចី​ម៉ូតូ​ជីតា​យក​ទៅ​បាត់​អស់​២​គ្រឿង


ខេត្តកណ្តាល ៖ បុរស​កំហូច​ម្នាក់ មាន​ទាក់ទង​ស្នេហា​ជាមួយនឹង​នារី​ម្នាក់ រហូត​ដល់​មក​លេង​ដល់​ផ្ទះ​ខាង​ស្រី បាន​ជួប​មុខ​ចាស់ទុំ ថែម​ទាំង​សន្យា​ថា នឹង​ចូល​ស្តីដណ្តឹង​នាង ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង ក្រោយមក​ជនសង្ស័យ​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​របស់​ជីតា​សង្សារ​ខ្លួន យក​ទៅ​បាត់​អស់ ២​គ្រឿង ទីបំផុត​ជាប់​ខ្នោះ​សមត្ថកិច្ច ។

ក្រោយ​ពី​ទ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ​សាន់ ទាល់ ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​នេសាទ មាន​លំនៅ​ក្នុងភូមិ​ទួល​សង្កែ ឃុំ​កំពង់​កុង ស្រុក​កោះធំ សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ម៉ោង​១១​យប់ ថ្ងៃ​ទី​០៧ មីនា នៅ​ចំណុច​ភូមិ​ចាម​ក្រោម ស្រុក​កោះធំ ។

ជនសង្ស័យ​មានឈ្មោះ ហ្វា លី​គ្រី​យ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​មិន​ពិតប្រាកដ មាន​លំនៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូ​គ្រាង ស្រុក​សំបូរ ខេត្តក្រចេះ ។ សម្ភារ​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ត្បូង​ពណ៌​ចំនួន​៤​កញ្ចប់ និង​២​គ្រាប់​ធំ ។

បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ ហ្វា លី​គ្រី​យ៉ា រូប​នេះ​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ចៅស្រី របស់​ជន​រង​គ្រោះ មួយរ​យៈមក​ហើយ ហើយ​ធ្លាប់​បាន​មក​លេង​ផ្ទះ​ខាង​ស្រី ថែម​ទាំង​បាន​សន្យា​ថា នឹង​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ចូល​ស្តីដណ្តឹង​ចៅស្រី រៀប​ការ​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង ។

សមត្ថកិច្ច បន្ត​ថា បន្ទាប់​ពី​បាន​ស្គាល់គ្នា​មួយរ​យៈមក នៅ​ថ្ងៃ​ទី​២០ មីនា វេលា​ម៉ោង​ប្រមាណ​២​រសៀល ជនសង្ស័យ​ក៏​បាន​មក​សុំ​ទិញ​ម៉ូតូ​ពី​ជន​រង​គ្រោះ ជា​ជីតា​របស់​ចៅស្រី ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ហើយ​ជី​តាម ក៏​ព្រម​លក់​ឲ្យ​ក្នុង​តម្លៃ​៤០០​ដុល្លារ ពេល​នោះ ជនសង្ស័យ​ពុំ​បាន​ឲ្យ​ប្រាក់​ភ្លាម​ទេ ថែម​ទាំង​សុំ​ខ្ចីប្រាក់​ពី​ជីតា​វិញ ចំនួន​១០០​ដុល្លារ​ទៀត​ផង ។

រំលង​បាន​៤​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៤ មីនា ជនសង្ស័យ​ក៏​បាន​មក​ផ្ទះ​ជន​រង​គ្រោះ ហើយ​បាន​នាំ​យក​ត្បូង​ពណ៌​ខៀវ មក​ឲ្យ​ជីតា ទុក​លក់ ពេល​លក់​បាន​ប្រាក់ ចែក​គ្នា​ចាយ ហើយ​ជនសង្ស័យ​ក៏​នៅ​តែ ពុំ​បាន​សង​ប្រាក់​ថ្លៃ​ទិញ​ម៉ូតូ​ដល់​ជីតា​ដែរ ។

សមត្ថកិច្ច អោយ​ដឹង​បន្ថែម​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែមីនា ២០២០ ជនសង្ស័យ​ក៏​បាន​មក​សុំ​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ចំនួន​១​គ្រឿង​ទៀត ដោយ​បាន​ប្រាប់​ថា ជិះ​ទៅ​យក​ត្បូង យក​មក​ឲ្យ​លក់​បន្ថែម​ទៀត ហើយ​ជីតា​ក៏​ព្រម​ប្រគល់​ទៀត ដោយ​នឹង​ថា ជា​អនាគត​ចៅ​ប្រសា ។

សមត្ថកិច្ច បញ្ជាក់​ថា ស្អែក​ឡើង​ថ្ងៃ​ទី​២៧ ជនសង្ស័យ​ក៏​បាន​យក​ត្បូង​ពណ៌​ខៀវ ចំនួន​២​គ្រាប់ មក​ឲ្យ​ជន​រង​គ្រោះ​មែន តែ​ពុំ​បាន​យក​ម៉ូតូ​មក​ទេ ដោយ​ប្រាប់​ជីតា​នោះ​ថា ត្រូវ​គេ​វាយ​យក​ម៉ូតូ​នោះ​បាត់​ហើយ ។

ស្រាប់តែ​ជនសង្ស័យ បាន​មក​ផ្ទះ​សង្សារ​ខ្លួន ដែល​ជា​ចៅស្រី​ជន​រង​គ្រោះ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០ ហើយ​ពុំ​បាន​យក​ម៉ូតូ​មក​ទៀត ទើប​ជីតា ប្រាប់​ឲ្យ​បងប្អូន​កូនក្មួយ នាំ​គ្នា​ចាប់​ជនសង្ស័យ​ទុក និងរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ប្តឹង​ពី​បទ​ឆបោក​ម៉ូតូ ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ត្បូង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់កា​តាម​នីតិវិធី ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ