ការទប់ទល់នឹងវីរុសដែលបានរាតត្បាតស្ទើរតែគ្រប់កន្លែងលើពិភពលោកតម្រូវឲ្យមានការខិតខំប្រឹងប្រែងក្នុងផ្នែកជាច្រើន ។ ក្នុងចំណោមនោះ គឺមានការខិតខំប្រឹងប្រែងដើម្បីបង្កើតវ៉ាក់សាំងមួយដែលអាចទប់ស្កាត់ការរាតត្បាតនៃវីរុសនេះបាន ។
លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) មានបទពិសោធន៍មួយចំនួនដែរក្នុងផ្នែកនេះដោយមូលនិធិសប្បុរសធម៌របស់លោកជាមូលនិធិដែលធ្វើការលើការស្រាវជ្រាវ និងផលិតវ៉ាក់សាំងសម្រាប់ជម្ងឺឆ្លងផ្សេងៗ ។ក្រៅពីបទពិសោធន៍ហើយ លោកមានធនធានម្យ៉ាងទៀតដែលពិតជាសំខាន់ណាស់ក្នុងការទប់ទល់នឹងវីរុសនេះនោះ គឺការបរិច្ចាគលុយរាប់ប៊ីលានដុល្លារ ។ មកដល់ពេលនេះ លោកបានបរិច្ចាគជាច្រើនលើឧបករណ៍ធ្វើតេស្តទៅហើយ ។
ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រលើកម្មវិធី The Daily Show លោក ហ្គេតស៍ បានប្រកាសថាមូលនិធិរបស់លោកកំពុងតែផ្តល់ថវិកាលើការសាងសង់រោងចក្រជាច្រើនសម្រាប់វ៉ាក់សាំងចំនួន ៧ ដែលមានសង្ឃឹមខ្ពស់ជាងគេ ប៉ុន្តែចុងក្រោយមានតែវ៉ាក់សាំងមួយទេដែលនឹងត្រូវបានជ្រើសរើសក្នុងចំណោមនោះ ។ វាមានន័យថា លោកមានភាគរយកច្រើនណាស់ក្នុងការបរាជ័យ ហើយការបរាជ័យមួយៗនឹងធ្វើឲ្យលោកខាតបង់រាប់ប៊ីលានដុល្លារ ។ ប៉ុន្តែបើយោងទៅតាមលោក ហ្គេតស៍ បានឲ្យដឹងថា លោកដឹងច្បាស់ថាវាអាចនឹងធ្វើឲ្យលោកខាតបង់ច្រើន ប៉ុន្តែវានឹងជួយសន្សំសំចៃពេលវេលា ។
លោក ហ្គេតស៍ ថែមទាំងអះអាងថា ប៉ុន្មានប៊ីលានក្នុងពេលបច្ចុប្បន្ននេះអាចទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដែលអាចកាន់តែធ្ងន់ធ្ងរប្រសិនបើមានការពន្យាពេលបន្តទៅមុខទៀត ។ វាអាចជាមេរៀនដ៏ល្អមួយសម្រាប់មនុស្សដែលមានគោលបំណងចង់ក្លាយជាអ្នកមាននៅថ្ងៃមុខ ។
ជាក់ស្តែង មានវិធីជាច្រើនណាស់ដែលអាចជួយឲ្យអ្នករកលុយបាន តែក្នុងករណីខ្លះ វាតម្រូវឲ្យអ្នកមានភាពក្លាហានក្នុងការទទួលយកហានិភ័យដែលភ្ជាប់មកជាមួយឱកាសរកលុយ ។ ប្រាកដណាស់ ជម្រើសជាច្រើននឹងបរាជ័យ ប៉ុន្តែវាអាចជួយឲ្យអ្នកខិតកាន់តែជិតក្នុងការសម្រេចក្តីសុបិនរបស់អ្នកដែរ ៕
ចែករំលែកព័តមាននេះ