ខ្ញុំជានារីបម្រើការងារនៅហាងខារ៉ាអូខេមួយកន្លែងនៅក្នុងក្រុងភ្នំពេញ ។ មុនពេលដែលមាន វិបត្តិកូវីដ១៩ កើតឡើង ខ្ញុំអាចរកលុយបានច្រើនជារៀងរាលថ្ងៃនៅចន្លោះពី៥០ដុល្លារ ទៅ ២០០ ដុល្លារក្នុងមួយថ្ងៃ ។ វាជាការងារដែលស្រូលដោយគ្រាន់តែអង្គុយជិតភ្ញៀវ ដើម្បីកំដរពួកគាត់ច្រៀង រាំ និងផឹកស្រា។ ប៉ុន្តែពេលខ្លះ ខ្ញុំក៏ខឹងនឹងភ្ញៀវដែលមានការលូកលើលូកក្រោមផងដែរ ។ ប៉ុន្តែនិយាយដោយត្រង់ ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំយល់ថា វាជាការរកលុយបានស្រួល។ ពេលខ្លះខ្ញុំថែមទាំងគិតថា មនុស្សប្រុសល្ងង់ និងស្រួលបោកក៏មាន ។
ជាមួយនឹងចំណូលប្រមាណជា២០០០ ដុល្លារក្នុងមួយខែ ខ្ញុំបានចាយលុយនោះយ៉ាង សប្បាយរីករាយក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំចូលចិត្តទិញរបស់ប្រែនថ្លៃៗដូចជា សម្លៀកបំពាក់ ទូរស័ព្ទ និងទឹកអប់ជាដើម ។ ក្រៅពីនោះនៅពេលទំនេរខ្ញុំចូលចិត្តដើរលេងស៊ីផឹកជាមួយមិត្តភក្តិយ៉ាងហ៊ឺហារ ។
ខ្ញុំគិតថា ការរកលុយវាស្រួល។ ដូច្នេះ ខ្ញុំមិនបានគិតដល់ការសន្សំប្រាក់ទុកអ្វីឡើយ។ ខ្ញុំគិតថា ខ្លួននឹងអាចរកលុយបានរាល់ថ្ងៃ ដោយគ្រាន់តែអង្គុយកំដរមនុស្សប្រុសច្រៀង រាំ និងផឹកស្រា។
ពេលខ្លះម្តាយខ្ញុំបានទូរស័ព្ទមកពីខេត្តកំពង់ធំ ដើម្បីអោយជួយបញ្ជូនលុយអោយគាត់ប្រើប្រាស់ ខ្ញុំគ្មានលុយសល់នៅជាប់ខ្លួនក៏មានពីព្រោះខ្ញុំចាយលុយអស់ជ្រុល ។ ដូច្នេះ ខ្ញុំក៏ចងការប្រាក់គេហើយបង់រំលោះរាល់ថ្ងៃវិញក៏មាន ទោះបីជាគេយកការប្រាក់ខ្ពស់ដល់២០ភាគរយក៏ដោយ។ ខ្ញុំតែងតែអាងទៅលើប្រាក់ ចំណូលប្រចាំថ្ងៃរបស់ខ្ញុំ។
ខ្ញូំមិនដែលធ្លាប់គិតសោះថា ថ្ងៃណាមួយខ្ញុំនឹងរកលុយលែងបាន ដោយសារតែ ខ្ញុំគិត ថា រាល់ ថ្ងៃខ្ញុំរកលុយបានស្រួល។ ដរាបណាមនុស្សប្រុសនៅតែចូលចិត្តសប្បាយក្រៅផ្ទះ ខ្ញុំនឹងមិនពិបាក រកលុយឡើយ។ ដូច្នេះ ខ្ញុំមិនបានខ្វល់ថា នឹងមានអ្វីនឹងកើតឡើងឡើយចំពោះរឿងលុយកាក់នៅពេលអនាគត ។
ប៉ុន្តែ មួយរំពេចនោះ កូវីដ១៩បានឆ្លងចូលមកក្នុងប្រទេសកម្ពុជា។ វាធ្វើអោយមាន ការព្រួយបារម្ភ ទូទាំងប្រទេស។ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំស្លុតចិត្តនោះគឺនៅពេលដែលខ្ញុំបាន ដឹងថារដ្ឋាភិបាលសម្រេច បិទខារ៉ាអូខេទាំងអស់ ។
ការសម្រេចចិត្តនោះ គឺបានន័យថា ខ្ញុំបាត់បង់ការងារតែមួយគត់ដែលខ្ញុំអាចរកលុយបាននៅក្នុងទីក្រុងភ្នំពេញ។ ខ្ញុំចាប់ផ្តើមភ័យចំពោះជីវិតអនាគតរបស់ខ្ញុំ ពីព្រោះខ្ញុំរៀនបានតិចនិងមិនចេះ ធ្វើការងារអ្វីផ្សេងឡើយ។
ការចំណាយលុយទៅលើថ្លៃឈ្នួលផ្ទះ ទឹក ភ្លើង និង ការរស់នៅប្រចាំថ្ងៃបានធ្វើអោយ ខ្ញុំភ័យឡើងៗរាល់ថ្ងៃ ដោយសារលុយដែលខ្ញុំមានជាប់ខ្លួនកាន់តែជិតអស់ទៅៗ។ ខ្ញុំកំពុងគិតថាតើខ្ញុំ នឹង អាចរស់នៅភ្នំពេញបានមួយខែទៀតឬយ៉ាងណា ដោយសារពេលនេះខ្ញុំមានតែជាង២០០ ដុល្លារក្នុង ខ្លួនប៉ុណ្ណោះ។
តើខ្ញុំត្រូវទៅស្រុកវិញដើម្បីរស់នៅជាមួយម្តាយ និងប្អូនឬក៏ត្រូវរកការងារងាយៗមិនត្រូវការជំនាញដូចជាការរត់តុតាមហាង បើសិនជាពេលខ្ញុំអស់លុយ។ ប៉ុន្តែ ខ្ញុំចេះតែចោទសួរខ្លួនឯងថាតើខ្ញុំអាច ទ្រាំនឹង ការងាររត់ តុដែលបានលុយតិចនិងពិបាកដែរឬទេ? ឬមូយក៏ខ្ញុំត្រូវទៅស្រុកកំណើតវិញ?
និយាយតាមត្រង់ ខ្ញុំពិតជាមិនចង់ទៅស្រុកវិញទេ ពីព្រោះ ខ្ញុំមានអារម្មណ៍ខ្មាសគេឯង ហើយខ្ញុំក៏បានស៊ាំនឹងជីវិតនៅភ្នំពេញទៅហើយ។ ខ្ញុំពិតជាខ្លាចណាស់ នៅពេលដែលគិតដល់ពេលដាច់ខែ ពីព្រោះខ្ញុំអស់លុយហើយពេលនោះ។ តើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណា?
នឹកចុះនឹកឡើង ខ្ញុំសោកស្តាយដែលខ្ញុំមិនចេះគិតគូរពីអនាគត ហើយមិនចេះសន្សំ លុយ អោយ បានច្រើនសម្រាប់ការចាយវាយឬរកស៊ីនៅពេលអនាគត។ ខ្ញុំពិតជាសោកស្តាយ នឹង គំនិត ខ្ចីរបស់ ខ្លួនអំពីជីវិត។ ខ្ញុំមិនធ្លាប់គិតសោះថាពេលណាមួយជីវិតខ្ញុំលិចលង់បែបនេះ។ បើសិនជាខ្ញុំចេះសន្សំលុយ ខ្ញុំចេះគិតរករៀនមុខជំនាញណាមួយសម្រាប់អនាគត ខ្ញុំនឹងមិនទាល់ច្រកបែបនេះឡើយ។
មិត្តភក្តិ ខ្ញុំជាច្រើននាក់ក៏មានអារម្មណ៍បែបនេះ។ យើងយល់ថាខ្លួនឯងខុសនិងមិនចេះគិតវែងឆ្ងាយ។ ពេលខ្លាំង ខ្ញុំរលីងរលោងទឹកភ្នែកនៅពេលដែគិតថាតើគួរធ្វើម៉េចទៀតនៅពេលចុងខែនេះ នៅពេលដែល លែង មានលុយជាប់នឹងខ្លួន។
ខ្ញុំមានតែពាក្យស្តាយក្រោយនឹងជីវិតភ្លើតភ្លើននិងមិនចេះគិតគូរដល់អនាគត។ តែអ្វីៗហួសអស់ហើយ វាមិនអាចត្រឡប់ក្រោយបានឡើយ។ ខ្ញុំគ្រាន់តែបន់ស្រន់ថាអោយកូវីដ១៩អាច ចប់នៅស្រុកខ្មែរ បានឆាប់ហើយខ្ញុំអាចធ្វើការងារឡើយងវិញដើម្បីរស់៕
កំណត់សម្គាល់ ៖ អត្ថបទនេះត្រូវបានអ្នកនិពន្ឋសរសេរដោយផ្អែកទៅលើការរៀបរាប់របស់ នារី បម្រើការងារនៅហាងខារា៉អូខេម្នាក់ដែលបាត់បង់ការងារធ្វើហើយខ្វល់ខ្វាយខ្លាំងពីជីវិតអនាគត។
ចែករំលែកព័តមាននេះ